មិន​ធម្មតា ​មាន​កីឡា​ការិនី​ខ្មែរ ​បាន​លេខ​១​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trial ​

  • 2020-01-19 12:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trial ​ឆ្នាំ​២០២០ ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ ​ដោយ​ក្នុង​នោះ​មាន​កីឡា​ការិនី​ខ្មែរ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ផង​ដែរ។

​ការ​ប្រកួត​នេះ​ដែរ ​បាន​បែងចែក​ជា​​៦​វិញ្ញាសា ​ដោយ​ក្នុង​នោះ​រួម​មានUltra Trail Angkor 128km​​ Bayon Trail 64km ​Marathon Trail 42km ​ Jungle Trail 32km​ ​ Temple Run 16km​ និង​Nordic Walking 16km។ បេក្ខជន​ចុះ​ឈ្មោះ​សរុប ១២៥៥​នាក់ ​កម្ពុជា​មាន​ ៣៥០​នាក់ ​បរទេស​៩០៥​នាក់​ មក​ពី៤៥​ប្រទេស​ បារាំង​លេខ​១ កម្ពុជា​លេខ​២ អង់គ្លេស​លេខ​៣ ​និង​ជប៉ុន៤ ​មាន​ចំនួន​ចូល​រួម​ច្រើន​ជាង​គេ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ ​កម្ពុជា​ក៏​មាន​កីឡា​ការិនី​២​នាក់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​គួរ​ឱ្យ​សរសើរ​ផង​ដែរ។ ​ក្នុង​នោះ គឺ​កីឡា​ការិនី​កូន​ខ្មែរ​កាត់​បារាំង ​ឈ្មោះ​ថា ឡូរី ​បាន​លេខ​១​ផ្នែក​នារី ​ក្នុង​ការ​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ ​ប្រើ​ពេល​២​ម៉ោង ៤២​នាទី។ ​ម្នាក់​ទៀត​គឺ លី ណារី ​បាន​លេខ​១ ​លើ​ការ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ​ប្រើ​ពេល​៤​ម៉ោង​៥​នាទី ​និង​១៥​វិនាទី។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​រត់ Angkor Ultra Trial ​នេះ គឺ​វិញ្ញាសា​​ចម្ងាយ​១២៨​គីឡូម៉ែត្រ។ ​​ក្នុង​ការ​រត់​នេះ ត្រូវ​ចំណាយ​ពេល​២​ថ្ងៃ​ឯ​ណោះ​ទើប​រក​ឃើញ​អ្នក​លេខ​១​បាន ដោយ​លេខ​១​ផ្នែក​បុរស ​និង​ស្ត្រី គឺ​បាន​ទៅ​លើ​ជន​ជាតិ​បារាំង​ទាំង​ពីរ។ ​ដោយ​ផ្នែក​បុរស​អ្នក​ឈ្នះ​ឈ្មោះ​ថា ​Guillon Antoine ​ប្រើ​ពេល​១២​ម៉ោង ១២​នាទី​និង​៥៧​វិនាទី ​និង​ផ្នែក​នារី​បាន​លើ​ឈ្មោះ Messina Veronipue ​ប្រើ​ពេល​១៧​ម៉ោង ៣០​នាទី ​និង​២៦​វិនាទី។

ឯកឧត្ដម​បណ្ឌិត ​ថោង ខុន ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ឯកឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​បាន​ចូល​រួម​អបអរ ​ជាមួយ​កីឡាករ កីឡា​ការិនី ​ចូល​រួម​ប្រកួត​ផង​ដែរ។ ​ឯកឧត្តម ​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ ​នឹង​កាន់​តែ​មាន​អ្នក​ចូល​រួម​ច្រើន​ថែម​ទៀត ព្រោះ​ថា​ឆ្នាំ​នេះ​ការ​រៀប​ចំ​ពិត​ជា​បាន​ល្អ​ខ្លាំង​មែនទែន៕

អត្ថបទ៖ វ៉ាន់ សក្ដិ