ដាក់សាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G ភ្លាម Yes Seatel ថានឹងដំណើរការឆាប់ៗនេះ

  • 2020-02-20 06:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសកម្ពុជា បានបង្ហាញ​នូវ​បទពិសោធ​ថ្មី​នៃ​ការ​តភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ បង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវ​បានគេស្គាល់ច្បាស់ថាជា Yes 018 បាន​រៀបចំ​ពិធី​សាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​រំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។

Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅ​ក្នុង​ប្រទេស​កម្ពុជា។ ស្ថានីយ 4G ទាំង​អស់​របស់​យើង​ត្រូវ​បាន​បំពាក់​ដោយ​បណ្តាញ​ខ្សែ​កាប​អុបទិក​ក្រោម​ដី​ជាង ១២ ០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes 018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G ។   នៅក្នុងអំឡុងពេលសាកល្បងជាក់ស្តែង ប្រព័ន្ធ​​សេវា​ 5G ជាបច្ចេកវិទ្យាក្នុងការតភ្ជាប់ដ៏ងាយស្រួល ផ្ដល់​នូវ​ល្បឿនលឿនជាងប្រព័ន្ធសេវា 4G ១០ដង និង​មាន​ប្រព័ន្ធ​តភ្ជាប់​សេវា​អ៊ីនធឺណិត​ដ៏គួរ​ឱ្យទុក​ចិត្ត​ទៅ​នឹងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ជាមួយ​ល្បឿន​ដ៏លឿន​ក្នុង​ការ​ទាញ​យក​ទិន្នន័យជាមធ្យមគឺ 1GB។

នៅ​ពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹង​ជា​ការ​បើក​ឱកាស​ថ្មី​សម្រាប់​ការ​កែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហូបនីយកម្ម ដែល​ជា​សសរគ្រឹះ​សំខាន់​ទាំងបី​សម្រាប់​ប្រទេស​កម្ពុជា។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ៤,៨% សម្រាប់​ប្រទេស។ បច្ចេកវិទ្យា 5G នឹង​ផ្លាស់​ប្តូរ​ពិភពលោក​ដែល​យើង​កំពុង​រស់​នៅ​នេះ​តាម​រយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities។

ពិធីសាកល្បងបច្ចេកវិទ្យា 5G នេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​មន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បាន​បង្ហាញនូវទំនុកចិត្ត និង​មានប្រសាសន៍ថា តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន និង​អាច​ទុកចិត្ត​បាន​នេះ បញ្ចាក់ឱ្យឃើញថា ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រព័ន្ធសេវា 5G។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​មន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បន្ថែមលើសពីនេះ ប្រព័ន្ធសេវា 5G បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គំនិត​ផ្តួច​ផ្តើម​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា ក៏ដូចជានៅក្នុងបដិវត្តឧស្សាហកម្ម 4.0។ ប្រទេសកម្ពុជាមានគោលបំណង          ពន្លឿន​ការ​ផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព។   លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បាន​មាន​ប្រសាសន៍​អំពី​ការ​ពង្រីក​បច្ចេកវិទ្យា​ឈាន​មុខ​គេ ហើយក្រុមការងារ Yes 018 មាន​សេចក្តី​រំភើប​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​រួម​ចំណែក​ក្នុង​ការ​រីកចម្រើនរបស់ប្រទេស ខណៈដែលលោក ជេក តាន់ នាយកគ្រប់គ្រងពាណិជ្ជកម្ម Yes 018 បាន​កត់សម្គាល់ថា នឹង​មាន​ចំនួន​តភ្ជាប់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​រយៈ​ឧបករណ៍​អេឡិច​ត្រូនិក​គ្រប់​ប្រភេទ​កាន់​តែ​ច្រើន ដែល​នឹង​ផ្ទល់​នូវ​ភាព​ងាយស្រួល និង​ភាព​ទំនើប​ទាន់​សម័យ​ដល់​ការ​រស់​នៅ​បែបសម័យថ្មី។

លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់គណៈអធិបតី ពិធីសាកល្បងបច្ចេកវិទ្យា 5G បាន​ចាប់​ផ្តើម​ដោយ​បង្ហាញ​ពី​ល្បឿន​ក្នុង​ការទាញយកទិន្នន័យជាវីដេអូដែលមានទំហំធំជាង 1GB និង​បន្ទាប់​មក​ធ្វើការ​ប្រៀប​ធៀប​រវាង​ល្បឿន​ក្នុង​ការ​លេង​ហ្គេម​តាម​រយៈប្រព័ន្ធសេវា 4G និង5G និង​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​អេឡិចត្រូនិក AR និងVR ផងដែរ។ ការរំលេច​ឡើងនៃការសាកល្បងបច្ចេកវិទ្យានេះ គឺ​ជាការ​សាកល្បង​យ៉ាង​ទូលំទូលាយ​តាម​រយៈ​វីដេអូ​ផ្សាយ​​ផ្ទាល់ 360˚ ដែល​មានល្បឿន​ក្នុង​ការដាក់​បញ្ចូល​/ទាញយកទិន្នន័យគួរឱ្យចាប់អារម្មណ៍ supper latency ច្បាស់ល្អ គ្មានភាពរអាក់រអួល។

ជាមួយនឹងភាពជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យានេះ Yes 018 ពេល​នេះ​បាន​បើក​ទូលាយ​ជូន​សាធារណជនឱ្យមកសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួននៅការិយាល័យកណ្តាលរបស់ Yes 018 ដែល​មាន​អាសយដ្ឋាន​នៅអគារលេខ #149 ផ្លូវលេខ 432 សង្កាត់បឹងត្របែក ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ៕