Facebook សម្ដែងការព្រួយបារម្ភខ្លាំង ក្រោយសិង្ហបុរី​​បញ្ជាឲ្យ​បិទ Page មួយ

  • 2020-02-20 07:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ក្រោយ​ពី​សិង្ហបុរី​បាន​ធ្វើ​ការ​បញ្ជា​ឲ្យ​បិទ​ Page របស់​វិបសាយ​សារព័ត៌មាន​ឈ្មោះ​ States Times Review ដែល​សិង្ហបុរី​និយាយ​ថា​​សារព័ត៌មាន​នេះ​បាន​​ល្មើស​នឹង​ច្បាប់​ព័ត៌មាន​ក្លែង​ក្លាយ និង​បន្ត​ចេញ​ព័ត៌មាន​មិន​ពិត។

Facebook បាន​និយាយ​ថា​វា​គឺ​ជា​បង្ខិតបង្ខំ​ដោយ​ស្រប​ច្បាប់​ ​ក្នុង​ការ​គោរព​តាម​បទ​បញ្ជា​​ពី​សិង្ហបុរី ​ហើយ​ក៏​បាន​និយាយ​ថា​មាន​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បទ​បញ្ជា។ បណ្ដាញ​សង្គម​យក្ស​នេះ​និយាយ​ទៀត​ថា​​បញ្ជា​នេះ អាច​រា​រាំង​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ច្បាប់​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​សិង្ហបុរី​ទៀត​អនុវត្តន៍​ថ្មី​ៗ​មាន​ឈ្មោះ​ថា​ Protection from Online Falsehoods and Manipulation bill (ហៅ​កាត់​ POFMA) ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​ខែ​តុលា​មក។

រដ្ឋាភិបាល​សិង្ហបុរី​និយាយ​ថា​ ខ្លួន​ត្រូវ​ការ​​ច្បាប់​តឹងរ៉ឹង​​លើ​​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​វា​រីក​រាល​ដាល​ខ្លាំង។

អ្នក​​នាំ​ពាក្យ​និយាយ​ក្នុង​​លិខិត​ផ្ញើ​ទៅ​កាន់ BBC ថា ៖ "យើង​ជឿ​ថា​បទ​បញ្ជា​បែប​នេះ​គឺ​​មិន​សមាមាត្រ​ និង​ផ្ទុយ​ពី​ការ​អះអាង​​របស់​រដ្ឋាភិបាល​ដែល​ថា​ច្បាប់​ POFMA នឹង​មិន​ប្រើ​ជា​​ឧបករណ៍​សម្រាប់​ត្រួត​ពិនិត្យ​នោះ​ទេ។ យើងបានលើកឡើងម្តង​ហើយម្តង​ទៀត​អំពី​សក្តានុពល​នៃច្បាប់នេះសម្រាប់ការធ្វើ​សមាហរណកម្ម​ហើយ​យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគំរូនេះសម្រាប់ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសសិង្ហបុរី។”

គួរ​ដឹង​ States Times Review កាល​ពី​ខែ​មករា​ បាន​​ធ្វើ​ការ​បង្ហោះ​មួយ​លើ Facebook ដែល​អះអាង​ទាំង​ខុស​ស្រឡះ​ថា​សិង្ហបុរី​លែង​មាន​ម៉ាស​លក់​លើ​ទីផ្សារ។ ដោយ​ឡែក​សិង្ហបុរី​ដែល​បាន​រាយការណ៍​អំពី​ករណី​វីរុស​កូរ៉ូណា​ជា​ច្រើន​ករណី​នោះ តែង​និយាយ​ថា​ខ្លួន​មាន​​ការ​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ និង​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​វីរុស​នេះ។

សមត្ថកិច្ច​សិង្ហបុរី​បាន​បញ្ចេញ​ការ​ណែនាំ​ឲ្យ​កែ​តម្រូវ​លើ​ការ​បង្ហោះ​របស់​ States Times Review ដែរ ដោយ​សារ​ព័ត៌មាន​ដែល​ពួក​គេ​ផ្សាយ​គឺ​មិន​ពិត។ យ៉ាងណាក្ដី​​ការ​ណែនាំ​គឺ​មិន​ត្រូវ​បាន​ States Times Review អើ​ពើ​នោះ​ឡើយ។

​ក្រោយ​មក​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ក្រសួង​ទំនាក់ទំនង​និង​ព័ត៌មាន​សិង្ហបុរី បាន​បញ្ជា​ឲ្យ​ STR ធ្វើ​ការ​សម្គាល់​មួយ​ដែល​និយាយ​ថា​ខ្លួន​គឺ​ជា Declared Online Location។ ដែល​នេះ​មាន​ន័យ​ថា​ អ្នក​ដែល​ចូល​កាន់​ Page នឹង​ឃើញ​ការ​បញ្ជាក់​ថា​ STR គឺ​មាន​​ប្រវត្តិ​នៃ​ការ​ភូត​កុហក។

យ៉ាងណាក្ដី STR នៅ​តែ​​មិន​ខ្វល់​ខ្វាយ​ មិន​ដាក់​ការ​សម្គាល់​នោះ​ឡើយ។ សមត្ថកិច្ច​និយាយ​ថា STR បែរ​ជា​ធ្វើ​ការ​ប្ដូរ URL នៃ​ Page របស់​ខ្លួន ដែល​នាំ​ឲ្យ​ក្រសួង​​ដាក់​បញ្ជា​ទៅ​កាន់​ Facebook ឲ្យ​បិទ​ Page STR មិន​ឲ្យ​អ្នក​នៅ​សិង្ហបុរី​ចូល​មើល​បាន។

នៅ​ក្រោម​ច្បាប់​ POFMA បណ្ដាញ​ Facebook អាច​នឹង​មាន​ទោស​ប្រសិន​បើ​មិន​ព្រម​ធ្វើ​តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល។ Facebook អាច​នឹង​រង​ពិន័យ​ប្រមាណ​ ១៤ ៣៧៨ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​និង​អាច​ឡើង​ដល់​ ៣៥៧ ៤២៣ ដុល្លារ​ឯណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម