ភស្តុតាងបង្ហាញថា Apple កំពុងតេស្តមុខងារ Restore iPhone ដោយមិនបាច់ប្រើកុំព្យូទ័រ!

  • 2020-02-27 02:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​នេះ​ Apple កំពុង​តែ​ធ្វើ​ការ​សាក​ល្បង​ iOS 13.4 Beta ដែល​គេ​បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​លើ​មុខងារ​ CarKey ដែល​អាច​ប្រើ​ iPhone ជា​សោ​សម្រាប់​ចាក់​ ឬ​ដោះ​សោ​រថយន្ត។ នា​ពេល​នេះ​ជា​មួយ​នឹង​ 13.4 Beta ចុង​ក្រោយ​ដែល Apple បាន​បញ្ចេញ​ដល់​ក្រុម Developer គេ​រក​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ Apple ប្រហែល​ជា​កំពុង​ធ្វើ​តេស្ត​មុខងារ Restore iPhone តាម​រយៈ​អ៊ីនធឺណិត។

សព្វ​ថ្ងៃ​នេះ ប្រសិន​បើ iPhone ឬ iPad ឈប់​ដំណើរ​ការ គឺ​ត្រូវ​​ធ្វើ​ការ​ Restore Firmware ប្រើ​ប្រាស់​ Mac ឬ​កុំព្យូទ័រ។ យ៉ាងណាក្ដី​ដំណើរ​ការ​នេះ​គឺ​ពិបាក​សម្រាប់​ឧបករណ៍​មួយ​ចំនួន​ដូច​ជា Apple Watch និង HomePod ដោយ​សា​វា​គ្មាន​រន្ធ​សម្រាប់​ត​ភ្ជាប់​ទៅ​កុំព្យូទ័រ។ ក្នុង​ករណី​នេះ​គឺ​ត្រូវ​យក​វា​ទៅ​កាន់ Apple Store ឲ្យ​ក្រុម​ការងារ​ជំនាញ​ដោះ​ស្រាយ។

13.4 Beta ជំនាន់​ទី​បី បាន​បង្ហាញ​អំពី​វត្តមាន​មុខងារ​ថ្មី​ឈ្មោះ​ថា "OS Recovery”។ នេះ​ទំនង​ជា​វិធី​ថ្មី​មួយ​ក្នុង​ការ​ Restore ឧបករណ៍​ដូច​ជា​ iPhone, iPad និង​ឧបករណ៍ Apple ផ្សេង​ទៀត ដោយ​មិន​ត្រូវ​ការ​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ។ មុខងារ​នេះ​នៅ​មិន​ទាន់​អាច​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ទេ ដោយ​សារ​វា​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ ហើយ​អាច​នឹង​ត្រូវ​ដក​ចេញ​ក៏​ថា​បាន។

​​​​មុខងារ​ថ្មី​នេះ អាច​​មាន​ដំណើរ​ការ​ស្រដៀង​នឹង​ macOS Internet Recovery ដែល​មាន​ប្រើ​ប្រាស់​រាប់​ឆ្នាំ​មក​ហើយ ដោយ​វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ macOS ឡើង​វិញ តាម​រយៈ​អ៊ីនធឺណិត​ ដោយ​​មិន​ចាំ​បាច់​មាន​កុំព្យូទ័រ​មួយ​ផ្សេង​ទៀត៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម