រិន​ សារ័ត្ន​ ឡើង​ប្រកួត​ជុំ​ទី២​សប្ដាហ៍​នេះ​មាន​ លៀង​ ស៊ីពេជ្រ​ ឆ្លាម​ ស​ សែន​ រ៉ាដេត​ ជួយ​បង្ហាត់​

  • 2020-02-06 07:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​ការ​តៀម​ឡើង​សង្វៀន​ TV5​ ជុំ​ទី២​នេះ​បាន​តិចតួច​នោះ​ទេ​ ដោយ​សារ​តែ​ដឹង​ការ​ប្រកួត​យឺត​ពេក​ ប៉ុន្តែ​បាន​កីឡាករ​ឆ្នើម​ៗ​ដូច​ជា​ លៀង​ ស៊ីពេជ្រ​ សែន​ រ៉ាដេត​ ជា​ដើម​ជួយ​កាន់​ស៊ីប​ និង​ចាប់​ឡាំម​ជង្គង់។​

កីឡាករ រិន សារ័ត្ន

រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​ អ៊ុង​ កំសត់​ ជុំ​ទី២​នេះ​សង្ឃឹម​ទទួល​ជ័យជម្នះ​ច្រើន​ ដោយ​សារ​តែ​ឃើញ​ដៃគូ​ និង​បាន​ដឹង​ពី​សមត្ថភាព​រួចហើយ។​ មួយ​វិញ​ទៀត​ខ្លួន​ឯង​ផ្ទាល់​មាន​សមត្ថភាព​កើន​ជាង​មុន​ ដោយ​សារ​តែ​មាន​ លៀង​ ស៊ីពេជ្រ​ សែន​ រ៉ាដេត​ និង​ ឆ្មាម​ ស​ ជា​ដើម​បាន​ជួយ​បង្ហាត់​បង្រៀន​ និង​ចាប់​ឡាំម​ជង្គង់។​

កីឡាករ​ដើម​កំណើត​មក​ពី​ព្រៃវែង​រូប​នេះ​បន្ត​ទៀត​ថា​ មែនទែន​ទៅ​ខ្លួន​ទើប​តែ​ដឹង​ថា​ត្រូវ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ​ ដូច្នេះ​បុក​ហាត់​ខ្លាំង​ទើប​តែ​២-៣​ថ្ងៃ​នេះ​ ប៉ុន្តែ​ជា​រៀងរាល់​ថ្ងៃ​គឺ​បាន​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ និង​បង្ហាត់​សិស្ស​ជាប់​រហូត​ផង​ដែរ។​

រិន សារ័ត្ន ពេលឈ្នះជុំទី១

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​បាន​ឈាន​ដល់​ជុំ​ទី២​ វគ្គ​១៦​នាក់​ចុង​ក្រោយ​ហើយ។​ សប្ដាហ៍​នេះ​គឺ​មាន​២គូ​ដូច​រាល់​ដង​ រិន​ សារ័ត្ន​ ប៉ះ​ អ៊ុង​ កំសត់​ និង​ អៀប​ លីឆា​ ប៉ះ​ ខាំ​ សាបាន ​នា​ថ្ងៃ​សៅរ៍​ ទី៨​ ខែ​កុម្ភៈ​ ២០២០​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​