​គម្រោង​លំនៅឋាន​​​​​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ​​សម្រាប់​​គ្រួសារ​មាន​​​ចំណូល​ទាប​​នឹង​ប្រគល់​ផ្ទះ​ជូន​មុន​​ចូល​​ឆ្នាំ​ខ្មែរ

  • 2020-02-17 13:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​​ផ្ទះ​តម្លៃ​​សមរម្យ​ ដែល​គាំទ្រ​ និង​ផ្ដួច​ផ្ដើម​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោង​នឹង​​ប្រគល់​ផ្ទះ​ដល់​ពលរដ្ឋ​ជា​មន្ត្រី​រាជការ កម្មករ-កម្មការិនី​ នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​។ ​នេះ​បើ​តាម​ប្រសាសន៍​លោក ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី នគ​រូបនីយកម្ម និង​សំណង់​ ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ​តម្លៃ​សមរម្យ​សាង​សង់​ដោយ​​​ក្រុមហ៊ុន​វើលដ៏​ប្រ៊ីហូម​ ​​នៅ​​រសៀល​​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ។ ​

គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង​៥ ស្ថិត​នៅ​ក្នុង​ភូមិ​កោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ត​កណ្តាល​មាន​ចម្ងាយ​​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ ​សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​២៣ហិកតា ​មាន​ចំនួន​២៤៥៧​ផ្ទះ​មាន​ទុន​វិនិយោគ​ប្រមាណ​៧៨លាន​ដុល្លារ​អាមេរិក​។​​

​​​​មក​ដល់​ពេល​នេះ ​ក្រុមហ៊ុន​បាន​លក់​ផ្ទះ​ចំនួន​១០៨៨ ​ផ្ទះ​ ស្មើ​៤៤ % នៃ​ចំនួន​សរុប​ ក្នុង​នោះ​អតិថិជន​ជា​មន្ត្រី​រាជ​ការ​មាន​ចំនួន​ជាង​២៣ % ។ ក្រុមហ៊ុន​បាន​បញ្ចប់​ការ​សាង​សង់​ផ្ទះ​ជា​ស្ថាពរ​ចំនួន​២០៣​ផ្ទះ​ គ្រោង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ និង​គ្រោង​បញ្ចប់​ការ​សាង​សង់​គម្រោង​ទាំង​មូល​នៅ​មុន​បំណាច់​ឆ្នាំ ​២០២០​។

គម្រោង​លំនៅឋាន​​តម្លៃ​​សមរម្យ​សម្រាប់​មន្ត្រី​រាជការ​​ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​​ពិការ​មាន​ចំណូល​​ទាប​ និង​មធ្យម​ ​​អាច​​បង់​រំលោះ​ត្រឹម​១​ខែ​៨០​ដុល្លារ​ ក្នុងឆ្នាំ២០២០​​គឺ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​បង​ប្អូន​​មន្ត្រី​រាជការ​តែ​ម្ដង​។​

“​លំនៅឋាន​ គម្រោង​ដំបូង​​គេ​នេះ​អាច​ចាត់​ថា​ សាក​សម​​ មាន​ស្តង់ដា​ល្អ​​អាច​ឱ្យ​បង​ប្អូន​រស់​នៅ​មាន​ផា​សុខភាព​ សុវត្ថិភាព​ សេចក្ដី​ថ្លៃ​ថ្នូរ​ និង​​​ជា​គំរូ​ សម្រាប់​​​គម្រោង​ផ្សេង​ៗ​ទៀត​។អញ្ចឹង​ខ្ញុំ​នឹង​មក​ម្តង​ទៀត​ និង​សន្យា​ជួប​​​បង​ប្អូន​នៅ​ចុង​សប្ដាហ៍​ទី១​ ខែ​មេសា ​មាន​​ន័យ​ថា​ ឆេង​ម៉េង​ហើយ​យើង​មក​ជុំ​គ្នា​ និង​​ចូល​រស់​នៅ​​តែ​ម្តង​​”។ លោក​ ជា​ សុផារ៉ា បន្ថែម​​។

គិត​ត្រឹម​​ដើម​ឆ្នាំ​​២០២០​ នេះ​​គម្រោង​លំនៅ​ឋាន​សាធារណៈ​ និង​តម្លៃ​​ទាប​ សម្រាប់​គ្រួសារ​​មន្ត្រីរាជការ​ការ​មាន​​​ចំនួន​ ៥ គម្រោង​។ គម្រោង​អភិវឌ្ឍ​"លំនៅឋាន​​ទីក្រុង​រណប​សិរីមង្គល​”​ របស់​ក្រុម​ worldbridge Home Co,Ltd មាន​​ទីតាំង​​នៅ​ភូមិ​កោះ​គរ​ ឃុំ​​រកា​ខ្ពស់​ ស្រុក​ស្អាត​ ខេត្ត​កណ្ដាល​​គឺ​ជា​​គម្រោង​ដំបូង​គេ​ ដែល​​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​​ពី​ថ្ងៃ​ទី ៧ ខែ​មករា​ ឆ្នាំ​២០១៧ ​ក្រោម​អធិបតី​ភាព​លោក​ឧបនាយករដ្ឋមន្រ្តី​​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម និង​សំណង់ ​ជា សុផារ៉ា​ ​និង​​លោក​ឧកញ៉ា ​សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​៕