បែ មករា៖ បើ​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​​បឹងកេត​ប៉ះ​វិសាខា យើង​នឹង​ពិចារណា​ធ្វើ​កន្លែង​អង្គុយ​បន្ថែម

  • 2020-02-23 06:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បែរ មករា អ្នកចាត់ការ​ទូទៅ​ក្លឹប​បឹងកេត បាន​ឱ្យ Sabay ដឹង​ថា បើ​មាន​អ្នកគាំទ្រ​ចូលរួមទស្សនាច្រើន​​ ស្ទើរ​គ្រប់ការប្រកួត​ដូច​បឹង​កេត​ប៉ះ​វិសាខា នោះលោក​នឹង​ពិចារណា​ធ្វើ​កន្លែង​អង្គុយ​បន្ថែម​ទៀត។

លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេត

សម្ដីរបស់លោក បែ មករា ៖«យើង​ឃើញ​អ្នកគាំទ្រ​ច្រើន បើ​មាន​ការ​គាំទ្រ​ច្រើន​ស្ទើរគ្រប់​ការ​ប្រកួត ដូចបឹងកេតប៉ះវិសាខា អាហ្នឹង​យើង​នឹង​ពិចារណា​ធ្វើ​កន្លែង​ថែម»។

លោក បែ មករា អ្នកចាត់ការសំបូរបទពិសោធន៍ ​ជួយ​ឱ្យ​បឹងកេត​លើក​ពាន​លីគ​កំពូល​កម្ពុជា ៣រដូលកាល និង Hun Sen Cup ១រដូវកាល បាន​សម្ដែង​ក្ដី​រីករាយ និងអរគុណ នៅ​ពេល​ឃើញ​អ្នកគាំទ្រ​ច្រើន ក្នុង​ជំនួប​បឹងកេត​ឈ្នះ​វិសាខា ១-០ កាល​ពី​ម្សិលមិញ។

ក្នុង​ជំនួប​ដ៏​តានតឹង​​នេះដែរ កីឡដ្ឋាន Cambodia AirWays ​បាន​ស្រូប​អ្នកទស្សនាចំនួន ២ ៥០០ នាក់ ច្រើនជាងការរំពឹងទុក ខណៈក្លឹបប្រកាសលក់សំបុត្រ​ត្រឹម​តែ ២ ១០០ ប៉ុណ្ណោះ។ ដោយគ្មានសំបុត្រ និងកន្លែងមានកំណត់ អ្នកគាំទ្រជាច្រើនបាន​ត្រឡប់ទៅផ្ទះវិញ ហើយខ្លះទៀតបានឈរមើលក្រោមកម្ដៅថ្ងៃតាមរបងកីឡដ្ឋាន។

ក្នុងសប្ដាហ៍ទី២នេះ បឹងកេត​បាន​ស្គាល់ជ័យជម្នះជាលើកដំបូង ខណៈការប្រកួតសប្ដាហ៍ទី១ បានត្រឹមស្មើជាមួយម្ចាស់ផ្ទះ Angkor Tiger ១-១ ប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ