ចេញមកច្បាស់ៗ រូបភាពផ្លូវការ Galaxy S20 ទាំង ៣ប្រភេទ

  • 2020-01-24 06:56:04
  • ចំនួនមតិ 5 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ


ប៉ុន្មាន​សប្ដាហ៍​ទៀត​ Samsung នឹង​ប្រកាស​ចេញ​គ្រួសារ​ Galaxy S20 ជា​ផ្លូវ​ការ ពោល​គឺ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ខាង​មុខ​នេះ។

ពេល​នេះ​ Ishan Agarwal សហការ​ជា​មួយ 91Mobiles បាន​បង្ហាញ​ចេញ​រូបភាព​ Render ផ្លូវ​ការ​នៃ​ស្មាតហ្វូន Galaxy S20 ទាំង​បី​ប្រភេទ។ បញ្ជាក់​ថា​នេះ​គឺ​ជា​​រូបភាព Render ផ្លូវ​ការ​តែ​ម្ដង ដែល​បង្កើត​ឡើង​ដោយ Samsung សម្រាប់​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​ពេល​ស្មាតហ្វូន​នេះ​ប្រកាស​ចេញ។

បន្ថែម​ពី​លើ​រូបភាព​ផ្លូវ​ការ Agarwal ក៏​បាន​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ និង​តម្លៃ​នៃ​ស្មាតហ្វូន​ថ្មី​នេះ​ទៀត។ តាម​ដាន​ដូច​ខាង​ក្រោម​នេះ ៖

Galaxy S20 និង Galaxy S20 5G

ដូច​រូបភាព​ដែល​បង្ហាញ​ខាង​លើ ឃើញ​ថា​ Galaxy S20 មាន​រូបរាង​ដូច​នឹង​រូបភាព​លេច​ធ្លាយ​កន្លង​មក​ដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ដង្គុំ​កាមេរ៉ា។ គេ​អាច​ឃើញ​ច្បាស់​នូវ​ការ​តម្រៀប​កាមេរ៉ា​បី​គ្រាប់​ជា​ជួរ​បញ្ឈរ ដែល​ទំនង​ជា​មាន​កាមេរ៉ា​មេ ១២MP, កាមេរ៉ា Telephoto កម្រិត ៦៤MP និង​កាមេរ៉ា Ultra-Wide កម្រិត ១២MP ផង​ដែរ។

រូបរាង Galaxy S20 ធម្មតា និង Galaxy S20 5G គឺ​​អាច​ដូច​គ្នា​ទាំង​ស្រុង ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​អាច​ខុស​គ្នា​បន្តិច​បន្តួច។ ខុស​គ្នា​ខ្លាំង​គឺ​ត្រង់​តម្លៃ​លក់​ដែល​ប្រភេទ 4G ប្រហែល​ជា​មាន​តម្លៃ​ចាប់​ពី ៩៩៣ ដុល្លារ និង 5G មាន​តម្លៃ​ចាប់​ពី ១ ១០៣ ដុល្លារ។

Galaxy S20+ និង Galaxy S20+ 5G

Galaxy S20+ ក៏​មាន​ការ​តម្រៀប​កាមេរ៉ា​ជា​បួន​ជ្រុង​ទ្រវែង​ដែរ ប៉ុន្តែ​មាន​កាមេរ៉ា​បួន​គ្រាប់ ដែល​អាច​មាន​កាមេរ៉ា​មេ ១២MP, កាមេរ៉ា Telephoto ទំហំ ៦៤MP, កាមេរ៉ា Ultra-Wide ទំហំ ១២MP និង​​ប្រព័ន្ធ​កាមេរ៉ា​វាស់​ជម្រៅ ToF។ តម្លៃ​សម្រាប់​ Galaxy S20+ 5G គឺ​មាន​ប្រមាណ ១ ២១៣ ដុល្លារ ហើយ​សម្រាប់​ប្រភេទ​ធម្មតា​មិន​មាន​បង្ហាញ​តម្លៃ​នៅ​ឡើយ​ទេ។

Galaxy S20 Ultra 5G

S20 Ultra 5G គឺ​ខុស​ពី​ពីរ​ប្រភេទ​ខាង​លើ ដោយ​អាច​នឹង​មិន​មាន​ជា​ប្រភេទ 4G នោះ​ឡើយ។ ចំណុច​លេច​ធ្លោ​របស់​វា​គឺ​នៅ​ត្រង់​ដង្គុំ​កាមេរ៉ា​ខាង​ក្រោយ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ១០២MP, កាមេរ៉ា Telephoto កម្រិត ៤៨MP, កាមេរ៉ា Ultra-Wide កម្រិត ១២MP ហើយ​អាច​មាន​កាមេរ៉ា​វាស់​ជម្រៅ​មួយ​ទៀត។

ពិសេស​នោះ​គឺ​គេ​ឃើញ​មាន​សញ្ញា Space Zoom 100x ដែល​បញ្ជាក់​អំពី​មុខងារ Space Zoom លើ S20 Ultra 5G គឺ​មាន​ពិត​មែន ដែល​វា​អាច​ធ្វើ​ការ​ Zoom បែប Hybrid បាន ១០០ ដង​ឯណោះ។ Galaxy S20 Ultra 5G អាច​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១ ៤៩០ ដុល្លារ៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង