ម៉ាកឡានប្រណីតកូរ៉េ Genesis យកឈ្នះ Lexus ក្នុងការសិក្សាមួយ

  • 2020-02-14 02:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​រថយន្ត​ប្រណីត​របស់​កូរ៉េ​ខាង​ត្បូង​ Genesis បាន​ឈរ​នៅ​លើ​តំណែង​កំពូល​ក្នុង​ការ​សិក្សា​ផ្នែក​​​​Vehicle Dependability Studyជា​ការ​សិក្សា​​ប្រចាំ​ឆ្នាំ​របស់​ J.D. Power នៅ​អាមេរិក។

Vehicle Dependability Study គឺ​ជា​ការ​វាស់​វែង​លើ​ចំនួន​នៃ​បញ្ហា​​ក្នុង​ចំណោម​រថយន្ត​ ១០០ គ្រឿង ដែល​ម្ចាស់​រថយន្ត​ជួប​ប្រទះ​ផ្ទាល់​ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយ សម្រាប់​រថយន្ត​ដែល​មាន​អាយុ​កាល ៣ ឆ្នាំ។ សម្រាប់​ឆ្នាំ ២០២០ ការ​សិក្សា​​គឺ​ផ្ដោត​​លើ​រថយន្ត​ម៉ូដែល​ឆ្នាំ ២០១៧ ដោយ​​រថយន្ត​បាន​ពិន្ទុ​ទាប​គឺ​មាន​ន័យ​ថា​មាន​គុណភាព​ខ្ពស់។

ក្នុង​ការ​សិក្សា​ Genesis ស្ថិត​នៅ​តំណែង​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​ម៉ាក​រថយន្ត​ដទៃ​ទៀត ដោយ​មាន​ ៨៩ បញ្ហា​ក្នុង​រថយន្ត ១០០ គ្រឿង អាច​យក​ឈ្នះ Lexus ដែល​មាន​ ១០០ បញ្ហា​ក្នុង​រថយន្ត ១០០ គ្រឿង។ អ្វី​ដែល​ភ្ញាក់ផ្អើល​គឺ នេះ​ជា​លើក​ដំបូង​​ដែល Genesis ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​សិក្សា​ដែល​មាន​រយៈពេល ៣១ ឆ្នាំ​នេះ។

​​មាន​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​ឃើញ​ថា​​ទទួល​បាន​ពិន្ទុ​ល្អ​ប្រសើរ​ជាង​មុន​ធៀប​នឹង​ឆ្នាំ ២០១៩។ ឧទាហរណ៍​ដូច​ជា​ម៉ាក​រថយន្ត Cadillac ដែល​ថយ​ចុះ​បញ្ហា​ចំនួន ៣៣ ក្នុង​រថយន្ត​ ១០០ គ្រឿង ចំណែក​ Mazda ថយ​ចុះ​បញ្ហា​ចំនួន ២៩, Lincoln ថយ​ចុះ​បញ្ហា​ ២៨, Ford ថយ​ចុះ​បញ្ហា ២០, Buick ថយ​ចុះ​បញ្ហា ១៥ ផង​ដែរ។

​បើ​គិត​តែ​លើ​ម៉ូដែល​នីមួយៗ​វិញ Lexus ES ជា​ម៉ូដែល​ដែល​មាន​បញ្ហា​តិច​ជាង​គេ​គឺ មាន​ ៥២ បញ្ហា​ក្នុង​ចំណោម​រថយន្ត ១០០ គ្រឿង ជា​ពិន្ទុ​ខ្ពស់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​សិក្សា​នេះ៕​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង