ក្រសួង​សុខាភិបាល៖ ភាព​មិន​ប្រក្រតី​របស់​ម៉ាឡេស៊ី ធ្វើ​ឲ្យ​មាន​"វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់ធ្ងរ"

  • 2020-02-21 12:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ល្ងាច​ថ្ងៃ​សុក្រ​ ទី២១ ខែ​កុម្ភៈ​ ឆ្នាំ២០២០ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​តេស្ត​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី ទៅ​លើ​ស្ត្រី​អាមេរិក​អាយុ ៨៣ឆ្នាំ។

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ស្ត្រី​អាមេរិក​រូប​នោះ​ត្រូវ​បាន​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​ថា មិន​មាន​ជំងឺ​ Covid19 នោះ​ទេ ហើយ​ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ ក្រសួង​សុខាភិបាល​កម្ពុជា​យល់​ឃើញ​ថា លទ្ធផល​ប្រកាស​របស់​ម៉ាឡេស៊ី​នា​ពេល​កន្លង​មក​មាន​ "ភាព​មិន​ប្រក្រតី"។

ក្រសួង​បាន​យល់​ឃើញ​ថា ភាព​មិន​ប្រក្រតី​នេះ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​នៃ​នាវា MS Westerdam រង​ផល​ប៉ះពាល់​ជា​ច្រើន​ដូច​ជា មាន​ភាព​ភ័យ​ខ្លាច និង​ភ័ន្ត​ច្រឡំ រង​ការ​រើសអើង ព្រម​ទាំង​ខាត​ពេលវេលា​ និង​ខាត​ថវិកា​របស់​អ្នក​ដំណើរ​ទៀត​ផង​។

ក្រៅ​ពី​មាន​ការ​ប៉ះពាល់​លើ​អ្នក​ដំណើរ​ ក្រសួង​បាន​យល់​ឃើញ​ថា "ភាព​មិន​ប្រក្រតី​" នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​របស់​ប្រទេស ក៏​ដូច​ជា​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់ធ្ងរ។

ខាង​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ទៀត​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រជាជន​កម្ពុជា​ណា ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ឡើយ៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៖

អត្ថបទ៖ ហ៊ីម រស្មី