ផែនការបង្កើនចំនួនផលិត iPhone របស់ Apple អាចត្រូវបង្អាក់ដំណើរព្រោះវីរុសកូរ៉ូណា

  • 2020-01-28 09:54:42
  • ចំនួនមតិ 2 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ


ផែនការ​ Apple ដែល​ចង់​បង្កើន​ចំនួន​ផលិត​ iPhone ត្រឹម​ ១០% នៅ​​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ អាច​ត្រូវ​រាំង​ស្ទះ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei Asian Review នា​ថ្ងៃ​អង្គារ។

Apple បាន​ប្រាប់​ទៅ​ដៃ​គូ​ផ្គត់ផ្គង់​ដែល​ពួក​គេ​​​ភាគ​ច្រើន​មាន​រោងចក្រ​ផលិត​ក្នុង​ប្រទេស​ចិន ​ឲ្យ​ផលិត iPhone ដល់ ៨០​ លាន​គ្រឿង​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ ២០២០។ ក្នុង​នោះ​មាន​ ៦៥ លាន​គ្រឿង​គឺ​ជា iPhone ស៊េរី​បច្ចុប្បន្ន​ដូច​ជា iPhone 11 និង ១៥ លាន​គ្រឿង​គឺ​ជា iPhone តម្លៃ​ធូរ​ស៊េរី​ថ្មី ដែល​លេច​ឮ​ថា​ប្រកាស​ចេញ​នៅ​ខែ​មីនា​ខាង​មុខ។

យ៉ាងណាក្ដី ការ​ផលិត​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ទី ៣ នៃ​ខែ​កុម្ភៈ ប្រហែល​ជា​ត្រូវ​​ពន្យារពេល​ដោយ​សារ​ការ​ផ្ទុះ​នៃ​វីរុស។

មក​ទល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ វីរុស​កូរ៉ូណា​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ និង​មាន​ជាង ៤ ៥០០ នាក់​ទៀត​មាន​ឆ្លង​ជំងឺ​នេះ៕​​​

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខហេង