ចរិយា ពេជ្រ លេច​មុខ​ក្នុង​ថ្ងៃ TV5 ជប់​លៀង​អបអរ​បញ្ចប់​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ចំនួន​បី​រឿង

  • 2020-01-21 09:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ចរិយា ពេជ្រ ដែល​ស្ងប់​ស្ងាត់​ពី​សិល្បៈ​យូរ​ដែរ​ហើយ​នោះ ស្រាប់​តែ​បាន​លេច​មុខ​វិញ​ក្រឡឺម​កាល​ពី​ចុង​សប្ដាហ៍​មុន ក្នុង​ពេល​ដែល ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រារព្ធ​ពិធី​អបអរ​បញ្ចប់​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ចំនួន​បី​រឿង ដែល​ត្រៀម​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ឆាប់​ៗ​នេះ។

ចរិយា ពេជ្រ បាន​ផ្អាក​ពី​សិល្បៈ ចាប់​តាំង​ពី​នាង​បាន​រៀប​មង្គល​ការ​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​អូស្ត្រាលី លោក ជា ចឺម កាល​ពី​ឆ្នាំ​ដើម​ឆ្នាំ ២០១៨។ ការ​ដក​ខ្លួន​នេះ ក៏​ព្រោះ​នាង​សម្រេច​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​អូស្ត្រាលី។ យ៉ាង​ណា ១​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នា​ដើម​​ឆ្នាំ ២០១៩ នាង​នៅ​បង្ហាញ​ខ្លួន​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​នៅ​ឡើយ ក្រោយ​ពេល​នាង​ចូល​រួម​កម្មវិធី​សិល្បៈ​របស់​មិត្ត​រួម​អាជីព​នាង។

ប៉ុន្តែ​ពី​ពេល​នោះ មក​នាង​ក៏​បាន​បាត់​ខ្លួន​រហូត​មក លុះ​មក​ដល់​ដើម​ឆ្នាំ ២០២០ នេះ នាង​ស្រាប់​តែ​លេច​មុខ​ម្ដង​ទៀត ក្នុង​កម្មវិធី​ជប់​លៀង​បញ្ចប់​ការ​ថត​ភាពយន្ត​៣​រឿង​របស់​ប៉ុស្តិ៍​លេខ ៥។ វេលា​នោះ គេ​មើល​ឃើញ​ថា ចរិយា ពេជ្រ នៅ​តែ​មាន​សម្រស់​ស្អាត​ដដែល បើ​ទោះ​ជា​នាង​មាន​កូន​ម្នាក់​ទៅ​ហើយ​ក្ដី គឺ​សម្រស់​របស់​នាង​មិន​ប្រែប្រួល នៅ​តែ​ស្អាត​ដូច​មុន និង​មិន​ចាញ់​ក្រមុំ​ឡើយ។

វត្តមាន​របស់​អតីត​ពិធីការិនី​ស៊ីធីអិន នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា នាង​អាច​នឹង​វិល​មករក​សិល្បៈ​វិញ។ យ៉ាង​ណា នា​ពេល​នោះ ចរិយា ពេជ្រ មិន​បាន​ផ្ដល់​បទ​សម្ភាសន៍​ឡើយ។

ក្រៅ​ពី ចរិយា ពេជ្រ គេ​ឃើញ​មាន​សិល្បករ សិល្បការិនី​ខ្មែរ​ជា​ច្រើន​ទៀត ដូច​ជា ទឹម រដ្ឋា ព្រះកាយ ច័ន្ទ សន ពិសិដ្ឋ និង​សិល្បករ​ជា​ច្រើន​ទៀត សរុប​ប្រមាណ ៣០នាក់ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​វេលា​ដែល ទូរទស្សន៍​ខាង​លើ​ជប់​លៀង​បញ្ចប់​ការងារ​ផ្នែក​ខ្លះ​លើ​បេសកកម្ម​ភាពយន្ត​របស់​ខ្លួន។ តាម​លោក ហួង តារាមុន្នី ប្រធាន​ផ្នែក​ផលិតកម្មវិធី​នៃ​ស្ថានីយ៍​ទូរទស្សន៏​ប៉ុស្តិ៍​លេខ៥ បាន​ឲ្យ​ដឹង​ថា ទូរទស្សន៍​របស់​លោក​បាន​បញ្ចប់​ការ​ថត​ភាពយន្ត​ភាគ​ទូរទស្សន៍​ចំនួន​៣ ទាំង​ស្រុង ដោយ​កិច្ចការ​នៅ​សល់ គឺ​នៅ​តែ​រើស​ថ្ងៃ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។

រឿង​ទាំង​៣​នោះ មាន​រឿង “ភ្លើង​គំនុំ” “និស្ស័យ​ខ្លុយ​ស្នេហ៍” និង “សម្បថ​ដង​ស្ទឹង”។ រឿង​ភាគ​ខ្មែរ​ទាំងនេះ ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍លេខ៥ ប្រកាស​ជា​ផ្លូវ​ការ​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​នា​ពេល​ខាង​មុខ បន្ទាប់​ពី​រឿង​ចាស់​ៗ​ចប់។ ដូច្នេះ ក្នុង​នាម​លោក​តំណាង​ឱ្យ​ទូរទស្សន៍ លោក​សូមថ្លែង​អំណរ​គុណ​ដល់​បណ្តា​អ្នក​ដឹកនាំ​រឿង ហើយ​ជា​ពិសេស​តារា​សម្តែង​គ្រប់​រូប ដែល​ខំ​ប្រឹង​សម្តែង​ឱ្យ​អស់​ពី​សមត្ថភាព និង​តស៊ូ​ជាមួយ​ការងារ បើ​ទោះ​បី​ឧបសគ្គ​ខ្លះ​ក៏​ដោយ។ ចំណុច​រីករាយ​បំផុត គឺ​លោក​បាន​ឃើញសិល្បករ និង​ក្រុម​ផលិត​ទាំង​អស់ សហការ​គ្នា​បាន​ល្អ ទើប​ធ្វើ​ឲ្យ​រឿង​ទាំង​បី​រឿង​នេះ បញ្ចប់​ដោយ​ជោគជ័យ និង​ទៅ​តាម​ផែន​ការ។

សូម​បញ្ជាក់​ថា រឿង “ភ្លើង​គំនុំ” មាន​តារា​សម្តែង​កញ្ញា ឌី សូនីតា ជា​តួឯក​ស្រី ជាមួយ​លោក សក្កដា ហើយ​រឿង​ក៏​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​ហើយ​នា​ម៉ោង​មាស​ពេល​ល្ងាច។ រឿង “និស្ស័យ​ខ្លុយ​ស្នេហ៍” មាន​កញ្ញា មុន្នី ម៉ូនីតា និង លោក មុំ សុទ្ធារ៉ា ហើយ​ចំណែក​រឿង “សម្បថ​ដង​ស្ទឹង” វិញ​មាន​តួឯក កញ្ញា ព្រះ កាយ​ច័ន្ទ ប៉ះគ្នា​នឹង​លោក សន ពិសិដ្ឋ។ រឿង​ទាំង​ពីរ មិន​ចេញ​កាល​បរិច្ឆេទ​ត្រូវ​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម