អ្នក​ចាំ​ទី​ City Bird A​ ស៊ុត​បាល់១គ្រាប់​​នាំ​សំណាង​ ជួយ​ក្រុម​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ Tiger Street Football 2020​

  • 2020-02-26 07:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី​ដៃ​ទី១​ របស់​ក្រុម​ជើងឯក​មណ្ឌល​ខេត្ត​តាកែវ​ City Bird A​ ស៊ុត​បាល់១​គ្រាប់​នាំ​សំណាង​ឲ្យ​ក្រុម​តាម​ស្មើ​ និង​មាន​ឱកាស​វ៉ៃ​បក​ភ្លាម​ៗ​ក្លាយ​ជា​ជើងឯក​ប្រចាំ​មណ្ឌល​ទី៧​ បាន​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។​

អ្នកចាំទី City Bird A (ស្រោមជើងខ្មៅ)

ប្រធាន​ក្រុម​បាល់ទាត់​ City Bird A​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ស៊ុត​ពី​ចម្ងាយ​របស់​អ្នក​ចាំ​ទី​ក្រុម​ខ្លួន​នេះ​មិនមែន​ជា​ការ​ចៃដន្យ​ឡើយ​ ពោល​ជា​តិចនិក​ ឬ​ជា​ការ​ត្រៀម​ទុក​តាំង​ពី​មុន​ប្រកួត​មក​ម្ល៉េះ។​ ដោយ​សារ​តែ​ខ្លួន​បាន​មើល ​ក្រុម​បងប្អូន​អ្នក​លឿង​ ដែល​ជា​ដៃគូ​នេះ​មាន​ចន្លោះ​ប្រហោង​ខ្លះ​ៗ​ទើប​មាន​ផែនការ​ទាត់​ពី​ចម្ងាយ​បែប​នេះ។​

ក្រុម City Bird A (អាវទឹកក្រូច)

ចំពោះ​ម្ចាស់​ខ្លួន​ដែល​ជា​អ្នក​ទាត់​ចូល​ពី​ចម្ងាយ​នោះ​វិញ​ គឺ​កីឡាករ​ កែន​ បុណ្យសក្តិ​ អាយុ​ ២០​ឆ្នាំ​ និង​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​នេះ​ប្រហែល​ ៤-៥ឆ្នាំ​ មក​ហើយ។​ ពេល​នោះ​កីឡាករ​ខាង​លើ​នេះ​ព្យាយាម​ស៊ុត​ប្រហែល​ ៣-៤​ជើង​ទើប​អាច​រក​គ្រាប់​បាល់​បាន។​ អ្នក​ចាំ​ទី​រូប​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​ និង​រំភើប​ជា​ខ្លាំង​នៅ​ពេល​បាន​ស៊ុត​ចូល​ដូច្នោះ​ ព្រោះ​ជា​គ្រាប់​តាម​ស្មើ​គេ​ទៀត។​ នេះ​អាច​ថា​ជា​គ្រាប់​នាំ​សំណាង​សម្រាប់​ក្រុម​ ព្រោះ​អាច​វ៉ៃ​បក​យក​ឈ្នះ​ក្រុម​បងប្អូន​អ្នក​លឿង​វិញ​បាន។​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី២៩​ ខែ​កុម្ភៈ​ ២០២០​ ខាង​មុខ​នេះ​នឹង​ព្យាយាម​ស៊ុត​រក​គ្រាប់​បាល់​បែប​នេះ​បន្ថែម​ទៀត។​

រូបភាពជុំគ្នានៅមណ្ឌលតាកែវ

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​មណ្ឌល​ទី៧​ ឯ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​កុម្ភៈ​ ២០២០​ នេះ​គឺ​ក្រុម​ City Bird A​ បាន​យក​ឈ្នះ​ក្រុម​បង​ប្អូន​អ្នក​លឿង​ ដោយ​លទ្ធផល​ ៣-១​ ក្លាយ​ជា​ជើងឯក​ប្រចាំ​មណ្ឌល​តែ​ម្ដង។ កីឡាករ​ កែន​ បុណ្យសក្តិ​ បន្ទាប់​ស៊ុត​ចូល​នៅ​ពេល​នោះ​មក​ក៏​ក្លាយ​ជា​អ្នក​ចាំ​ទី ទី១​ដែល​បាន​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​នានា​ នៃ​ព្រឹត្តិការណ៍​ Tiger Street Football 2020​ ៕​

អត្ថបទ៖ នួន ស៊ីណា​