ជួយគ្នា! ​ទូត​អាមេរិក ​និង​មេ WHO ​អរគុណ​ទឹក​ចិត្ត​កម្ពុជា ​ដែល​ឱ្យ​នាវា​ Westerdam ​បាន​ចត​

  • 2020-02-13 02:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​កម្ពុជា ​បាន​សម្រេច​ឱ្យ​នាវា Westerdam ​របស់​អាមេរិក​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​ចូល​ចត​នៅ​ព្រឹកមិញ​នេះ ​ក្រោយ​ពី​ប្រទេស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ឱ្យ​ចូល​ចត​នោះ​ទេ ព្រោះ​ខ្លាច Corona ​។

នាវាខ្នាតយក្ស Westerdam ដែលបានសុំចតនៅកំពង់ផែ ក្រុងព្រះសីហនុ

​ការ​ឱ្យ​ចូល​ចត​របស់​កម្ពុជា​នេះ​គឺ​ធ្វើ​តាម​សម្ដេច​តេជោ ហ៊ុន សែន ​ដែល​បាន​ផ្ដល់​កន្លែង​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ដែល​ស្ថិត​នៅ​លើ​នាវា​នោះ ​ខណៈ​ដែល​ពួកគេ​អស់​ស្បៀង​អាហារ​ទៅ​ហើយ។ ​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ ​ត្រូវ​បាន​ទូត​អាមេរិក ​ប្រចាំ​នៅ​កម្ពុជា ​ថ្លែង​អំណរ​គុណ​ជា​ខ្លាំង ត្បិត​អី​ប្រទេស​ជា​ច្រើន​មិន​ព្រម​ឱ្យ​នាវា​នេះ​បាន​ចូល​ចត​នោះ​ទេ ​មាន​តែ​កម្ពុជា​ប៉ុណ្ណោះ។

​ដោយ​ឡែក​លោក Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក WHO ​វិញ ​ក៏​បាន​សរសេរ​សារ​អរគុណ​ដល់​កម្ពុជា ​ដែល​បាន​ផ្ដល់​កន្លែង​ចត​ឱ្យ​នាវា​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​នេះ​ដែរ។ ​លោក​បាន​បញ្ជាក់​ថា​នេះ​ជា​សន្ដាន​ចិត្ត​មួយ ​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា ដើម្បី​បំបាក់​ជំងឺ Corona ។

​រំលឹក​ថា ​នាវា Westerdam ​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន ​ដូចជា​ហ្វីលីពីន ជប៉ុន ​តៃវ៉ាន់ ​និង​ថៃ​ជា​ដើម ​បាន​បដិសេធ​មិន​ព្រម​ឱ្យ​ចូល​ចត​នោះ​ទេ ​ដោយ​សង្ស័យ​ថា​មាន​អ្នក​ផ្ទុក​មេរោគ Corona ​លើ​នោះ។ យ៉ាងណាមិញ ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​បញ្ជា​ការ​លើ​នាវា ​គឺ​មនុស្ស​ទាំង​ជាង​២​ពាន​នាក់ គ្មាន​រោគ​សញ្ញា​ឬ​ផ្ទុក​មេរោគ Corona ​នោះ​ទេ។ ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា៕

អត្ថបទ៖ ប្រុស យុទ្ធ