បម្រាម៧ចំណុច នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ២០២០

  • 2020-01-20 05:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្ដីជូនដំណឹង​របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ចុះ​ថ្ងៃទី ២០ ខែមករា​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បីរក្សា​បាន​នូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ និងរបៀប​រៀបរយ​សាធារណៈ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ២៤-២៧ ខែមករា ឆ្នាំ២០២០​ខាងមុខ​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​សូមធ្វើ​ការណែនាំ​​ដល់​មន្ទីរ​ អង្គភាព ខណ្ឌ​ សង្កាត់ សមាគមក្រុមហ៊ុន​ឯកជន​ អង្គការ​ក្រៅរដ្ឋាភិបាល និង​សាធារណជនក្នុងរាជធានី​ភ្នំពេញ​ដូចតទៅ៖

១. ហាមដាច់ខាត៖

  • មិន​ឲ្យ​មាន​ការ​ដុត​ផាវ កាំជ្រួច​ ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ
  • មិន​ឲ្យ​លេង​ល្បែង​គ្រប់ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង
  • រាល់​ការ​ហែក្បួន​ផ្សេងៗទាំងបែប​សាសនា​ ឬប្រពៃ​ណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាមឃាត់។

២. នៅគ្រប់ទីកន្លែង​កម្សាន្ត​សប្បាយ​នានា មន្ទីរអង្គភាព រោងចក្រ​ សហគ្រាស គេហដ្ឋាន​ ត្រូវរក្សា​សន្ដិសុខ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន​ក្នុង​ការ​អុជទៀនធូប​ ក្រដាស​សែន​ ភ្លើង​ចង្ក្រាន្ត​ចរន្តអគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។ ដោយឡែក​ការដុត​ក្រដាស​សែនត្រូវ​ប្រើធុង​ដែក​ ឬឆ្នាំង​ដី ដើម្បីដុត​ហាមដាច់ខាត​មិន​ឲ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវសាធារណៈ។​

៣. ចាប់ពីពេល​នេះ​តទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ថ្នាក់​ត្រូវ​ចាត់​វិធានការ​ឲ្យ​ម៉ឺងម៉ាត់​បំផុត​ កុំ​ឲ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិផ្ទុះ​គ្រប់ប្រភេទ​តាម​ច្រក​ចូល​រាជធានី​ភ្នំពេញ​ និង​ត្រូវ​ត្រួតពិនិត្យ​ដក​ហូត​វត្ថុ​ទាំង​នេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទី​កន្លែង​ ក្នុងរាជធានីភ្នំពេញ។

៤. គ្រប់អង្គភាព​ សាលាខណ្ឌ​ និង​សង្កាត់​ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្រ្តី​រាជការ​ និយោជិត​ កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ឲ្យ​អនុវត្តតាម​ការ​ណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

៥. មន្ទីរធម្មការ និង​សាសនារាជធានី​ភ្នំពញ ត្រូវ​អញ្ជើញ​បណ្ដា​សមាគម​ចិន​ និង​វៀតណាម​ ដើម្បីផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ ខង​លើ​ឲ្យ​បាន​ទូលំទូលាយ។

៦. ស្នងការ​នគរបាល​រាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​រាជធានីភ្នំពេញ និង​បញ្ជាការរដ្ឋាន​យោធភូមិភាគ​ពិសេស​ ត្រូវ​ចេញ​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

៧. ជនណា​បំពាន​លើ​សេចក្ដីណែនាំ​នេះ​ ឬ​ប្រព្រឹត្តិ​ល្មើស​បង្ក​ឲ្យ​មាន​ចលនា​ក្នុង​សង្គម​ បាត់សណ្ដាប់​ធ្នាប់​​ សន្ដិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជាធរមាន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា