Timo Werner មាន​មោទកភាព ពេល​ត្រូវ​គេ​ភ្ជាប់​ទៅ​ក្លឹប​ខ្លាំង Liverpool

  • 2020-02-20 04:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ Timo Werner កាន់​តែ​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​ចាប់​អារម្មណ៍ ក្រោយ​រួប​គេ​ស៊ុត​ប៉េណាល់​ទី​១​គ្រាប់ ជួយ​ឱ្យ RB Leipzig ឈ្នះ Tottenham Hotspur ១-០ វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី១ នៃ​ពាន​រង្វាន់ Champions League។ ថ្មីៗ​នេះ​ Werner ​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ក្លឹប Liverpool និង​មាន​សំណួរ​សួរ​ថា តើ​រូប​គេ​មាន​អារម្មណ៍​យ៉ាងណា ក្រោយ​ទទួល​បាន​ដំណឹង​នេះ? ​​

Timo Werner អបអរគ្រាប់បាល់ទាត់ចូល Spurs យប់មិញ

ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Werner បាន​ឆ្លើយ​តប​ថា ៖«Liverpool ជា​ក្រុម​​ល្អ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​នេះ ហើយ​ពេល​​ខ្ញុំ​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​ក្រុម​នេះ គឺធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទកភាព​ខ្លាំងណាស់»។

ទោះបី​ជា​យ៉ាង​ណា Werner ដែល​ស៊ុត​បាន​១១​គ្រាប់ ក្នុង​២៩​ប្រកួត​ឱ្យ​អាល្លឺម៉ង់ និង​ត្រូវ​បាន​​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នោះ បាន​និយាយ​ថា រូប​គេ​នៅ​តែ​ត្រូវ​ការ​ពង្រឹង​សមត្ថភាព​បន្ថែម ប្រសិន​បើ​​ផ្លាស់​ទៅ​ទឹកដី Anfield របស់ Liverpool។

​អតីត​កីឡាករ​ក្លឹប VfB Stuttgart បាន​បន្ត​ថា ​៖«​វា​ជា​ក្ដី​រីករាយ ប៉ុន្តែ​ខ្ញុំ​​ដឹង​ Liverpool មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​ខ្ញុំ​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​ឯង ត្រូវ​រៀន​បន្ថែមរឿងជាច្រើនទៀត ដើម្បី​ដល់កម្រិតលេង​នៅ​ទី​នោះ»។ ​ គួរ​បញ្ជាក់​ថាមួយគ្រាប់​ RB Leipzig ឈ្នះ Tottenham Hotspur ១-០ យប់​មិញ​ ជា​គ្រាប់​ទី​២៦ របស់ Werner ក្នុង​រដូវកាល​នេះ។

ក្រៅ​ពី​ក្លឹប​ហង្ស​ក្រហម Liverpool ក្លឹប​តោខៀវ Chelsea និង​ក្លឹប​បិសាច​ក្រហម Manchester United ក៏​​ល្បី​​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច​វ័យ​ក្មេង​រូប​នេះ​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ