មិនធម្មតា! ហត្ថាកសិករ បោះជំហានកាន់តែធំ ចាប់យកទីផ្សារកម្ចីបង់រំលស់

  • 2019-12-14 05:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការពង្រីកអាជីវកម្មរបស់ខ្លួនចាប់យកទីផ្សារ សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន។ ការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” ដែលបានប្រព្រឹត្តិទៅនៅបរិវេណរោងភាពយន្ត Major Cineplex នៃផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១) ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងហត្ថាកសិករ លីមីតធីត ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មានដែលមានគ្នាសរុបប្រមាណជាង ៧០នាក់។

ការដាក់ឲ្យប្រើប្រាស់សេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួននេះ សបញ្ជាក់ឲ្យឃើញនូវមហិច្ចតាដ៏ធំមួយទៀតរបស់ហត្ថាកសិករក្នុងការបោះជំហានក្តោបយកទីផ្សារដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ ជាមួយនឹងការផ្តល់ភាពងាយស្រួល ព្រមទាំងដំណោះស្រាយល្អ និងមានប្រសិទ្ធភាពជូនអតិថិជន។

លោក Wanchairabin Jitwattanatam (Eddy) អនុប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា “ហត្ថាកសិករ សម្លឹងមើលឃើញទីផ្សារដែលកំពុងលូតលាស់នេះ ហើយបង្កើតឲ្យមានសេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួននេះឡើង គឺដើម្បីបំពេញតាមតម្រូវការ និងការចង់បានរបស់អតិថិជនដែលមានការផ្លាស់ប្តូរទៅតាមសម័យកាល និងបច្ចេកវិទ្យា”។ លោកបានបន្តថា “សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួនរបស់ហត្ថាកសិករ នឹងជួយលើកកំពស់ការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់លទ្ធភាពឲ្យអតិថិជន ទទួលបានសម្ភារប្រើប្រាស់នានា ជាមួយនឹងការបង់ប្រាក់រំលស់ត្រឡប់មកហត្ថាកសិករវិញនូវចំនួនតិចតួចប្រចាំខែទៅតាមលទ្ធភាពរបស់អតិថិជនផ្ទាល់ និងអាចឱ្យអតិថិជនយកកម្ចីជាសាច់ប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនត្រូវការយកអចលនទ្រព្យមកបញ្ចាំ”។*

អនុប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដដែល បានបន្ថែមទៀតថា “បច្ចុប្បន្នហត្ថាកសិករបានដាក់លក់រួចមកហើយនូវសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ចំនួន២ប្រភេទ គឺផលិតផល​កាតគ្រី និងផលិតផលបង់រំលស់ (Hattha First Choice) ហើយយើងនឹងមានសេវាកម្ចីសម្រាប់ទិញយានយន្តបង់រំលស់ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ”។

លោក ឡេង វ៉ាន់ឌី នាយកគ្រប់គ្រងគម្រោង ទទួលបន្ទុកផ្នែកអភិវឌ្ឍផលិតផលនិងបណ្តាញ បានធ្វើបទបង្ហាញពីសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួនដោយបានលើកយកចំណុចសំខាន់ៗ ដែលលោកជឿជាក់ថាផលិតផលនេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនដូចជា ដំណើរការស្នើសុំឥណទានមានភាពសាមញ្ញងាយស្រួល អត្រាការប្រាក់សមរម្យ មានភាពប្រកួតប្រជែងនិងមានតម្លាភាព មិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ហើយជាពិសេសសេវាកម្មរហ័សទាន់ចិត្ត។

លោកបានបញ្ជាក់បន្ថែមថា “ផលិតផលបង់រំលស់ (Hattha First Choice) ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងរយៈពេល៥ខែរួចមកហើយក្នុងរាជធានីភ្នំពេញ ដោយទទួលបានពាក្យស្នើសុំជាច្រើនពីអតិថិជននៅតាមបណ្តាទីតាំងអាជីវកម្ម និងក្រុមហ៊ុននានាដែលជាដៃគូសហការរបស់ហត្ថាកសិករ ដែលមានជិត១០០ដៃគូសហការក្នុងរាជធានីភ្នំពេញ” ហើយយើងមានគម្រោងផ្តល់សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ដូចជា ឥណទានកាតគ្រី ឥណទានហត្ថា First Choice និងឥណទានយានយន្តហត្ថា ទៅកាន់បណ្តាខេត្តធំៗក្នុងឆ្នាំ២០២០នេះ។

គួរម្លឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករមានការិយាល័យសាខាចំនួន ១៧៦ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន១២៩ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕