ជើង​ខ្លាំង​ខេត្ត​ប៉ះ​គ្នា​កំហុស​កាត​លឿង​២ Jack Sport A ធ្លាក់​ទាំង​ព្រលឹម​អុរ ទៅ​ផ្ទះ​មុន​គេ​បង្អស់

  • 2020-02-29 03:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​រង្វាន់ ៥០,០០០ ដុល្លារ​នៃ​ពាន​រង្វាន់ព្រឹត្តិការណ៍ Tiger Street Football 2020 បាន​ចាប់​ផ្ដើម​នា​ព្រឹក​​នេះ ហើយ​​គូ​ទី​មួយក៏បញ្ចប់​ដែរ ដោយ​​ជើង​ខ្លាំង​លេខ​៣មក​ពី​ខេត្តកំពត​ Jack Sport A ចាញ់ក្រោយ​ថ្វី​ជើង​ក្រុម បងប្អូន​អ្នកលឿង ចំណាត់​ថ្នាក់​លេខ​២ទូទាំង​ខេត្ត​តាកែវ ទាំង​ព្រលឹមត្រឡប់ទៅផ្ទះវិញ។

ក្រុមបងប្អូនអ្នកលឿងអបអរជ័យជម្នះ

ជា​គូ​បើក​ឆាក​មែន​ពិត​ ប៉ុន្តែក្រុម​ Jack Sport A និង​ក្រុម​ប្អូន​អ្នកលឿង បាន​ប្រកួត​គ្នា​យ៉ាង​តានតឹង ស្វិតស្វាញ និង​ជក់ចិត្តខ្លាំង ក្រោមក្រសែ​ភ្នែក​​អ្នកទស្សនារាប់រយនាក់។

ក្នុង​តង់​ទីមួយរយៈ​ពេល៦នាទី ក្រុម​ទាំងពីរ​ប្រជែង​គ្នា​យ៉ាងខ្លាំងក្លា រហូត​ទទួល​បាន​កាត​លឿង​ម្នាក់​មួយ ត្រូវ​អាជ្ញាកណ្ដាល​ឱ្យ​អង្គុយ​សម្រួល​អារម្មណ៍​នៅ​​ក្រៅ​ទីលាន​ (តង់​​ទី​២​អាច​ចូល​លេង​វិញ​​បាន​) និង​បញ្ចប់​ដោយ​លទ្ធផល ០-០។

កាន់​តែ​ជក់ចិត្ត ដ្បិត​តង់​ទី​២ ក្រុម Jack Sport A បាន​ប្រើបច្ចេកទេសឆ្កិះទម្លាយ​សំណាញ់​ទី​ ក្រុម​បងប្អូន​អ្នក​លឿង យ៉ាង​ស្អាតនាំ​មុន​ ១-០។ មិន​បាន​ប៉ុន្មាន​នាទី​ផង ក្រុម​បងប្អូន​អ្នក​លឿង​ រក​បានមួយគ្រាប់​​តាម​ស្មើវីញ។

ស្មើ​គ្នា​ទាំង​ពីរ​តង់​ក្រុម​​មក​ពី​តាកែវ និង​ក្រុមជាប់​មាត់​សមុទ្រកំពត ត្រូវ​ប្រកួត​វគ្គ​ពិសេស Golden Goal ថែម​​១នាទី ​ដក​សមាជិក​ម្នាក់​ក្នុង​ចំណោម​៥​នាក់។ បញ្ចប់​លទ្ធផល​ ១-១ ដដែល ក្រុម​ទាំង​ពីរ​ត្រូវ​លេង​វគ្គ​នេះ​មួយ​វគ្គ​ទៀត ហើយ​លេង​តែ​គ្នា​៣​នាក់​ប៉ុណ្ណោះ។ ចប់​វគ្គ Golden Goal តង់​ទី​២ ក្រុមបងប្អូន​អ្នក​លឿង បាន​បំបាក់​ក្រុម Jack Sport A ២-១ ឡើង​ទៅ​វគ្គ​បន្ទាប់​មុន​គេ ខណៈ Jack Sport A ជាក្រុមធ្លាក់​មុន​គេបង្អស់​ក្នុង​កម្មវិធី Tiger Street Football ២០២០ នៅ​ទីលានទល់មុខមជ្ឈមណ្ឌល កោះ​ពេជ្រ​រាជធានី​ភ្នំពេញ៕

ក្រុម Jack Sport A ឯកសណ្ឋានក្រហម-ខ្មៅ

អត្ថបទ៖ អ៊ុំ សុភក្តិ