ឡុងដុង​វ៉ា​ដាច់​ហុងកុង​ក្លាយ​ជា​ក្រុង​ថ្លៃ​បំផុត​លើ​លោក​

  • 2014-09-25 16:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុងដុង​របស់​ចក្រភព​អង់គ្លេស បាន​ក្លាយ​ជា​ទីក្រុង​ថ្លៃ​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ​២០១៤​ ដោយ​បាន​ទម្លាក់​​ហុងកុង​ទៅ​ចំណាត់​ថ្នាក់​លេខ២វិញ។ នេះ​បើ​តាម​ការ​ស្ទាប​ស្ទង់​របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រឹក្សា​អចលនទ្រព្យ Savills។

 

ការ​ធ្វើ​ចំណាត់​​ថ្នាក់​នេះ គឺ​យោង​ទៅ​លើ​ចំណាយ​ក្នុង​ការ​រស់នៅ និង​ប្រាក់​ខែ​ដែល​ទទួល​បាន​ពី​ការងារ។ ភ្នាក់ងារ​អចលនទ្រព្យ បាន​ចាត់​ថ្នាក់​ក្រុង​ឡុងដុង​ថ្លៃ​ជាង​ក្រុង​ស៊ីដនី ២ដង និង​ថ្លៃ​ជាង ៤ដង​បើ​ធៀប​នឹង​ក្រុង​រីយ៉ូ ដឺ ជេនេរ៉ូ ប្រទេស​ប្រេស៊ីល។

 

និយោជិក​ម្នាក់​ត្រូវ​ចំណាយ​លើ​​​ការ​រស់​នៅ​​​ជា​មធ្យម ១២០៥៦៨ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឡុងដុង ខណៈ​នៅ​ស៊ីដនី​ត្រូវ​ចំណាយ​ ៦៣៦៣០ដុល្លារ និង​នៅ​​រីយ៉ូ ដឺ ជេនេរ៉ូ ត្រូវ​ចំណាយ​ត្រឹម​តែ ២៩៧៤២ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​ហុងកុង​ដែល​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី២ វិញ និយោជិក​ម្នាក់​ត្រូវ​ចំណាយ​ជា​មធ្យម ១១៥៧១៧ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​​

 

កាល​ពី​ឆ្នាំ ២០០៨ ឡុងដុង​បាន​ឈរ​នៅ​លំដាប់​ថ្នាក់​ទី ៥ ក្នុង​ចំណោម​ទី​ក្រុង​ថ្លៃ​បំផុត​ក្នុង​លោក។ ប៉ុន្តែ​សន្ទស្សន៍​ចំណាត់​ថ្នាក់​បាន​លោត​ឡើង​យ៉ាង​ឆាប់​រហ័ស​ដល់​កំពូល​ក្នុង​ឆ្នាំ​នេះ ដោយសារ​ការ​កើន​ឡើង​តម្លៃ​អចលនទ្រព្យ និង​រូបិយប័ណ្ណ។

 

 

ទី​ក្រុង​ថ្លៃ​ជាង​គេ​ទាំង ១០ មាន៖

 

១. ឡុងដុង ចក្រភព​អង់គ្លេស

 

២. ហុងកុង ប្រទេស​ចិន

 

៣. ញីវយ៉ក សហរដ្ឋអាមេរិក

 

៤. ប៉ារីស ប្រទេស​បារាំង

 

៥. តូក្យូ ប្រទេស​ជប៉ុន

 

៦. សាំងហ្គាពួរ ប្រទេស​សិង្ហបុរី

 

៧. មូស្គូ ប្រទេស​រុស្ស៊ី

 

៨. ស៊ីដនី ប្រទេស​អូស្ត្រាលី

 

៩. ឌុយបៃ ប្រទេស​អារ៉ាប់រួម

 

១០. សៀងហៃ ប្រទេស​ចិន

 

ប្រែ​សម្រួល​ដោយ៖ គង់ វិសាល ប្រភព៖ The Guardian

អត្ថបទពេញនិយម