មិនខ្វល់គេថាការងារតូចតាច ស្ត្រីខ្មែរម្នាក់តស៊ូពីកូនជាងធ្វើក្រចកដល់ឈ្នះពានក្លាយជាថៅកែហាងល្បី

  • 2020-01-18 03:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចង់​រក​ឃើញ​ភាព​​រីក​ចម្រើន​ក្នុង​អាជីព  ដំបូង​យើង​ត្រូវ​ជឿ​ជាក់​ថា​យើង​អាច​ធ្វើ​បាន ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ ដាក់​ចិត្ត​ស្រលាញ់​មុខ​របរ​នោះ ប្រឹង​ឲ្យ​អស់​លទ្ធភាព និង​បន្ត​រៀន​សូត្រ​មិន​ឈប់​ឈរ។ សម្រាប់​ខ្ញុំ ការងារ​ធ្វើ និង​រចនា ក្រចក​ប្រៀប​បាន​នឹង​សិល្បៈ​មួយ ដែល​ទាមទារ​ជំនាញ​ច្បាស់​លាស់ ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​ការ​ច្នៃប្រឌិត​ថ្មីៗ​ឲ្យ​ទាន់​សម័យ​កាល ទើប​អាច​ឈរ​ជើង​រឹង​មាំ​ក្នុង​ទីផ្សារ​បាន»។

អ្នកនាង ជូ ថៅកែ​ស្រី និង​ជា​គ្រូ​បង្រៀន​ធ្វើ​ក្រចក​ ​Queen Nail

ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ជូ ដែល​បច្ចុប្បន្ន​ គឺ​ជា​ថៅកែ​ស្រី​អាជីវកម្ម​ធ្វើ​ក្រចក​ [Queen Nail](https://www.facebook.com/thequeennailartdesign/) និង​ជា​គ្រូ​បង្រៀន​ធ្វើ​ក្រចក ដែល​មាន​ឈ្មោះ​បោះ​សំឡេង​​ក្នុង​ទីផ្សារ​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។ មាន​ការ​ទទួល​ស្គាល់​ក្នុង​វិស័យ​រចនា​ក្រចក ជាមួយ​បទពិសោធន៍​ធ្វើ​ក្រចក​ជាង ១៤ឆ្នាំ​មកនេះ អ្នក​គ្រូ​រចនា​ក្រចក វ័យ ២៧ឆ្នាំ​​រូប​នេះ បាន​ចែក​រំលែក​គន្លឹះ​ជោគជ័យ​ក្នុង​អាជីព​នេះ​ថា៖

« បច្ចុប្បន្ន​ហាង​រចនា​ក្រចក​រីក​ដូច​ផ្សិត ដូច្នេះ​ភ្ញៀវ​មាន​ជម្រើស​ច្រើន។ ចង់​​ឲ្យ​ភ្ញៀវ​មក​រក​យើង គឺ​យើង​ត្រូវ​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ធានា​គុណភាព និង​ទំនុក​ចិត្ត ។ បើ​យើង​មិន​ប្រយ័ត្ន ផ្ដល់​សេវា​មិន​ល្អ ហើយ​គុណភាព​​ការងារ​អន់ យើង​នឹង​បាត់​បង់​អតិថិជន ពិសេស​សម័យ​នេះ ធ្វើ​បាន​ល្អ​គឺ​ល្បី​រហ័ស តែ​បើ​​ធ្វើ​អន់​ ខុស​ចិត្ត​ភ្ញៀវ ​ក៏​ខូច​ឈ្មោះ​រហ័ស​ដែរ​»។

ម៉ូដក្រចក​ច្នៃថ្មី ធ្វើ​ពីបារី និង​ខ្ទឹមក្រហម របស់​ Queen Nail

«អ្វី​ដែល​ខ្ញុំ​តែង​ផ្ដាំ​ទៅ​កូន​សិស្ស​ និង​កូនជាង​ខ្ញុំ​ទាំងអស់​ គឺ​មុន​ចាប់​កាន់​ដៃ​ភ្ញៀវ ចាប់​ផ្ដើម​ធ្វើ​ក្រចក​ ត្រូវ​សម្រួល​អារម្មណ៍​ ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ Relax ស្រលាញ់​ដៃ​ភ្ញៀវ​ដូច​ដៃ​ខ្លួន​ឯង និង​ផ្ចិតផ្ចង់​ឲ្យ​អស់​លទ្ធភាព ព្រោះ​គ្រឿង​ធ្វើ​ក្រចក​តូច​ល្អិត​ៗ ពិបាក​ចាប់ ឬ​បិទ​ខ្លាំង​ណាស់។ សំខាន់​មួយ​ទៀត គឺ​ត្រូវ​ពន្យល់​ភ្ញៀវ​ឲ្យ​យល់​ពី​ដំណាក់​កាល​នីមួយ​ៗ​នៃ​ការ​ធ្វើ​ក្រចក និង​ការ​រចនា​ម៉ូដ​មួយ​នោះ​ដែល​ភ្ញៀវ​ស្រលាញ់»។

មុន​ក្លាយ​ខ្លួន​ជា​គ្រូ​ជំនាញ​ធ្វើ​ក្រចក​ដូច​បច្ចុប្បន្ន​នេះ អ្នក​គ្រូ ជូ បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​គ្រូ​បាន​ចាប់​ផ្ដើម​ពី​កូន​ជាង​តូច​តាច​តាម​ផ្សារ ដែល​កាល​នោះ​មូលហេតុ​ដែល​ចាប់​យក​ជំនាញ​នេះ​ដោយ​សារ​តែ​តម្រូវ​ការ​ជីវភាព ព្រោះ​ថា​ជំនាញ​ធ្វើ​ក្រចក​នេះ រៀន​តែ ៤ខែ អាច​ចេញ​ធ្វើ​ការ​រក​លុយ​បាន​ហើយ។

«ខ្ញុំ​ និង​ប្អូនស្រី​កំព្រា​ម្ដាយ​ឪពុក​តាំង​ពី​ក្មេង​ ហើយ​ត្រូវ​លោក​តា និង​ពូ​យក​មកចិញ្ចឹម។ ដោយ​ឃើញ​ស្ថានភាព​គ្រួសារ​លំបាក ខ្ញុំ​ក៏​ឈប់​រៀន​ហើយ​មក​រៀន​ធ្វើ​ក្រចក​តាំង​ពី​អាយុ ១៣ ឆ្នាំ​មក​ម្ល៉េះ។ ខ្ញុំ​ប្រឹង​រហូត​បើក​ហាង​ខ្លួន​ឯង​បាន ហើយ​ប្អូន​ស្រី​ខ្ញុំ​ ក៏​ឈប់​រៀន​ដែរ​មក​ជួយ​ធ្វើ​ក្រចក​នៅ​ហាង​ខ្ញុំ។ អាណិត​ប្អូន​ណាស់​ គេ​ស្រលាញ់​ការ​សិក្សា​ចង់​រៀន​បាន​ខ្ពស់​ដូច​គេ​ឯង។ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​ប្រឹង​ពង្រឹង​ជំនួញ ហើយ​ជួយ​ឲ្យ​ប្អូន​ត្រលប់​ចូល​រៀន​តាម​បំណង រហូត​ដល់​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​គូស​ប្លង់​ស្ថាបត្យកម្ម​​»។

ទោះ​ពី​ដំបូង​មិន​បាន​ប៉ង​ចាប់​ជំនាញ​នេះ​ចេញ​ពី​ចិត្ត  តែ​អ្នក​គ្រូ ក៏​តែង​​ប្រាប់​ខ្លួន​ឯង​ថា​ឲ្យ​ស្រលាញ់​ និង​ច្បាស់​លាស់​ជាមួយ​វា​ ហើយ​ត្រូវ​តែ​ប្រឹង​សម្រួច​វា ដូច​ពាក្យ​ចាស់​ពោល​ថា «ចេះ​អី ចេះ​ឲ្យ​ប្រាកដ លុយ​រត់​រក​» ។ ដូច្នេះ​ជាច្រើន​ឆ្នាំ​មកនេះ អ្នកគ្រូ ជូ ​បាន​អភិវឌ្ឍ​ខ្លួន​ពី កូន​ជាង​ក្រចក​ធម្មតា មក​ជា​មេ​ជាង ក្នុង​ពេល​ជាមួយ​គ្នា ​អ្នកគ្រូ​បាន​ចំណាយ​ទាំង​ប្រាក់​កាស និង​ពេលវេលា​រៀន​សូត្រ​ពី​ក្រៅ​ប្រទេស នូវ​ជំនាញ​រចនា​តុបតែង​ក្រចក​ រៀន​នៅ​ថ្នាក់​ផ្ទាល់​ផង រៀន​តាម​អនឡាញ​ផង ដើម្បី​ដុស​ខាត់​ជំនាញ​មួយ​នេះ​​ឲ្យ​មុត​ស្រួច និង​ទាន់​សម័យ​កាល។

រហូត​ដល់​ដើម​ឆ្នាំ ២០១៩ ថៅកែ​ស្រី Queen Nail បាន​សម្រេច​ជោគជ័យ​ធំ​មួយ​ទៀត លើ​ការ​បើក​ថ្នាក់​បង្រៀន​ធ្វើ​ និង​តុបតែង​ក្រចក​ ដោយ​មក​ដល់​បច្ចុប្បន្ន​នេះ កូនសិស្ស​ដែល​ទទួល​បាន​ជំនាញ​រចនា​ក្រចក​ពី Queen Nail  មិន​តិច​ជា ២០០នាក់ឡើយ។

« អ្វី​ដែល​ខ្ញុំ​មាន​ថ្ងៃ​នេះ មិន​ទាន់​អាច​ហៅ​ថា​ជា​ជោគជ័យ​នៅ​ឡើយ​ទេ ខ្ញុំ​នៅ​ត្រូវ​រៀន​សូត្រ​ច្រើន​ទៀត។ ទោះ​យ៉ាង​នេះ​ក្តី តែ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ពី​គ្មាន​អ្វី​ទាល់​តែ​សោះ ដោយ​ប្រើ​កម្លាំង​ និង​សមត្ថភាព​ខ្លួន​ឯង​ពិតៗ រហូត​ទទួល​បាន​លទ្ធផល​ដូច​​សព្វ​នេះ។ ហើយ​ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ទាំងអស់​ សូម​កុំ​គិត​ថា​ខ្លួន​កើត​មក​ក្រ ធ្វើ​អ្វី​ក៏​មិន​បាន តាម​ពិត​ទៅ​ការ​លំបាក​នឹង​បង្រៀន​យើង​ឲ្យ​ចេះ​ប្រឹង ដូច​ជា​ការ​ធ្វើ​ក្រចក​នេះ​អីចឹង វា​មើល​ទៅ​​តូច​តាច​មែន តែ​មិន​មែន​អ្នក​ណា​ក៏​ចេះ​តែ​ធ្វើ​បាន​ដោយ​គ្មាន​ជំនាញ​ឡើយ សំខាន់​ទីផ្សារ​ធ្វើ និង​រចនា​ក្រចក​ ​មាន​ទូទាំង​ពិភពលោក មិន​មែន​តែ​ស្រុក​ខ្មែរ​ទេ»។

ពេល​អ្នកគ្រូ​ជូ​ កំកំពុងបង្រៀនសិស្សរចនាក្រចក

បច្ចុប្បន្ន​ថ្នាក់​បង្រៀន​ធ្វើ​ក្រចក Queen Nail មាន​សិស្ស​ ចាប់ពី ២០នាក់ ទៅ​៥០នាក់ ក្នុងមួយថ្នាក់ ដែលមាន ២ ទីតាំង ៖

  • ទីតាំងទី១ ៖ (សៀមរាប) ផ្លូវលេខ៧ ផ្ទះលេខ ៦៨៧ ភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ម្តុំ ផាបស្ត្រីត (pup street)។ *+លេខទូរសព្ទ 086878078/0963341188 (ភ្នំពេញ)**។
  • ទីតាំងថ្មីទី២ ៖ (ភ្នំពេញ) ផ្ទះលេខ 93A ផ្លូវ 360 សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទល់ មុខសកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។ លេខទូរសព្ទ 061737979 (សៀមរាប)

អត្ថបទ៖ លីដា

អត្ថបទពេញនិយម