Apple ទិញបានក្រុមហ៊ុនមួយ នឹងជួយឲ្យ iPhone ថតរូបបានកាន់តែខ្លាំង

  • 2019-12-16 01:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ទិញ​យក​នូវ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ថ្មោង​មួយ​នៅ​ចក្រភព​អង់គ្លេស ដែល​បង្កើត​នូវ​បច្ចេកវិទ្យា​ឌីហ្សាញ​ឡើង​សម្រាប់​ធ្វើ​ឲ្យ​ការ​ថត​រូប​លើ​ស្មាតហ្វូន​កាន់​តែ​ល្អ​ប្រសើរ។ ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា Apple បាន​ទិញ​យក​ក្រុមហ៊ុន Spectral Edge ដោយ​មិន​បង្ហាញ​ខ្ទង់​ចំណាយ​នោះ​ទេ។

Spectral Edge ប្រើ​ប្រាស់​ Machine Learning ដើម្បី​ធ្វើ​ឲ្យ​រូបភាព​ផលិត​​លើ​ស្មាតហ្វូន​កាន់​តែ​មាន​ភាព​ច្បាស់ និង​ឲ្យ​ពណ៌​ត្រូវ។ វា​ដំណើរ​ការ​ដោយ​ពឹង​ផ្អែក​លើ​ការ​ថត​យក​រូបភាព Infrared រួច​បញ្ចូល​វា​ជា​មួយ​រូបភាព​ស្តង់ដារ។

Apple អាច​យក​បច្ចេកវិទ្យា​ Spectral Edge មក​ប្រើ​ប្រាស់​ជា​មួយ​​កម្មវិធី​ថត​រូប​លើ iPhone បាន​ដោយ​ងាយ ដោយ​ក្រុមហ៊ុន​នេះ​បាន​ប្រើ​ប្រាស់​នូវ​​បច្ចេកវិទ្យា​ឆ្លាត​វៃ​បែប​នេះ​រួច​មក​ហើយ មាន​ដូច​ជា​ Smart HDR និង Deep Fusion ជា​ដើម។

Apple មិន​បាន​បញ្ជាក់​ពី​ការ​ទិញ​យក​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ Bloomberg អះអាង​ថា​ ឯកសារ​ និង​ការ​ចុះ​បញ្ជី​មួយ​ចំនួន បាន​បង្ហាញ​ថា​ Apple គឺ​​​ជា​អ្នក​គ្រប់គ្រង​ Spectral Edge។ ជា​ញឹកញាប់​ Apple តែង​ធ្វើ​ការ​ទិញ​យក​ក្រុមហ៊ុន​តូចៗ​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ខ្លួន។ នៅ​ខែ​ឧសភា លោក Tim Cook បាន​ប្រាប់​ថា Apple ទិញ​យក​ក្រុមហ៊ុន​ពី ២០ ទៅ ២៥ ក្នុង​រយៈពេល ៦ ខែ​មុន៕

ចុចអាន ៖ ២-៣ ​សប្ដាហ៍​ម្ដង Apple ទិញ​ចូល​ក្រុមហ៊ុន​មួយ​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង