មានលុយប៉ុន្មាន ទើបអាចទិញ Rolls-Royce ការពារគ្រាប់ ប្រវែង៧ម៉ែត្រនេះបាន?

  • 2019-12-09 02:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនច្នៃរថយន្តដ៏ល្បីនៅអឺរ៉ុប Klassen បានដាក់បង្ហាញតម្លៃរថយន្ត Rolls-Royce Phanthom ប្រភេទតួវែង Limousine ដ៏ពិសេស ដែលអាចការពារគ្រាប់បានថែមទៀតផង។

គួរឲ្យដឹងថា រថយន្ត Phanthom ធម្មតាមានប្រវែង ៦ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣,៧ម៉ែត្រ ប៉ុន្តែ Phanthom Limousine របស់ Klassen ត្រូវបានបន្ថែមប្រវែងពីកង់មុខទៅកង់ក្រោយជាង ១ម៉ែត្រទៀត ឡើងដល់ ៤,៨ម៉ែត្រ ធ្វើឲ្យប្រវែងសរុបរបស់វាស្មើនឹង ៧ម៉ែត្រឯណោះ។

រឹតតែពិសេស Phanthom Limousine នេះមានពាក់អាវក្រោះការពារគ្រាប់កម្រិត B7 (អាចការពារគ្រាប់កាំភ្លើងវែង) និងគ្រាប់បែកផ្ទុះផងដែរ ដែលនឹងផ្តល់សុវត្ថិភាពដល់អ្នកដំណើរបានយ៉ាងល្អ។

ក្រៅពីមានតួខ្លួនវែងជាងមុន និងអាចការពារគ្រាប់ Klassen ក៏បានបន្ថែមមុខងារពិសេសជាច្រើនលើរថយន្ត Phanthom Limousine ខាងលើផងដែរ ដូចជា iMac Multimedia Center ជាមួយនឹង PC/Wi-Fi/CD/DVD, ប្រព័ន្ធសំឡេង Olufsen និង ប្រព័ន្ធភ្លើង Ambient Lighting ជាដើម។

សូមបញ្ជាក់ថា រថយន្តដ៏ប្រណីត និងផ្តល់សុវត្ថិភាពខ្ពស់នេះប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៣,៣លានដុល្លារ ហើយត្រូវចំណាយពេលរង់ចាំ ៦ខែ បន្ទាប់ពីកុម្ម៉ង់រួច៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង