អ៊ីរ៉ង់ចាប់ផ្ដើមប្រើឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ ខណៈអាមេរិកព្រមានកុំឲ្យធ្វើរឿងមួយ

  • 2020-01-15 04:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិសអ៊ីរ៉ង់ បាន​ប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបទៅលើក្រុមបាតុករ​ដែល​តវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី១២មករា ​ជុំវិញ​ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ​ដោយអចេតនា។

ការតវ៉ានេះ ធ្វើឡើង​ក្រោយពេល​កងទ័ពអ៊ីរ៉ង់ សារភាពថា ប្រព័ន្ធការពារដែនអាកាស​របស់ខ្លួន បានច្រឡំ​បាញ់​មីស៊ីល​ដាក់យន្តហោះ​ដឹកអ្នកដំណើរ​នោះ ពោលគឺ​ដោយនឹកស្មាន​ថា វាជា​មីស៊ីល។ យន្ដហោះ​ដឹក​អ្នក​ដំណើរ​ដែល​ធ្លាក់​នោះ ​មាន​ផ្ទុក​មនុស្ស​សរុប​១៧៦​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​អ៊ីរ៉ង់​ផ្ទាល់​៨២​នាក់ កាណាដា ​៦៣​នាក់ ​អ៊ុយក្រែន ​១១​នាក់ ​ស៊ុយអែត​១០​នាក់ អង់គ្លេស​៣​នាក់ ​អាល្លឺម៉ង់​៤​នាក់​និង​អាហ្វហ្គានីស្ថាន​៤​នាក់់។ យ៉ាងណាមិញ ឥឡូវនេះ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។

ជាមួយគ្នាដែរ ជុំវិញ​ការ​តវ៉ា​ដោយ​ផ្ទុះ​កំហឹង​របស់​ពលរដ្ឋ​អ៊ីរ៉ង់​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ព្រមាន​ដល់​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​ថា "ជូន​ចំពោះ​មេដឹក​នាំ​អ៊ីរ៉ង់ - កុំ​សម្លាប់​បាតុករ​របស់​អ្នក​ឲ្យ​សោះ។ ពលរដ្ឋ​រាប់​ពាន់​នាក់ ត្រូវ​បាន​អ្នក​ឯង​សម្លាប់ និង​ចាប់​ដាក់​គុក​រួច​មក​ហើយ ហើយ​ពិភពលោក​កំពុង​ឃ្លាំ​មើល​អ្នក។” លោក​ត្រាំ​បន្ថែម​ថា "អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត អាមេរិក​ក៏​កំពុង​តាម​ដាន​ផងដែរ។ សូម​បើក​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នក​ឡើង​វិញ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ធ្វើ​ការ​ដោយ​មាន​សេរីភាព។ សូម​បញ្ឈប់​ការ​សម្លាប់​ប្រជាជន​អ៊ីរ៉ង់​ដ៏​អស្ចារ្យ​របស់​អ្នក!”

គួរ​ឲ្យ​ដឹង​ថា ការ​ព្រមាន​ខាង​លើ ត្រូវ​បាន​លោក​ត្រាំ​សរសេរ​នៅ​ក្នុង​គណនី Twitter របស់​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​លោក​សម្ដែង​ការ​គាំ​ទ្រ​រដ្ឋបាល​របស់​ខ្លួន​ចំពោះ​ក្រុម​បាតុករ​អ៊ីរ៉ង់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន