Park Hang-seo ជា​នរណា?

  • 2019-12-11 04:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាល់​ទាត់​របស់​វៀតណាម​កំពុង​រីកមុខ​មាត់​ខ្លាំង​ឡើង​ៗ​ក្នុង​តំបន់​អាស៊ី ដោយ​សារ​បុរស​ម្នាក់​ឈ្មោះ​ថា Park Hang-seo។ តើ​បុរស​ម្នាក់​នេះ​មាន​ប្រវត្តិ​បែប​ណា និង​ជួយ​បាល់ទាត់​វៀតណាម​​​បាន​ពាន​អ្វី​ខ្លះ?

ប្រវត្តិ

Park Hang-seo កើត​នៅ​ថ្ងៃ​ទី ៤ ខែ មករា ឆ្នាំ ១៩៥៩ ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បច្ចុប្បន្ន​អាយុ​៦០​ឆ្នាំ។ សព្វថ្ងៃ​លោក​មាន​ភារកិច្ច​​​ដឹកនាំ​ជម្រើស​ជាតិ​ឈុត​ធំ​វៀតណាម និង U23 វៀណាម។

អាជីព​ជា​កីឡាករ

Park ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ U20 កូរ៉េខាងត្បូង ដែល​បាន​ឈ្នះ​ពាន AFC Youth Championship ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​ទី ៨ ខែ មីនា ឆ្នាំ ១០៨១ លោក​បាន​ចូល​លេង​ឲ្យ​ឈុត​ធំ​កូរ៉េខាងត្បូង​​ជា​លើក​ដំបូង​ ដោយ​កាល​នោះ​ជួយ​ក្រុម​ឈ្នះ​ជប៉ុន​១-០។

ក្នុង​អាជីព​ជា​កីឡាករ Park លេង​ឲ្យ​តែ​៣​ក្លឹប​គត់​គឺ Korea First Bank, ROK Army និង Lucky-Goldstar។ អំឡុង​ពេល​លេង​នៅ​ក្លឹប Lucky-Goldstar លោក​បាន​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក K League ឆ្នាំ​១៩៨៥។ ពេល​នោះ​លោក​ក៏​ជាប់​ឈ្មោះ​១១​នាក់​ឆ្នើម​បំផុត​ប្រចាំ​លីគ​ផង​ដែរ។

អាជីព​ជា​អ្នក​ដឹក​នាំ

បុរស​វ័យ​៦០​ឆ្នាំ​រូប​នេះ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ដឹក​នាំ។ ឆ្នាំ​២០០០ លោក​ធ្លាប់​កាន់​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​របស់​ជម្រើស​ជាតិ​កូរ៉េខាង​ត្បូង។ សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ឆ្នាំ​២០០២ លោក​ជួយ U23 ​កូរ៉េខាង​ត្បូង​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍ Asian Games។ នៅ​មាន​ក្លឹប​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូងជា​ច្រើន​ទៀត​ដូច​ជា Chunnam Dragons, Sangju Sangmu និង Changwon City សុទ្ធ​តែ​ Park ធ្លាប់​ដឹក​នាំ។

ជោគជ័យ​ជាមួយ​ជម្រើស​ជាតិ​វៀតណាម

ថ្ងៃ​ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ Park Hang-seo ត្រូវ​បាន​តែងតាំង​ជា​គ្រូ​របស់​ជម្រើស​ជាតិ​វៀតណាម។ សមិទ្ធផល​ដែល​លោក​ធ្លាប់​ធ្វើ​បាន​៖

  • ជួយ U23 វៀតណាម​ឡើង​ផ្ដាច់ព្រ័ត្រ AFC U-23 Championship ឆ្នាំ​២០១៨ តែ​ពេល​នោះ​បាន​ត្រឹម​លេខ​២​ ចាញ់​អ៊ូបេគីស្ថាន។ នេះ​​ជា​ការ​ឡើង​ផ្ដាច់ព្រ័ត្រ​របស់​វៀតណាម​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​នៅ AFC។ ​

  • នៅ Asian Games 2018 ក្រុម U23 វៀតណាម​​ដដែល​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥៦​ឆ្នាំ។

  • ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ លោក​បាន​ជួយ​វៀតណាម​ឈុត​ធំ​ឈ្នះ​ពាន AFF Championship ក្រោយ​យក​ឈ្នះ​ម៉ាឡេស៊ី។

  • ពាន AFC Asian Cup 2019 វៀតណាម​បាន​ឡើង​ដល់​វគ្គ​​៨​ក្រុម​ចុងក្រោយ​ តែ​ត្រូវ​បាន​ជប៉ុន​ទម្លាក់​ត្រឹម​លទ្ធផល ១-០។

  • ថ្មី​កន្លង​ទៅ Park នាំ​ U22 វៀតណាម​បាន​មេដាយ​មាស​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ជា​​លើក​ដំបូង បញ្ចប់​កំណត់ត្រា​មិន​ដែល​ឈ្នះ​៦០​ឆ្នាំ៕ ​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ