ប្រដាល់​ដែល​ជា​ក្ដី​សង្ឃឹម​របស់​ NOCC​ ក្នុង​ស៊ីហ្គេម​ ២០១៩​ ចុង​ក្រោយ​សូម្បី​មេដាយ​ប្រាក់​ក៏​មិន​បាន​ផង​

  • 2019-12-13 04:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រដាល់​គុន​ខ្មែរ​ដែល​ជា​កីឡា​ពេញ​និយម​នៅ​ក្នុង​ស្រុក​ និង​ជា​ប្រភេទ​កីឡា​ប្រពៃណី​ផង​នោះ​ ស៊ីហ្គេម​ ២០១៩​ នេះ​យ៉ាប់​ជាង​ឆ្នាំ​២០១៧​ ទៅ​ទៀត​ខណៈ​ការ​ប្រកួត​បញ្ចប់​ផ្លូវការ​សូម្បី​មេដាយ​ប្រាក់​ក៏​មិន​បាន​ផង។​

រូបភាព Cambodia SEA GAMES 2023

មុន​ការ​ប្រកួត​ស៊ីហ្គេម​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ មក​ដល់​ គឺ​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឬ​ហៅ​ថា​ NOCC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ដាក់​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ចូលជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​ក្នុង​ចំណោម​កីឡា​៧-៨​ប្រភេទ​ផ្សេង​ទៀត​ ថា​នឹងអាច​ឈាន​ដល់​កម្រិត​មេដាយ​មាស​ផង។​ ណាមួយប្រភេទ​កីឡា​នេះ​ធ្លាប់ឈ្នះមេដាយមាស ប្រាក់ រួចមក​ហើយ។​ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​នេះ​គឺ​មិន​បាន​សម្រេច​បំណង​ឡើយ​ ពោល​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ស្រុក​មួយ​នេះ​បាន​ត្រឹម​ស្ពាយ​មេដាយ​សំរឹទ្ធ​មក​ស្រុក​វិញ​ប៉ុណ្ណោះ។​ ខណៈ​ដែរ​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី២៩​ ឯ​ប្រទេស​ម៉ាឡេស៊ី​ ឆ្នាំ​២០១៧​ ប្រភេទ​កីឡា​ប្រពៃណី​មួយ​នេះ​ឈ្នះ​មេដាយ​៤គ្រឿង​រួច​មក​ហើយ​ មាន​មាស១​ ប្រាក់១​ និង​សំរឹទ្ធ២។​

រូបភាព Cambodia SEA GAMES 2023

មិន​ត្រឹម​តែ​ខក​បំណង​ពី​សំណាក់​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​នោះ​ទេ​ ពោល​សូម្បី​តែ​អ្នក​គាំទ្រ​វិញ​ម្នាក់​ៗ​ក៏​បាក់​ទឹក​ចិត្ត​ និង​អស់​ជំនឿ​បណ្ដើរៗ​លើ​ប្រភេទ​កីឡា​មួយ​នេះ​ផង​ដែរ​។ ដោយ​សារ​តែ​ការ​ចាញ់​មិន​ឈប់​មិន​ឈរ​ជា​ពិសេស​ក្នុង​កម្មវិធី​ប្រដាល់​ធំៗ។​ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត​តូច​ធំ​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​នោះ​ទេ​ អ្នក​គាំទ្រ​តែងតែ​តាមដាន​ជា​ជានិច្ចកាល​មិន​ឲ្យ​ហួស​ឡើយ​ ជាក់ស្ដែង​ដូច​ជា​កម្មវិធី​ Super Champ MX ONE WLC Thai Fight​ និង​ស៊ីហ្គេម​ នេះ​ជា​ដើម​ ប៉ុន្តែ​អ្វី​ដែល​បាន​មក​វិញ​នោះ​គឺ​ភាគច្រើន​ត្រឹម​ខកចិត្ត​ និង​ស្ដាយ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​ប៉ុណ្ណោះ​ ព្រោះ​​មុជមិន​ជ្រៅ​ ទៅ​មិន​ឆ្ងាយ។​

តាម​ការ​បញ្ចេញ​មតិ​ខ្លះ​របស់​អ្នកគាំទ្រ​លើ​ហ្វេសបុក​លើក​ឡើង​ថា «កីឡាករ​ខ្មែរ​ខ្លាំង​បាន​តែ​ក្នុង​ស្រុក​ ចេញ​ក្រៅ​ចប់​របស់​គេ​រហូត»។​ រី​ឯ​ខ្លះ​ទៀត​បន្ទោស​ទៅ​លើ​ខាង​សហព័ន្ធ​ថា​ដឹកនាំ​មិន​កើត​ មិន​រីកចម្រើន។​

តារាងចំណាត់ថ្នាក់មេដាយវិញ្ញាសា Muay និង​ Kick Boxing

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ ២០១៩​ នេះ​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៤៦គ្រឿង​ មាស៤​ ប្រាក់​៦​ និង​សំរឹទ្ធ​៣៦​ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៨។​ ចំពោះ​ប្រភេទ​កីឡា​គុន​ខ្មែរ​វិញ​បញ្ជូនកីឡាករ​ កីឡា​ការិនី​៥រូប ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធ​៣គ្រឿង​ ក្នុង​នោះ​រួម​មាន​ ឡៅ​ ចិត្រា​ វ៉ាន់​ វឿន​ និង​ ហ៊ឹម​ គឹមរៀង។​ ចំណែក​កីឡាករ​គុន​ខ្មែរ​ដែល​ទៅ​ប្រកួត​ប្រភេទ​កីឡា​ Kick Boxing​ វិញ​គឺ​មាន​៦រូប​ ប៉ុន្តែ​ឈ្នះ​មេដាយ​សំរឹទ្ធ​៣គ្រឿង​ រួម​មាន​ ឡៅ​ ចន្រ្ទា​ សុខ​ សាវិន​ និង​ ខេម​ ចាន់៕​

អត្ថបទ៖ នួន ស៊ីណា​