គិត​វែង​ឆ្ងាយ! ហ៊ុយ យ៉ា​ឡេង ធ្វើ​រឿង "ដើម្បី​កូន" ព្រោះ​ចង់​អោយ​ភាព​យន្ត​ខ្មែរ​សម្បូរ​បែប​ដូច​ទសវត្ស​៦០​

  • 2020-01-02 03:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ភាពយន្ត "ដើម្បី​កូន" របស់​អ្នកនិពន្ធ និង​ដឹក​នាំ​រឿង ហ៊ុយ យ៉ាឡេង កាន់​តែ​ជិត​ដល់​ថ្ងៃ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ហើយ ដោយ​ក្នុង​នោះ តាម​ឆន្ទៈ​របស់​អ្នកនិពន្ធ​ គឺ​ចង់​ឧស្សាហកម្ម​​ភាព​យ​ន្ត​សម្បូរ​បែប​ដូច​ទសវត្ស​ទី ៦០។

លោក ហ៊ុយ យ៉ាឡេង បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៩ ដែល​ទើប​នឹង​កន្លង​ហួស​ថ្មី​ៗ​នេះ លោក​បាន​សង្កេត​ឃើញ​ថា ភាព​យន្ត​ខ្មែរ​ពោរពេញ​ដោយ​រឿង​ខ្មោច និង​កំប្លែង ជា​ច្រើន។ ត្បិត​ថា ទីផ្សារ​នៅ​ទាម​ទារ​ប្រភេទ​ភាពយន្ត​បែប​នេះ​ច្រើន ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​អតីតកាល​នា​ទសវត្ស​ទី​៦០ លោក​ថា កុន​ខ្មែរ​នៅ​ខ្វះ​រសជាតិ​នៅ​ឡើយ។ ដូច្នេះ​ហើយ ទើប​លោក ផលិត​រឿង "ដើម្បី​កូន" បន្ថែម​រសជាតិ​ទៅ​ក្នុង​ឧស្សាហកម្ម​កុន​ខ្មែរ និង​បង្កើត​សមិទ្ធផល​ថ្មី​សម្រាប់​ខ្លួន​ឯង និង​ទស្សនិកជន​ឆ្នាំ ២០២០នេះ​ដែរ។

"ខ្ញុំ​ចង់​អោយ​ភាពយន្ត​ខ្មែរ​សម្បូរ​បែប​ដូច​កាល​ទសវត្ស​៦០​បង ទោះបី​បច្ចុប្បន្ន​ទីផ្សារ​គេ​ស៊ី​តែ​រឿង​ខ្មោច តែ​ខ្ញុំ​ត្រូវ​សម្រេ​ចនាំ​ផ្លូវ​មុនគេ​ស្វែង​រក​ទីផ្សារ​ថ្មី​ដែល​មិនមែន​រឿង​ខ្មោច ហើយ​ខ្ញុំ​ជឿ​ថា​នឹង​ទទួល​បាន​គាំទ្រ​ច្រើនជាង​មុន​ទៀ​ត ព្រោះរបៀប​នៃ​ការ​ទស្សនា​របស់​យុវវ័យ​ពី​មុន មក​ដល់​ឥឡូវ​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ"។

លោក បន្ត​ថា ពី​មុន​យុវវ័យ ចូល​ចិត្ត​មើល​រឿង​ខ្មោច កំប្លែង ប៉ុន្តែ​រយៈ​ចុង​ក្រោយ​នេះ លោក​ថា យុវវ័យ​បាន​ងាក​មក​មើល​រឿង​ដែល​មាន​អត្ថន័យ​ស៊ី​ជម្រៅ​ខ្លះ​ដែរ ដែល​ទាម​ទារ​ឲ្យ​ផលិតករ​ដូច​ជា​លោក គួរ​ផ្ដល់​ជម្រើស​ខ្លះ​ដល់​ពួក​គេ។ ជាមួយ​គ្នា លោក​សង្ឃឹម​ថា និន្នាការ​នេះ នឹង​បន្ត​កើន​ឡើង ដើម្បី​ឲ្យ​ការ​ផ្គត់ផ្គង់​លើ​ភាពយន្ត​ប្រភេទ​នេះ មាន​កាន់​តែ​ច្រើន ហើយ​ពេល​នោះ ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ទាំង​មូល នឹង​សម្បូរ​បែប​ដូច​កាល​ពី​អតីតកាល។

ក្រៅ​ពី​ផ្អែក​លើ​របត់​នៃ​ការ​ទស្សនា​ភាពយន្ត​របស់​យុវវ័យ អ្វី​ដែល​លោក មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​រសជាតិ​ថ្មី​របស់​លោក គឺ​ក៏​ព្រោះ​តែ​លោក​ មើល​ឃើញ​មួយ​ផ្នែក​ទៀត ពី​តម្រូវ​ការ​អ៊ុំ ពូ​ មា​មីង​ដែរ។ លោក​ថា "ពូ​ៗ​មីង​អី គាត់​ចង់​មើល​រឿង​ដែល​គាត់​អាច​មើល​បាន ហើយ​ខ្ញុំ​តែង​ទទួល​បាន​ការ​ទទូច​ពី​ពួក​គាត់​ផង។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​ធ្វើ​រឿង​នេះ...ខ្ញុំ​ដឹង​ថា បច្ចុប្បន្ន យុវវ័យ​មាន​ទម្លាប់​ច្រើន​ជាង​សម្រាប់​ការ​កម្សាន្ត​ដោយ​ការ​ទស្សនា​ភាពយន្ត ប៉ុន្តែ​ពួក​គេ​ក៏​អាច​នាំ​ឪពុក​ម្ដាយ​គាត់​មក​ទស្សនា​បាន ធ្វើ​បែប​នេះ​ចំណេញ​ដល់​ទៅ​២ ទី​១ បាន​ជួយ​លើក​តម្កើង​ភាពយន្ត​ខ្មែរ ហើយ​ទី​២ បាន​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​មាន​គុណ​ទៀត នេះ​ក៏​ជា​អំណោយ​មួយ​ដល់​អ្នក​មាន​គុណ​ដែរ!"។

រឿង "ដើម្បីកូន​" ជា​ប្រភេទ​ខ្សែ​ភាព​យ​ន្ត​ជីវិត​ពិត​ដ៏​កម្សត់ ឆ្លុះ​បង្ហាញ​ពី​សង្គម ដែល​ដកស្រង់​ពី​ជីវិត​ពិត​របស់​ឪពុក​ធាក់​ស៊ីក្លូ​ពិកា​ជើង​ម្ខាង​ម្នាក់​ដែល​ប្រឹង​ចិញ្ចឹម​ជីវិត​ដើម្បី​កូន​ពីរ​អ្នក​ដែល​ប្រពន្ធ​យក​មក​បោះ​បង់​ចោល​នៅ​កែង​វត្ត​ឧណ្ណា​ឡោម។ បុរស​ពិការ​ដ៏​អភ័ព្វ ពិត​ជា​ពលី​ខ្លាំង​ណាស់ ដើម្បី​ចិញ្ចឹម​កូន​២​អ្នក​អោយ​បាន​រស់បាន ពោល​គឺ ខ្លួន​ពិការ​តែ​ចិត្ត​មិនបាន​ពិការ​ឡើយ ព្រោះ​ចង់​បញ្ចៀស​កូន​ពី​ផ្លូវ​ដ៏​វេទនា​ដែល​ខ្លួន​បាន​ដើរ។

តាម​លោក លោក ហ៊ុយ យ៉ាឡេង បុរស​កម្សត់​ក្នុង​រឿង បាន​បង្ខំ​ខ្លួន​ជាមួយ​ការងារ​តូច​ៗ​ជា​ច្រើន​តាំង​ពី​ព្រឹក​ រហូត​ដល់​យប់ ដោយ​ក្នុង​នោះ​មាន​ដូច​ជា រត់​ស៊ីក្លូ រើស​អេតចាយ ជញ្ជូន​ឥវ៉ាន់​ឲ្យ​គេ និង​ការងារ​ប្រើ​កម្លាំង​ជា​ច្រើន​ទៀត ប៉ុន្តែ​ចុង​ក្រោយ​កូន​ធ្លាក់ខ្លួន​ឈឺ មើល​មិន​ជា ធ្វើ​ឲ្យ​ឪពុក​កាន់​តែ​អស់​សង្ឃឹម...ប៉ុន្តែ​លោក​ឪពុក​រូប​នេះ មិន​ព្រម​ចុះចាញ់​នោះ​ទេ ព្រោះ​ថា ពេល​នេះ កូន​ជា​អ្វី​ទាំង​អស់...ដូច្នេះ​ហើយ ជីវិត​របស់​លោក អាច​ប្រើ​ជា​ថ្នូរ​បាន​ដែរ។

តាម​កាល​វិភាគ ភាពយន្ត​ជីវិត​ពិត​មួយ​នេះ នឹង​មក​ដល់​ក្នុង​រោងកុន នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ២០២០ ខាងមុខ​នេះ។

អត្ថបទ៖ ទារិកា