ប្រភពថ្មីមួយទៀតនិយាយថា iPhone ស៊េរីថ្មី តម្លៃចាប់ពី ៣៩៩ដុល្លារ

  • 2020-02-10 03:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​ផ្សាយ​ថ្មី​មួយ​របស់​ទស្សនាវដ្ដី Fast Company បាន​និយាយ​អំពី​ផែនការ​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​របស់​ Apple នា​អំឡុង​ខែ​មីនា​ខាង​មុខ ដែល​វា​មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ។

ទស្សនាវដ្ដី​ខាង​លើ​អះអាង​ថា​​ប្រភព​របស់​ខ្លួន បាន​ប្រាប់​អំពី​តម្លៃ​នេះ ដែល​វា​ដូច​គ្នា​នឹង​​របាយការណ៍​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ Ming-Chi Kuo បាន​និយាយ​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៩ កន្លង​ទៅ។

iPhone SE និង iPhone 8

ជា​មួយ​តម្លៃ ៣៩៩ ដុល្លារ iPhone ថ្មី នឹង​មាន​តម្លៃ​ដូច​នឹង iPhone SE ចេញ​ឆ្នាំ ២០១៦ ដែល​នេះ​ជា​មូលហេតុ​ដែល​​មនុស្ស​មួយ​ចំនួន​ហៅ​វា​ថា​ iPhone SE 2។ អ្នក​ដទៃ​ទៀត​បាន​ហៅ​វា​ថា "iPhone 9” ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា Apple នឹង​ឲ្យ​ឈ្មោះ​វា​បែប​ម៉េច​នោះ​ទេ។

រូបភាព Render នៃ iPhone តម្លៃធូរស៊េរីថ្មី

ទោះ​យ៉ាង​ណា​គេ​បាន​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​វា តាម​រយៈ​ដំណឹង​លេច​ធ្លាយ​ជា​ច្រើន។ iPhone ស៊េរី​ធូរ​ជំនាន់​ថ្មី នឹង​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 8 និង​មាន​ប៊ូតុង​ Home បង្កប់​ដោយ Touch ID។ វា​នឹង​មាន​ប្រើ​ឈីប A13 ដែល​អាច​មាន​ RAM ទំហំ ៣GB ជា​មួយ​ជម្រើស​អង្គ​ផ្ទុក​ ៦៤GB និង ១២៨GB។ ដើម្បី​រក្សា​តម្លៃ​ឲ្យ​ទាប វា​នឹង​ប្រើ​ប្រាស់​កាមេរ៉ា​តែ​មួយ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។

ការ​ផលិត iPhone ថ្មី​នេះ គ្រោង​ថា​ចាប់​ផ្ដើម​នា​ខែ​កុម្ភៈ ប៉ុន្តែ​រោងចក្រ​ផ្គត់ផ្គង់​របស់ Apple ត្រូវ​បាន​បិទ​ដំណើរ​ការ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន។ គេ​មិន​ច្បាស់​ថា​វា​នឹង​ប៉ះពាល់​ដល់​ផែនការ​ផលិត​ ឬ​​កាល​បរិច្ឆេទ​ចេញ​លក់​អាច​មាន​ការ​ពន្យារពេល​​​យ៉ាង​ណា​នោះ​ទេ៕​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម