យុវជន​ម្នាក់​បង្ហាញ​គន្លឹះ​ ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​អក្សរសាស្ត្រខ្មែរ​

  • 2020-02-18 10:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ​​ជា ស៊ីម​ អង្គជ័យ​ ខេត្ត​កំពត​យុវជន​ លី រិទ្ធីរាជ ​​ ​បាន​​ចែក​រំលែក​​​គន្លឹះ​ជោគជ័យ​ចំនួន​​​៥ ចំណុច​​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​អក្សរ​សាស្ត្រ​ខ្មែរ​។ ការ​​ចែក​រំលែក​បទ​​ពិសោធន៍​​នេះ​ បន្ទាប់​ពី​​​យុវជន​​រូប​នេះ​បរាជ័យ​​ ក្នុង​ការ​ប្រកួត​ប្រជែង​​​សិស្ស​ពូកែ​​អក្សរ​សាស្ត្រ​​ខ្មែរ​ប្រចាំ​សាលា​។ ទោះ​បី​បរាជ័យ​ក៏​ពិត​មែន​​ តែ​យុវជន​រូប​នេះ​បាន​​រក​ឃើញ​ចំណុច​ខ្វះ​ចន្លោះ​​មួយ​ចំនួន​ដែល​ក្នុង​ខ្លួន​​មាន​​ហើយ​សង្ឃឹម​ថា​ ការ​ចែក​រំលែក​នេះ​​នឹង​អាច​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ក្លាយ​ខ្លួន​​ជា​សិស្ស​ពូកែ​អក្សរ​សាស្ត្រ​ខ្មែរ។

ចំណុច​គន្លឹះ​​ទាំង​៥ ចំណុច​មាន​ដូច​ខាង​ក្រោម

១.​កត្តា​អក្សរ​៖ ជា​ការ​ពិត​ក្នុង​ការ​ប្រឡង​អក្សរសិល្ប៍​ខ្មែរ​ អក្សរ​ពិត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ប្រឡង​ពិសេស​ប្រឡង​សិស្ស​ពូកែ​ខ្មែរ​តែ​ម្ដង​បើ​អក្សរ​យើង​មិន​ស្អាត​ ការ​សរសេរ​គ្មាន​របៀប​នោះ​យើង​នឹង​អាច​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ជួន​កាល​យើង​មាន​គំនិត​សរសេរ​គួរ​សម​ហើយ​តែ​បើ​អក្សរ​​មិន​ស្អាត​នោះ​ក៏​មិន​អាច​ជាប់​ដែរ​។​

២.ការ​សិក្សា​ពី​អក្សរសិល្ប៍​ ៖​ ចំពោះ​ប្អូន​ៗ​ដែល​ចង់​ចូល​រួម​ការ​ប្រឡង​សិស្ស​ពូកែ​គួរ​តែ​សិក្សា​ពី​ស្នាដៃ​នៃ​អក្សរសិល្ប៍​គ្រប់​ប្រភេទ​រួម​ជាមួយ​នឹង​ដំណើរ​នៃ​សាច់​រឿង​ដែល​សំខាន់​ៗ​ឱ្យ​បាន​ច្បាស់​លាស់​ព្រោះ​ថា​ នៅ​ក្នុង​ការ​សរសេរ​តែង​តែ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​លើក​យក​អំណះអំណាង​ពី​ក្នុង​ស្នាដៃ​នៃ​អក្សរសិល្ប៍​មក​បង្ហាញ​។​

៣.ការ​អាន​សៀវភៅ​៖​ ជាទូទៅ​ការ​ព្យាយាម​អាន​ច្រើន​កាន់​តែ​ធ្វើ​ឱ្យ​យើង​មាន​ការ​បណ្ដុះ​នូវ​គំនិត​កាន់​តែ​ច្រើន​ដែរ​ពិសេស​គឺ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​តថភាព​ក៏​ដូច​ជាទិដ្ឋភាព​នៃ​សង្គម​ជាក់​ស្ដែង​ព្រម​ទាំង​ទំព័រ​នៃ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ ដែល​ជា​ទុន​មួយ​សំខាន់​ក្នុង​ការ​ពង្រីក​នូវ​គំនិត​យើង​ឲ្យ​មាន​ភាព​សម្បូរ​ដែល​ងាយ​ស្រួល​ក្នុង​ការ​បក​ស្រាយ​និង​លើក​អំណះអំណាង​បញ្ជាក់​ពី​តថភាព​នៃ​សង្គម​ជាក់​ស្ដែង​នៅ​ក្នុង​សំណេរ​តែង​សេចក្ដី​យើង​បាន​ក្បោះក្បាយ​។​

៤.យល់​ដឹង​ពី​គម្រោង​តែង​សេចក្ដី​​ក៏​ដូច​ជា​ប្រភេទ​នៃ​ប្រធាន​តែង​សេចក្ដី​ឱ្យ​​បាន​ច្បាស់​ ៖​ ពិត​ណាស់​មិន​ថា​ការ​ប្រឡង​សិស្ស​ពូកែ​ក្តី​ការ​ប្រឡង​នានា​ក្ដី​ជា​ការ​សំខាន់​ត្រូវ​យល់​ដឹង​ពី​ប្រធាន​ដែល​គេ​ដាក់​មក​ថា ​តើ​ប្រធាន​នោះ​ជា​ប្រធាន​អ្វី​?​ប្រធាន​ពិភាក្សា​ ឬ​ក៏​ប្រធាន​ពន្យល់​?​ពោល​គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ម៉ត់​ចត់​​ពី​ប្រភេទ​នៃ​ប្រធាន​តែង​សេចក្ដី​នីមួយ​ៗ​ពី​គម្រោង​តែង ​ក៏​ដូច​ជា​ពាក្យ​ចោទ​សួរ​ ពាក្យ​បង្គាប់​ជា​ដើម​ដែល​មិន​អាច​ធ្វើ​ឱ្យ​យើង​មិន​មាន​កំហុស​ ឬ​ការ​សរសេរ​ចាក​ប្រធាន​ជាដើម​។​

៥.ការអនុវត្ត ៖ ពេល​ខ្លះ​មាន​តែ​គំនិត​មាន​តែ​ទ្រឹស្ដី​តែ​បើ​យើង​មិន​មាន​ការ​អនុវត្ត​ទេ​នោះ​វា​ក៏​មិន​ងាយ​បាន​ផល​ល្អ​ដែរ​។​ ពិសេស​ប្អូន​ៗ​ដែល​ចង់​ប្រឡង​គួរ​គប្បី​តែ​អនុវត្ត​សរសេរ​ប្រធាន​តែង​សេចកី្ត​ទាំង​ឡាយ​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ​ដោយ​ប្រើប្រាស់​នូវ​គំនិត​ផ្ទាល់​ខ្លួន​ដើម្បី​ឱ្យ​ការ​សរសេរ​យើង​មាន​កម្រិត​ប្រសើរ​ឡើង​ ​និង​មាន​ល្បឿន​លឿន។​

ទោះ​ជា​យ៉ាង​ណា​យុវជន​ លី រិទ្ធីរាជ បាន​​ធ្វើ​​ការ​ អភ័យ​ទោស​ទុក​ជា​មុន​រាល់​ពាក្យពេចន៍​ទាំង​ឡាយ​ដែល​មាន​ការ​ខ្វះ​ខាត​ ឬ​ខុស​ឆ្គង។​អត្ថបទ​នេះ​ជា​វិធីសាស្ត្រ​ក៏​ដូច​ជា​បាន​ធ្វើ​ការ​បង្ហាញ​ពី​បទពិសោធន៍​ផ្ទាល់​​ខ្លួន​បាន​ឆ្លង​កាត់​នៅ​ក្នុង​ការ​ប្រឡង​អក្សរសិល្ប៍​ខ្មែរ​​នា​ពេល​​កន្លងមក​ និង​​ជូនពរ​ដល់​ប្អូន​ៗ​ទាំង​អស់​ដែល​មាន​បំណង​ប្រឡង​សិស្ស​ពូកែ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ទទួល​ជោគជ័យ​និង​សម្រេច​នូវ​គោល​បំណង​របស់​ខ្លួន​៕