ទម្រាំមាន​ឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃ J-Hope ស៊ូខ្លាំង ហើយមិនដែលអស់សង្ឃឹមម្ដងឡើយ

  • 2020-02-18 03:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​មាន​ឈ្មោះ​ល្បីល្បាញ​មក​ តារាៗ K-Pop តែង​ត្រូវ​បាន​អ្នក​គាំទ្រ​ធ្វើ​ខួប​កំណើតទៅ​តាម​វិធី​ផ្សេងៗ​គ្នា បូក​រួម​ជាមួយ​នឹង​ Hashtag ជា​ច្រើន​ដើម្បី​អបអរ ក៏ដូចជា​បញ្ជាក់​ក្ដី​ស្រឡាញ់។ ក្នុង​នោះ​ក៏​រួម​មាន​សមាជិកពូកែ​លេង​ J-Hope ផងដែរ។

ដោយ​ឡែក​ ងាក​ចេញ​ពី​រឿង​រីករាយ​បន្តិច​ ដើម្បី​ដឹង​ថា​តើ​រយៈពេល​បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ​ តើ​ J-Hope ជួប​រឿង​អ្វី​ខ្លះ ពិសេស​រឿង​ពិបាកៗ? សូម​ជ្រាប​ដូច​ខាងក្រោម៖

១. តារា​ប្រុស​ដែល​មាន​ប្រភព​កំណើត​ក្នុង​ទីក្រុង​ Gwangju រូបនេះ​ តែង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រាំតាំង​តែ​ពីក្មេង ហេតុ​នេះ​ហើយ​ទើប​លោក​ចូល​ហាត់​នៅ​សាលា Joy Dance Academy។ ​វាសនា​​របស់​លោក​ត្រូវ​ក្រាញននៀល​ខ្លាំង​ តស៊ូ​ច្រើន​ដំណាក់កាលបំផុត​ បើ​ទោះ​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ទម្រាំ​មាន​ថ្ងៃ​នេះ​ លោក​ត្រូវជួប​ឧបសគ្គ​ច្រើនណាស់។

២. ឆ្នាំ​ដំបូងៗ J-Hope ​ត្រឹម​ជា​អ្នក​រាំ​តាម​ផ្លូវ​ធម្មតា​ប៉ុណ្ណោះ​ ដែល​កាល​នោះ​ លោក​មាន​ឈ្មោះ​ក្រៅថា​ «Smile Hoya»។ ដុង​ពិសេស​ខាង​រាំ​របស់​លោក​ បាន​ធ្វើ​ឲ្យ​លោក​ឈ្នះ​ការ​ប្រកួតប្រជែង​ជា​ច្រើន។ នេះ​ជា​ឧទាហរណ៍​ធំ​មួយ​ដែល​ Hobi បាន​បង្ហាញ​ មានន័យ​ថា​ដើរតាម​ក្ដី​ស្រមៃ បន្តិចម្ដងៗ តាម​សម្រួល​ លទ្ធផលនឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ តប​តាម​ការ​ប្រឹង​ប្រែង​មិន​បោះ​បង់​របស់​យើង។

៣. សម្រាប់​ដំណើរ​ជាមួយ​ BTS វិញ​ ជាជំហាន​ដំបូង​មិន​សូវ​ជា​ហក់​ខ្លាំង​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិត​ខំ​មិន​ចុះ​ចាញ់​របស់​សមាជិក​ម្នាក់ៗទើប​មាន​ថ្ងៃ​នេះ។ ជាក់​ស្ដែង​ បើ​និយាយ​ពី​ជីវិត​សិល្បៈ​របស់​ J-Hope កាល​ពី​មុន​វិញ​ ពិត​ជា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​គួរ​ឲ្យ​បារម្ភ​ណាស់។ BTS ត្រូវ​ជួប​ឧបសគ្គ​ខ្លះ​ រហូត​ J-Hope ដល់​ថ្នាក់​ចង់​បោះ​បង់​ការ​តាំង​ចិត្ត​ ឈប់​នៅ​ជា​សមាជិក​ក្នុង​ក្រុម​ ប៉ុន្តែ​ត្រូវ​បាន​ Namjoon ផ្ដល់​កម្លាំង​ចិត្ត​ និង​ជឿជាក់​លើ J-Hope ខ្លាំង​ជាងគេ ទើប​សមាជិក​នៅ​ជុំ​ ៧​នាក់​ទល់​សព្វថ្ងៃ។

ងាក​ចូល​​ដំណាក់​កាល​មួយ​ទៀត Hobi បាន​ចំណាយ​ពេល ដល់​ទៅ ២ឆ្នាំក្នុង​ការ​ចេញ​ផ្សាយ​បទ​ចម្រៀង​ប្រភេទ​ Mixtape របស់​លោក​ដំបូង​បង្អស់ ដែល​ស្នាដៃ​នេះ​បាន​បង្ហាញ​ទាំង​ស្រុង​នូវ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ភ្លេង​ និង​រ៉េប​របស់​លោក។ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​វា​ក៏​ទទួល​បាន​ជោគជ័យ​ ហើយ​ឈាន​ដល់​ស្នាដៃ​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណងជើងថា​ «Chicken Noodle Soup» ដែល​ជា​បទ​ច្រៀង​ជាមួយ​នឹង​ Becky G ក៏​រឹត​តែ​ល្បី​អស់ស្ទះ​ទៀត។

ដូចនេះ​សរុប​ជារួម​មក​ J-Hope បាន​ធ្វើ​ខ្លួន​ឲ្យ​ជោគជ័យ​ មិន​ឲ្យ​ខុស​ឈ្មោះ​ដែល​បញ្ជាក់​ពី​ក្ដី​សង្ឃឹម​នោះទេ។ ទោះ​បី​មាន​រឿង​អ្វី​កើត​ឡើង​ ឬ​រាំងស្ទះ​ក៏ដោយ​ ត្រូវ​តែ​ស៊ូ និង​ជឿ​លើ​ខ្លួន​ឯងជានិច្ច៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី