ឯកឧត្ដម​ កែវ​ រ៉េមី​ នៅ​តែ​ជា​ប្រធាន​តេក្វាន់ដូ​ ITF​ អាណត្តិទី៦​ ក្រោយ​ជួយ​កីឡា​មួយ​នេះ​អស់​ពី​កម្លាំង​កាយ​ចិត្ត​

  • 2020-02-20 04:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្ដម​ កែវ​ រ៉េមី​ នៅ​តែ​ជា​ក្បាល​ម៉ាស៊ីន​ដល់​សំខាន់​របស់​តេក្វាន់ដូ​ ITF​ អាណត្តិ​ទី៦​ ឆ្នាំ​២០២០​-២០២៤​ នេះ​បន្ទាប់​ពី​ទទួល​បាន​គាំទ្រ​ពី​យ៉ាង​ពេញ​ទំហឹង​ក្នុង​ថ្ងៃ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៥​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​កន្លង​ទៅ​សប្ដាហ៍​មុន​នេះ។​

រូបភាពហ្វេសបុក ឯកឧត្ដម​ កែវ​ រ៉េមី

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ខាង​លើ​នេះ​ថ្លែង​ក្នុង​ថ្ងៃ​មហាសន្និបាត​នោះ​ថា​ នៅ​ក្នុង​អាណត្តិ​ ឬ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​នេះ​ សម្រាប់​កីឡាករ​ កីឡា​ការិនី​ដែល​មាន​សមត្ថភាព​ ពិត​ណាស់​នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ក្រុម​ថ្នាល​ ក្រុម​ជម្រើស​ជាតិ​ និង​មាន​ឱកាស​ចេញ​ប្រកួត​ក្រៅ​ប្រទេស។​

រូបភាពហ្វេសបុក ឯកឧត្ដម​ កែវ​ រ៉េមី

ថ្នាក់​ដឹកនាំ​ដែល​ស្រឡាញ់​វិស័យ​កីឡា​រូប​នេះ​ ក៏​ស្នើសុំ​ដល់​ថ្នាក់​ដឹកនាំ​ ITF​ ទាំង​អស់​ឲ្យ​រក្សា​សាមគ្គីភាព​ផ្ទៃ​ក្នុង​ជា​ធ្លុង​មួយ​ដើម្បី​រួម​គ្នា​ជំរុញ​ និង​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​រីកចម្រើន​ដើម្បី​ដណ្ដើម​មេដាយ​មាស​គ្រប់​កម្រិត​នៃ​ការ​ប្រកួត​អន្តរជាតិ​ លើក​ទង់ជាតិ​បង្អួត​កិត្យានុភាព​របស់​កម្ពុជា​ផង​ដែរ។​

រូបភាពហ្វេសបុក ឯកឧត្ដម​ កែវ​ រ៉េមី

ទន្ទឹម​និង​នេះ​ផង​ដែរ​ ឯកឧត្ដម​ក៏​សុំ​ឲ្យ​កីឡាករ​ កីឡា​ការិនី​គ្រប់​រូប​ត្រូវ​តែ​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ ពង្រឹង​សមត្ថភាព​ឲ្យខ្លាំង​ដើម្បី​ប្រកួត​ឈ្នះ​មេដាយ​ជូន​ក្រុម​គ្រួសារ​ និង​លើក​មុខមាត់​ប្រទេស​ជាតិ​តាមរយៈ​មេដាយ​ទាំង​នោះ។​

រូបភាពហ្វេសបុក ឯកឧត្ដម​ កែវ​ រ៉េមី

ក្នុង​នោះ​ដែរ​អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្តម​ ប៊ួន​ ហ៊ីងសុធីយ៉ា បាន​លើក​ឡើង​ពី​ទិសដៅ​សំខាន់​ចំនួន​ ១០​ នា​អាណត្តិ​ទី៦​ ឆ្នាំ​២០២០-២០២២​ ដូច​ខាង​ក្រោម​នេះ៖​

  • ទី១​ ពង្រឹង​ និង​ពង្រីក​ក្លឹប​តេក្វាន់ដូ​ តាម​បណ្ដា​រាជធានី​ខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត​

  • ទី២​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង​ជាតិ​ អន្តរជាតិ​ឲ្យ​បាន​ច្រើន​

  • ទី៣​ រៀបចំ​ចងក្រង​ទិដ្ឋន័យ​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF

  • ទី៤​ រៀបចំ​គេហទំព័រ​របស់​សហព័ន្ធ​

  • ទី៥​ ចូលរួម​ការ​ប្រកួត​ជើងឯក​ទ្វី​អាស៊ី​លើក​ទី១០​ នៅ​ប្រទេស​ចិន​

  • ទី៦​ រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​

  • ទី៧​ ត្រៀម​រៀបចំ​វគ្គ​ចៅក្រម​អាជ្ញាកណ្ដាល​អន្តរជាតិ​

  • ទី៨​ ត្រៀម​ខ្លួន​ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣​

  • ទី៩​ តៀម​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី២២​ នៅ​ប្រទេស​ចិន​ ឆ្នាំ​២០២១​ និង​ជើងឯក​ទ្វីប​អាស៊ី​នៅ​ឥណ្ឌា​ ឆ្នាំ​២០២២​

  • ទី១០​ នឹង​ខិតខំ​ផ្សព្វផ្សាយ​កីឡា​តេក្វាន់ដូ​ ITF​ បន្ថែម​ទៀត​ដល់​មហាជន​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​ច្រើន​

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៥​ និង​លើក​ទិសដៅ​សម្រាប់​អាណត្តិ​ទី៦​ (២០២០-២០២៤)​ នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ឯ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​