តើមានសញ្ញាអ្វីខ្លះដែលអាចដឹងថាគណនីដែលប្រើប្រាស់លើអ៊ីនធឺណិតរបស់អ្នកត្រូវបានគេលួចចូល?
- មានការបញ្ចេញមតិថ្មី (post) ដែលអ្នកមិនបានបង្ហោះនៅលើទំព័របណ្តាញសង្គមរបស់អ្នក – វាអាចជាប្រភេទ posts សម្រាប់ទាក់ទាញមិត្តរបស់អ្នកឱ្យចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីជាដើម។
- មិត្តភ័ក្រ, សមាជិកគ្រួសារ ឬមិត្តរួមការងារ ប្រាប់ថាបានទទួលអ៊ីមែលពីអ្នក ដែលជាការពិតអ្នកមិនដែលបានផ្ញើទៅនោះទេ។
- ព័ត៌មានរបស់អ្នកត្រូវបានបាត់បង់តាមរយៈការបំពានទិន្នន័យ (data breach), ការឆ្លងមេរោគ ឬឧបករណ៍អេឡិកត្រូនិចដែលបាត់។
ប្រសិនបើអ្នកជឿជាក់ថាគណនីណាមួយរបស់អ្នកត្រូវបានគេលួចចូលសូមអនុវត្តតាមជំហានខាងក្រោម៖
- គួរជូនដំណឹងទៅកាន់បញ្ជីអាសយដ្ឋានទំនាក់ទំនង (contact list) ទាំងអស់របស់អ្នកថា ពួកគេអាចទទួលបានសារឥតបានការផ្ញើចេញមកពីគណនីរបស់អ្នក ហើយប្រាប់ពួកគេថាមិនគួរបើកសារ ឬចុចលើតំណភ្ជាប់ណាមួយដែលបានផ្ញើចេញពីគណនីរបស់អ្នក (compromised account) ហើយប្រាប់ពួកគេបន្ថែមអំពីករណីដែលអាចឆ្លងមេរោគប្រសិនបើមានការចុច ឬបើកឯកសារណាមួយដែលផ្ញើមកនោះទេ។
- ប្រសិនបើអ្នកជឿជាក់ថាកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ សូមត្រួតពិនិត្យមើលថាកម្មវិធីសុវត្ថិភាពរបស់អ្នកទាន់សម័យដែរឬទេ
(up to date) ហើយស្កេនប្រព័ន្ធរបស់អ្នកដើម្បីស្វែងរកមេរោគ។ អ្នកក៏អាចប្រើកម្មវិធីប្រឆាំងមេរោគផ្សេងៗទៀតក្រៅពីប្រព័ន្ធដែលមានភ្ជាប់មកស្រាប់ក្នុងប្រព័ន្ធប្រតិបតិ្តការរបស់អ្នក។
- ផ្លាស់ប្តូរពាក្យសម្ងាត់គ្រប់គណនីទាំងអស់ដែលត្រូវបានគេលួចចូលឱ្យបានឆាប់បំផុត។ ពាក្យសម្ងាត់ខ្លាំង គឺជាពាក្យដែលមានប្រវែងយ៉ាងតិច ១២ តួអក្សរ អ្នកអាចផ្តោតលើប្រយោគ ឬពាក្យវិជ្ជមានដែលអ្នកចូលចិត្តហើយងាយចាំ
(ឧទាហរណ៍ “ILoveCambodia1@”) ។
ប្រសិនបើអ្នកមិនអាចចូលប្រើគណនីរបស់អ្នកបានដោយសារពាក្យសម្ងាត់ត្រូវបានផ្លាស់ប្តូរ សូមទាក់ទងក្រុមហ៊ុនផ្តល់សេវាកម្មភ្លាមៗ ហើយធ្វើតាមជំហានណែនាំដើម្បីទាញយកគណនីមកវិញ។
ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕
ប្រភព៖ CamCERT