Apple ប្រកែកមិនព្រមជួយ FBI ពេលនេះលោក ត្រាំ ចេញមុខស្នើសុំដោយផ្ទាល់

  • 2020-01-15 01:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​សុំ​ឲ្យ​ Apple ជួយ​​​ក្នុង​ការ​ដោះ​លេខ​កូដ iPhone ​របស់​​​ឧក្រិដ្ឋជន​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ក្នុង​រដ្ឋ​ Florida កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។

ក្នុង​សារ​ដែល​បង្ហោះ​តាម Twitter លោក ត្រាំ បាន​និយាយ​ថា ៖ "យើង​បាន​ជួយ Apple រហូត​មក​ក្នុង​ការ​ជួញ​ដូរ និង​បញ្ហា​ដទៃ​ទៀត​ជា​ច្រើន ហើយ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជួយ​ដោះ​លេខ​កូដ​លើ​ iPhone ដែល​ឃាតករ អ្នក​ជួញ​ដូរ​ថ្នាំ និង​ឧក្រិដ្ឋជន​ដទៃ​ទៀត​ប្រើ​ប្រាស់។ ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​ចូល​រួម និង​ជួយ​ដល់​ប្រទេស​ដ៏​ល្អ​ប្រពៃ​របស់​យើង ឥឡូវ​នេះ! ធ្វើ​ឲ្យ​អាមេរិក​ល្អ​ប្រពៃ​ម្ដង​ទៀត។”

ការ​បញ្ចេញ​សារ​​ទៅ​កាន់ Apple នា​ពេល​នេះ ក្រោយ​ពី Apple ប្រកែក​មិន​ព្រម​​ជួយ​ភ្នាក់ងារ FBI ក្នុង​ការ​ដោះ​លេខ​កូដ​របស់​ឧក្រិដ្ឋជន។ Apple បាន​ប្រាប់​ថា​កន្លង​មក​ខ្លួន​បាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន​រក្សា​ទុក (រួម​មាន iCloud backup) ទៅ​ដល់​ភ្នាក់ងារ FBI កាល​ពី​ដើម​ខែ ក្រោយ​ពី FBI សុំ​ឲ្យ​ជួយ​ក្នុង​ការ​យក​ព័ត៌មាន​របស់​ឧក្រិដ្ឋជន។ យ៉ាងណាក្ដី​​មន្ត្រី​អនុវត្តន៍​ច្បាប់​មិន​ពេញ​ចិត្ត​នឹង​ព័ត៌មាន​មាន​ក្នុង​ iCloud ដែល​ខ្លួន​ទទួល​បាន​ ហើយ​ចង់​ឲ្យ Apple ផ្ដល់​នូវ​វិធី​មួយ​ដើម្បី​ដោះ​លេខ​កូដ​ iPhone របស់​ឧក្រិដ្ឋជន ដែល​វា​មិន​អាច​កើត​មាន​នោះ​ទេ​ប្រសិន​បើ​គ្មាន​ Backdoor ចូល​ទៅ​ក្នុង Software iOS។

ក្រោយ​ពី​មាន​សំណើ​នេះ Apple បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត និង​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទិន្នន័យ​ដែល​ខ្លួន​បាន​ផ្ដល់ ហើយ​បាន​លើក​ឡើង​ម្ដង​ទៀត​ថា​ "វា​គ្មាន​នូវ​ Backdoor ដែល​បង្កើត​ឡើង​សម្រាប់​តែ​មនុស្ស​ល្អ​នោះ​ទេ”។

​ភាព​តាន​តឹង​រវាង​ Apple និង​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន គឺ​ស្រដៀង​នឹង​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ដែរ។ ពេល​នោះ Apple ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ដោះ​លេខ​កូដ iPhone ដែល​ជា​របស់​ឧក្រិដ្ឋជន​មាន​សកម្មភាព​បាញ់​បោះ​នៅ​ San Bernardino។ Apple បាន​ប្រកែក​នឹង​បញ្ជា​នេះ ដោយ​បាន​បក​ស្រាយ​ថា​ ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុវត្ថិភាព​ចុះ​ខ្សោយ​​គឺ​មិន​សម​ហេតុផល​នោះ​ឡើយ ហើយ​វា​អាច​បង្កើត​នូវ​ចំណុច​ខ្សោយ​ថ្មី​មួយ​ទៀត​ហើយ​គ្រោះ​ថ្នាក់។ ​ពេល​នោះ នៅ​ចុង​ក្រោយ​ Apple ជា​អ្នក​ឈ្នះ ដោយ​រដ្ឋាភិបាល​អាច​រក​វិធី​ផ្សេង​ក្នុង​ការ​ចូល​ទៅ​កាន់ iPhone របស់​ឧក្រិដ្ឋជន​ ដែល​វា​ក៏​អាច​ជា​ជម្រើស​សម្រាប់​ភាព​តានតឹង​នា​ពេល​នេះ​ផង​ដែរ៕​​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង