តោះ! ដឹងលម្អិតពីបច្ចេកវិទ្យា USB PD ដែលសាកថ្មទូរសព្ទបានលឿន

  • 2020-02-04 03:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើលោកអ្នកបានទិញទូរសព្ទនាពេលថ្មីៗនេះ លោក​អ្នក​ប្រហែល​ជា​មាន​ការ​កត់​សម្គាល់​ហើយ​ថា ទូរសព្ទរបស់លោកអ្នកអាចបញ្ចូលថ្មបានលឿនជាងមុន នោះ​គឺ​ដោយ​សារ​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ក្នុង​ការបញ្ចូលថ្មដែលមានដូចជា Quick Charge, Pump Express និង USB Power Delivery (USB PD) ដោយឡែកបច្ចេកវិទ្យា USB PD ត្រូវ​បាន​យក​មក​ប្រើប្រាស់​ច្រើន​ជាង​គេ​មិន​ត្រឹម​តែ​សម្រាប់​ទូរសព្ទ ថែមទាំងសម្រាប់កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។

កាលពីដំបូងបច្ចេកវិទ្យា USB ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនទិន្នន័យ និង​ផ្ដល់​កម្លាំង​ចរន្ត​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ USB PD អាចផ្ដល់កម្លាំងចរន្តខ្លាំង​ និង​បន្ថែម​មុខងារ​ថ្មីៗ​មួយ​ចំនួន​ដូចជា៖

  • ផ្ដល់កម្លាំងចរន្តដល់ទៅ 100W (វ៉ាត់) ដែលអាចប្រើជាមួយកុំព្យូទ័រ, monitor, hard drive, printer ជាដើម។

  • អាចបញ្ចូលថ្មទូរសព្ទលឿនជាងរហូតដល់៧០% បើប្រៀបធៀបទៅនឹងឆ្នាំងសាកធម្មតា (5W)។

  • ឆ្នាំងសាក PD មួយអាចប្រើសម្រាប់បញ្ចូលថ្មឧបករណ៍ជាច្រើន ព្រោះតែឆ្នាំងសាក PD អាច​ផ្លាស់​ប្ដូរ​ទិន្នន័យ​ជាមួយឧបករណ៍ដែលកំពុងភ្ជាប់ ហើយ​ផ្ដល់​ត្រឹម​តែ​កម្លាំង​ចរន្ត​ដែល​ឧបករណ៍​នោះ​ត្រូវ​ការ។

  • PD ឧបករណ៍អាចប្រើកន្លែងភ្ជាប់តែមួយដើម្បីទទួលកម្លាំងចរន្ត ឬផ្ដល់កម្លាំងចរន្តក៏បាន។

ដើម្បីប្រើបច្ចេកវិទ្យា Power Delivery លោកអ្នកត្រូវមាន ឧបករណ៍ដែលមានបច្ចេកវិទ្យា PD, ឆ្នាំង​សាក PD និងខ្សែ USB-C។ ដោយហេតុតែឆ្នាំងសាក PD អាចផ្ដល់កម្លាំងចរន្តខ្លាំង នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ជៀសវាងប្រើឆ្នាំងសាក ឬខ្សែ USB-C ក្លែងក្លាយ​ ដែលអាចធ្វើឱ្យខូចឧបករណ៍របស់លោកអ្នក៕

ចុចអាន៖

អត្ថបទ និងរូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា