ពាន ISF Lan Thompson ​ឆ្នាំ​នេះ ​មាន​ក្មេង​ៗ​ចូល​រួម​ដល់​៥៤០​នាក់​មក​ពី​១០​ខេត្ត​ក្រុង​

  • 2020-02-24 06:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ ​បាន​បង្កើត​ពាន​រង្វាន់ ISF Lan Thompson ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដើម្បី​រំលឹក​ដល់​លោក Lan Thompson ​បុគ្គល​ដែល​ស្រលាញ់​បាល់ទាត់​បំផុត។

​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ ​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន ​និង​ក្មេង​ៗ​សរុប​ដល់​ទៅ​៥៤០​នាក់ ​ដោយ​ក្នុង​នោះ​មក​ពី​បណ្ដា​ខេត្ត​រហូត​ដល់​១០​ឯ​ណោះ។ ​ក្រុម​ក្មេង​ៗ​ទាំង​អស់​នេះ ​បាន​បែង​ចែក​ជា​ក្រុម U10 U14 ​និង U16 ​ប្រកួត​គ្នា​ពេញ​១​ថ្ងៃ ​ស្វែង​រក​ជើង​ខ្លាំង ​នៅ​ទីលាន​របស់​អង្គការ​ផ្កាយ​សមុទ្រ។ ​វា​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឡើង​៧​ឆ្នាំ​មក​ហើយ ​ក្នុង​១​ឆ្នាំ​ធ្វើ​ម្ដង ​ដើម្បី​រំលឹក​ដល់​លោក​ Lan Thompson ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០១។

​លោក យិន សាមឌី ​អ្នក​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​ខាង​លើ​បាន​បញ្ជាក់​ថា​កម្មវិធី​ប្រកួត​ខាង​លើ ​មិន​ត្រឹម​តែ​បាន​រំលឹក​ដល់​លោក Lan Thompson ​នោះ​ទេ។ ​វា​ក៏​ជា​ឱកាស​​សម្រាប់​ក្មេង​ៗ​តាម​បណ្ដា​ខេត្ត មាន​ឱកាស​បាន​ជួប​គ្នា ​ប្រកួត​ប្រជែង ​និង​បង្កើត​ភាព​ស្និទ្ធស្នាល ស្គាល់​គ្នា​ឱ្យ​កាន់​តែ​ច្រើន​ផង​ដែរ។

សូម​រំលឹក​ថា​លោក Lan Thompson ​មិន​មែន​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ជា​អ្នក​ចូល​ចិត្ត​វិស័យ​កីឡា​បាល់ទាត់​ខ្លាំង​ណាស់។ ​លោក តែងតែ​បង្កើត​ជា​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​នានា ​នៅ​ពេល​លោក​នៅ​មាន​ជីវិត។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​គេ​បង្កើត​ពាន​រង្វាន់​ខាង​លើ​ឡើង ​ដើម្បី​រំលឹក​ដល់​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក៕

អត្ថបទ៖ វ៉ាន់ សក្ដិ