DownTown បង្ហើបឈ្មោះក្រុម​​ខ្លាំង​ៗជា​ឧបសគ្គនៅ Tiger Street Football 2020 មណ្ឌលភ្នំពេញ

  • 2020-02-25 11:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបី Down Town Sport ជាម្ចាស់ជើងឯក Tiger Street Football ឆ្នាំចាស់ក្ដី ប៉ុន្តែឆ្នាំ២០២០នេះ លោក ហេង សុខលី ប្រធានក្រុមបានប្ដេជ្ញាថា មិនធ្វេសប្រហែសឡើយ ហើយបានបង្ហើបឈ្មោះ​ក្រុមខ្លាំងៗមួយចំនួន ដែលអាចជាឧបសគ្គធំសម្រាប់ក្រុមលោក ប្រចាំមណ្ឌលភ្នំពេញ។

លោក ហេង សុខលី ប្រធានក្រុម Down Town Sport

ក្រុមទាំងនោះរួមមាន Rolling FC, វណ្ណាសាក់, មហាហង្សអល់ស្តារ, ឆន្ទះកីឡា, Ov Mal FC ជាក្រុមមានបទពិសោធន៍ច្រើន និង​ក្រុម​ល្អៗ​ផ្សេងទៀត។ ឆ្នាំនេះ DownTown មានក្រុមបុត្រសម្ព័ន្ធចំនួន ៤ក្រុមចូលរួម​ គឺ Down Town Sport, Downtown Sport Plus, Downtown Youth និង Downtown FC។

ក្រុមការពារតំណែងជើងឯក Down Town Sport នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Phonix នៅថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលាម៉ោង ១១ និង​ ១៥​ នាទី។

សម្រាប់ការប្រកួតនេះ Down Town Sport បានត្រៀមខ្លួនរួចជាស្រេច និងអះអាងអាចការពារតំណែងជើងឯកបាន ដ្បិតក្រុមបានហ្វឹកហាត់ជាមួយគ្នាញឹកញាប់ និងបានស្វែងយល់ពីចំណុចខ្វះខាត បណ្ដាលឱ្យពួកគេធ្លាក់ចេញ ក្រោមថ្វីជើងក្រុមមកពីខេត្ត Norea Team ក្នុងលទ្ធផល ២-១ នៅវគ្គបន្ទាប់។

ប្រធានក្រុមលោក ហេង សុខលី ប្រាប់ថា ៖«យើងដាក់ពាក្យលេងយើងសង្ឃឹម ហើយពាក់ព័ន្ធសមាសភាពកីឡាករ​ ​យើងធ្វើការហ្វឹកហាត់ជាប់លាប់បានច្រើន។ កាលនោះ​យើងចាញ់ដោយសារ ព្រឹកពេកយើងស្ពឹកសាច់ដុំ អត់ទាន់ក្ដៅ អត់ទាន់រដាស់ ហើយកីឡាករយើងបង្កកំហុសខ្លួនឯង ហើយណាមួយយើងប្រកួតពីរបីថ្ងៃជាប់រហូត លេងឡើងឈឺខ្លួន និងអាចនិយាយថា យើងត្រៀមខ្លួនអត់បានល្អផង»។

ក្នុងបើកសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ Tiger Street Football 2020 ប្រចាំមណ្ឌលភ្នំពេញ ដោយក្រុមហ៊ុន Tiger Beer រសៀលថ្ងៃមិញនេះ បានបង្ហាញថាមាន​ក្រុម ១១៥ ចូលរួម ក្នុងនោះក៏មានក្រុមថ្មីច្រើនដែរ ដូចជាអ្នកតាវាំង, Pekmi FC និង Mohahang All Stars ជាដើម។ ក្រុមទាំង ១១៥ ត្រូវប្រកួតជម្រុះរយៈពេល ៣ថ្ងៃនៅកោះពេជ្រ គឺ ២៦-២៧-២៨ ខែកុម្ភៈ ហើយ​យក​តែ ១២ ក្រុមប៉ុណ្ណោះ ទៅប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រជាមួយបណ្ដាក្រុមមកពីតាមខេត្ត។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ដណ្ដើមប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ នឹងធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០។

សម្រាប់មណ្ឌលភ្នំពេញ

  • ក្រុម​ជាប់លេខ១​ ទទួលបាន​ប្រាក់​រង្វាន់​ ១​ ៥០០​ ដុល្លារ​

  • ក្រុម​ជាប់​លេខ២​ ទទួលបាន​ប្រាក់​រង្វាន់​ ១​ ០០០​ ដុល្លារ​

  • ក្រុម​ជាប់​លេខ​៣​ ទទួលបាន​ប្រាក់​រង្វាន់​ ៥០០​ ដុល្លារ​

  • ក្រុម​ជាប់​លេខ៤​ ទទួលបាន​ប្រាក់​រង្វាន់​ ២០០​ ដុល្លារ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម