មកមើលដំណើរការទិញឡាន Bugatti Chiron ៣ឆ្នាំទើបផលិតរួច មានតែមួយក្នុងលោក (វីដេអូ)

  • 2019-12-31 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចូល​ចិត្ត​ប្រមូល​ទិញ​នូវ​រថយន្ត​ពិសេសៗ​ដាច់​គេ​ដាក់​ក្នុង​ឃ្លាំង​របស់​ខ្លួន​នោះ លោក​ Manny Khoshbin ដែលជាសេដ្ឋីអចលនទ្រព្យមួយរូបនៅអាមេរិក បាន​ធ្វើ​ការ​កុម្ម៉ង់​ជា​ពិសេស​ចំពោះ​រថយន្ត Bugatti Chiron កាល​ពី​ឆ្នាំ ២០១៦។

លោក​ Manny Khoshbin

រថយន្ត Bugatti Chiron ដែល​អ្នក​ប្រមូល​ទិញ​វត្ថុ​មាន​តម្លៃ​ខាង​លើ​បាន​កុម្ម៉ង់ គឺ​ជា​ការ​រួម​​គ្នា​បង្កើត​ពី​សំណាក់​ម៉ាក​សំលៀកបំពាក់ Hermès និង​ក្រុមហ៊ុន Bugatti ដែល​សុទ្ធ​តែ​ជា​ម៉ាក​ប្រណីត​របស់​បារាំង។ រថយន្ត​​ត្រូវ​ចំណាយ​ពេល ៣ ឆ្នាំ​​ក្នុង​ការ​ផលិត និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Hermès Edition Bugatti Chiron ដែល​មាន​តែ​មួយ​ក្នុង​លោក។

រថយន្ត Hermès Edition Bugatti Chiron

វា​ចំណាយ​ពេល​យូរ​ក្នុង​ការ​ផលិត ដោយ​សារ​តែ​ Khoshbin មិន​ងាយ​នឹង​ទទួល​យក​អ្វី​ដែល​សាមញ្ញ​នោះ​ទេ។ គេ​បាន​សាក​ល្បង​រចនា​រថយន្ត​ដោយ​ប្រើ​ពណ៌​ប្រាក់, ខៀវ និង​ពណ៌​ត្នោត មុន​នឹង​សម្រេច​ថា​ប្រើ​ពណ៌​ Hermès Craie (ពណ៌​​ដី​ស)។

មើល​ពី​ក្រៅ​ទៅ រថយន្ត Bugatti នេះ​មាន​លក្ខណៈ​ដូច​ជា​រថយន្ត Bugatti ធម្មតា​ដែរ ប៉ុន្តែ​មិន​អ៊ីចឹង​ទេ។ រន្ធ​ខ្យល់​ដែល​មាន​រាង​ដូច​ក្រចក​ជើង​សេះ​នៅ​ខាង​មុខ​គឺ​ច្នៃ​ឡើង​ដោយ​អក្សរ H ហើយ​កាង​ក្រោយ​ត្រូវ​បាន​លាប​ពណ៌​ឲ្យ​ស៊ី​នឹង​តួ​ខ្លួន។

នៅ​ផ្នែក​ខាង​ក្នុង​មាន​ឌីហ្សាញ​ដោយ​សាច់​កំណាត់​គុណភាព​ខ្ពស់ ដែល​មាន​រំលេច​ដោយ​រូប​សេះ​ជា​អត្តសញ្ញាណ​របស់​ Hermès ហើយ​ក្នុង​រថយន្ត​មាន​​ស្លាក​ដែល​សរសេរ​ពាក្យ​ថា "មាន​តែ​មួយ​​គ្រឿង​គត់" នៅ​ច្រើន​ទី​កន្លែង​ផង​ដែរ៕

តោះ! ទៅទស្សនាវីដេអូនៃដំណើរការទិញរថយន្តនេះទាំងអស់គ្នា៖

អត្ថបទ៖ សេង ឡុង