រាជទាយាទ​អារ៉ាប់​ជាប់ពាក់ព័ន្ធការ Hack គណនី WhatsApp របស់ Jeff Bezos

  • 2020-01-22 03:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស The Guardian នា​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា​លោក Jeff Bezos គឺ​ជា​ជន​រងគ្រោះ​នៃ​ប្រតិបត្តិការ Hack ដែល​ធ្វើ​តាម​កម្មវិធី WhatsApp ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman។

ប្រតិបត្តិការ​ Hack បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​ពេល​លោក Jeff Bezos ទទួល​បាន​សារ​មួយ​ពី​រាជទាយាទ ឬ អ្នក​ដែល​កាន់​កាប់​គណនី​ WhatsApp របស់​ទ្រង់។ សារ​នោះ​អាច​មាន​ផ្ទុក​នូវ​វីដេអូ​ដែល​អ្នក​វិភាគ​​រក​ឃើញ​ថា​មាន​ផ្ទុក​នូវ​មេរោគ​ដែល​អាច​ឲ្យ​គេ​យក​ទិន្នន័យ​ពី​ទូរសព្ទ​របស់​​ស្ថាបនិក​ Amazon បាន។

ត្បិត​ថា​របាយការណ៍​បាន​សន្និដ្ឋាន​ថា​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជា​ច្រើន​របស់​លោក Jeff ​ត្រូវ​គេ​យក​បាន​ ក្រោម​ប្រតិបត្តិការ​ Hack នេះ គេ​មិន​ដឹង​ច្បាស់​នោះ​ទេ​ថា​ក្នុង​នោះ​មាន​ព័ត៌មាន​ប្រភេទ​ណា​ខ្លះ។ ​​​​​​​ប៉ុន្តែ​​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៩ លោក​ Jeff បាន​ចោទ​ប្រកាន់​សារព័ត៌មាន National Enquirer ដែល​បាន​ព្យាយាម​គម្រាម​លោក​ជា​មួយ​សារ​ និង​រូបភាព​អាក្រាត​ ដែល​​អាច​ឲ្យ​គេ​ដឹង​​ច្បាស់​អំពី​រឿង​​ស្នេហា​លួច​លាក់​របស់​លោក។

របាយការណ៍​នៃ​រឿង​ស្នេហា​លូច​លាក់​ដែល​ចេញ​ផ្សាយ​មុន​មួយ​ខែ បង្ហាញ​ថា​ហេតុអ្វី​បាន​ជា​លោក Jeff និង​ភរិយា​យូរ​ឆ្នាំ​របស់​លោក សម្រេច​ចិត្ត​លែង​លះ ដែល​នាំ​ឲ្យ​លោក Jeff បង្កើត​ក្រុម​ស៊ើបអង្កេត​រក​មូលហេតុ​ដែល​នាំ​ឲ្យ​រឿង​សម្ងាត់​របស់​ខ្លួន​បែក​ធ្លាយ។

ក្រោយ​មក Gavin de Becker ប្រធាន​ផ្នែក​សុវត្ថិភាព​របស់​លោក Jeff បាន​សន្និដ្ឋាន​ថា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​យក​​ព័ត៌មាន​សម្ងាត់​នេះ ហើយ​ de Becker ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ជា​ប្រភព​ព័ត៌មាន​សម្រាប់​របាយការណ៍​របស់ National Enquirer ផ្ទាល់​តែ​ម្ដង៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី