​រក​ឃើញ​ក្រុម​ខ្លាំង​ League of Legends​ និង​ PES 2020​ ប្រកួត​តំណាង​កម្ពុជាហើយ​

  • 2019-12-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ធ្វើ​ការប្រកួត​អស់​រយៈពេល​៣ថ្ងៃ​កន្លង​ទៅ​នេះ​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​រក​ឃើញ​ហើយ​ក្រុម​ខ្លាំង​ League of Legends​ តំណាង​ប្រទេសនោះ​គឺ​ក្រុម​ Ghost Beta​ និង​ជើង​ខ្លាំង​ PES កីឡាករ​ វង្ស​ រ៉ាវុធ។​

Ghost Beta

លោក​ លន់​ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សហព័ន្ធ​ E-Sport​ កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​របស់​ E-Sport​ អាស៊ីរួច​មក​ក៏​ត្រូវ​បាន​ការអនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ជ្រើសរើស​ក្រុម​តំណាង​ប្រទេស លើ​វិញ្ញាសា​ League of Legends​ និង​ PES ដើម្បី​ចូលរួម​ប្រកួត​ជើងឯកអាស៊ី នៅ​ឆ្នាំ​ ២០២០​ ប្រទេស​ចិន។​

កីឡាករ វង្ស រ៉ាវុធ

ដោយ​ឡែក​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​អស់​រយៈពេល​៣​ថ្ងៃ​រួម​មក​សហព័ន្ធ​រក​ឃើញ​ហើយ​គឺ​ក្រុម​ Ghost Beta​ ក្លាយ​ជា​ជើងឯក​លើ​វិញ្ញាសា​ជា​ក្រុម​ League of Legends​ និង​ជើងឯក​ឯកត្តជន​វិញ្ញាសា​ PES 2020​ ១រូប​ទៀត​គឺ​ វង្ស រ៉ាវុធ។​ កីឡាករ​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ លើ​២វិញ្ញាសា​ផ្សេង​ៗ​គ្នា​នេះ​ នឹង​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​អន្តរជាតិ​១វគ្គទៀត​ទើប​មាន​សិទ្ធ​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខែ​មីនា​ ២០២០​ នៅ​ឯ​ប្រទេស​ចិន។​

ទិដ្ឋភាពប្រគល់រង្វាន់

សម្រាប់​វិញ្ញាសា ​League of Legends​ គឺ​ក្រុម​ Ghost Beta​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ Online នៅ​ក្នុង​កម្ពុជា​បាន​ ប៉ុន្តែ​វិញ្ញាសា​ PES 2020​ គឺ​តម្រូវ​ឲ្យ​កីឡាករ​ចេញ​ទៅ​ប្រកួត​ជម្រុះ​នៅ​ឯ​ប្រទេស​ថៃ​ អំឡុង​ខែ​មករា​ ដើម​ឆ្នាំ​ ២០២០​នេះ។​ ក្រុម​ Ghost Beta​ គ្រង់​ជើងឯក​វិញ្ញាសា​ League of Legends​ ទទួល​បាន​ប្រាក់​រង្វាន់​ ១លានរៀល​ ចំណែក​កីឡាករ​ វង្ស​ រ៉ាវុធ​ ជាប់​លេខ១​ វិញ្ញាសា​ PES 2020​ ទទួល​បាន​ប្រាក់​រង្វាន់​ ៨០ម៉ឺន​រៀល​ផង​ដែរ។ ការ​ប្រកួត​កន្លងទៅ​នេះ​គឺ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២៦-២៨​ ខែ​ធ្នូ ២០១៩​ នៅ​ឯ MCT Sport៕​

អត្ថបទ៖ នួន ស៊ីណា​