នឹម​ ឈុន្នី «រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា»​ ពិត​ជា​មាន​ន័យ​ និង​គួរ​ឲ្យ​គោរព​មែន​

  • 2019-12-14 09:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ នឹម​ ឈុន្នី​ នឹង​ចាប់​ផ្ដើម​រត់​ពី​ភ្នំពេញ​ទៅ​សៀមរាប​ ចាប់​ពី​ព្រឹក​ស្អែក​នេះ​ហើយ​ដើម្បី​រៃអង្គាស​ថវិកា​ឲ្យ​បាន​ ១០០,០០០​ ដុល្លារ​ យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ឯខេត្ត​សៀមរាប​ ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​កុមារ​នៅ​ទីនោះ។​

រូបភាពផ្ដល់ជូន

លោក​ នឹម​ ឈុន្នី​ បាន​ឲ្យ​ដឹង​ថា​ ស្អែក​ព្រឹក​ម៉ោង​៦​លោក​នឹង​ចាប់​ផ្ដើម​កម្មវិធី​រត់​នេះ​ហើយ។​ កម្មវិធី​រត់​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​១០​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ២៥​ ខែ​ធ្នូ​ ២០១៩​ ទើប​ដល់​សៀមរាប​ ប៉ុន្តែ​ក៏​មាន​ការ​សម្រាក​​ជួបជុំ​គ្នា​លើក​ទី១​ នៅ​ផ្លូវ​បំបែក​ស្កុន​ ដើម្បី​ថត​រូប​ជួបជុំ​គ្នា​ និង​ប្រមូល​ថវិកា​ពី​សប្បុរសជន​ទី​នោះ។​ ការ​ឈប់​ជួបជុំ​លើក​ទី២​គឺ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ និង​លើក​ទី៣​ កម្មវិធី​ជួបជុំ​ធំ​នៅ​ត្រង់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ និង​ដើរ​ទៅ​ផ្ដល់​ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​តែ​ម្ដង។​

លោក នឹម​ ឈុន្នី(អាវខៀវ)

អ្នក​ផ្ដើម​គំនិត​រៃអង្គាស​ខាង​លើ​នេះ​បន្ត​ថា​ ហេតុផល​ដែល​លោក​បង្កើត​កម្មវិធី​រត់​ដើម្បី​រៃអង្គាស​ថវិកា​នេះ​ គឺ​ជា​ការ​តបស្នង​សងគុណ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បាន​ជួយ​ព្យាបាល​ក្មួយ​ស្រី​របស់​លោក​ដែល​ឈឺ​កាល​ពី​៧​ឆ្នាំ​មុន​ និង​បាន​ធ្វើ​ឲ្យ​លោក​ រួម​និង​គ្រួសារ​មាន​ស្នាម​ញញឹម​ឡើង​វិញ។​ លោក​ចង់​ឃើញ​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ទាំង​នេះ​មាន​នៅ​លើ​កុមារ​កម្ពុជា​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ទើប​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង។​ លើស​ពី​នេះ​ទៀត​នោះ​ គឺ​ចង់​ឲ្យគេបាន​ដឹង​ពី​ការ​រត់​នេះ​ និង​ចូលរួម​ជួយ​បរិច្ចាគ​ជា​ថវិកា​តាម​លទ្ធភាព​ដើម្បី​ឲ្យ​គ្រប់​ចំនួន​ក្នុង​ការផ្ដល់​ទៅ​កាន់មន្ទីរពេទ្យខាង​លើ។​

លេខទំនាក់ទំនង់

ប្រសិន​បើ​សប្បុបុរស​ជន​ ឬ​បង​ប្អូន​ណា​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​នេះ​អាច​ផ្ញើ​តាម​គណនី​ធនាគារ​ ABA: 000853843 ឬ​តាម​វីញ​ 9122 (លុយ​រៀល)​ 8122 (លុយ​ដុល្លារ)។​ សម្រាប់​លេខ​ទំនាក់ទំនង​របស់​លោក​ នឹម​ ឈុន្នី​ គឺ​ 078 785 044៕​

អត្ថបទ៖ នួន ស៊ីណា​