មាន​ទ្រព្យ ៣០០ លាន​ដុល្លារ ទិន ហ្វី ​រង​ការ​រិះគន់​ខ្លាំង ពេល​មិន​ខ្ចី​​បរិច្ចាគ​​សូម្បីមួយ​សេន​ឲ្យ​ជន​រងគ្រោះ​វីរុស​កូរ៉ូណា

  • 2020-02-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​បាន​ផ្ញើ​ពាក្យ​ពេចន៍​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​វេជ្ជបណ្ឌិត​នៅ​ទិក្រុង Wuhan ហើយ​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Stephen Chow នៅ​តែ​រង​ការ​រិះគ​ន់​ជា​ខ្លាំង នៅ​ពេល​មិន​​​បរិច្ចាគ​ថវិកា​ដូច​តារា​ធំ​ៗ​ដទៃ។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ជើង​ចាស់​ហុងកុង Stephen Chow បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា នៅ​ប្រទេស​ចិន ជា​ពិសេស​គឺ​ទីក្រុង Wuhan។

តាម​នោះ​ដែរ តួ​រឿង និស្សិត​ផ្ដាច់​សង្ខារ បាន​ផ្ញើ​អាត់​សំឡេង​មួយ​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​វេជ្ជ​បណ្ឌិត និង​ប្រជាជន​នៅ​ Wuhan ទាំង​អស់ និង​ថ្លែង​អំណរគុណ​ដល់​ពេទ្យ​ទាំង​អស់​ដែល​បាន​ទស្សនា​រឿង មហិទ្ធិរិទ្ធស៊ុន​អ៊ូខុង របស់​លោក​​ដែល​បាន​ចាក់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពេទ្យ​ទាំង​អស់។

សកម្មភាព​របស់ តារា​ ​រូប​នេះ​​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង យ៉ាងណាក្ដី ភ្លាម​ៗ​នោះ លោក​ក៏​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ដូច​គ្នា។ មូលហេតុ​ដែល​លោក​ត្រូវ​គេ​ថា​ឲ្យ​នោះ​គឺ ទោះ​បី​ជា​បាន​លើក​ទឹក​ចិត្ត​គេ​មែន តែ​លោក​មិន​បាន​ជួយ​បរិច្ចាគ​ប្រាក់​​ផ្ទាល់​ខ្លួន​ដូច​តារា​ដទៃ​ដូច​ជា ឈិន ឡុង ឬ Yang Mi ឡើយ។

ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ ៣០០​លាន​ដុល្លារ ទិន ហ្វី​ គឺ​ជា​តារា​ក្នុង​ចំណោម​ដែល​មាន​បំផុត​នៅ​ហុងកុង អាស្រ័យ​ហេតុ​នេះ ការ​ដែល​លោក​មិន​បរិច្ចាគ​​លុយ​នោះ ធ្វើ​ឲ្យ​គេ​ថា លោក​រិះថាំ​ហួសហេតុ។ យ៉ាងណាក្ដី អ្នក​គាំទ្រ​របស់​លោក​បាន​ចេញ​មុខ​បកស្រាយ​ថា ការ​បរិច្ចាគ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ដូច​នេះ​ចង់​ ឬ​មិន​ចង់ គឺ​ស្រ័យ​លើ​សមីខ្លួន​ឯង​ផ្ទាល់ ទិន ហ្វី​គ្មាន​អ្វី​ខុស​ឡើយ៕

ប្រភព៖ Zing   ប្រែសម្រួល៖ Caramel