Rio Ferdinand មិនបានមកខ្មែរទេ ដោយសារមូលហេតុធំមួយនេះ

  • 2020-02-29 06:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតកំពូលកីឡាករបាល់ទាត់ពិភពលោក Rio Ferdinand នឹងមិន​បាន​ចូលរួម​អបអរវគ្គផ្ដាច់ព្រ័ត្រ ជើងឯកទូទាំងប្រទេស នៃពានរង្វាន់ព្រឹត្តិការណ៍ Tiger Street Football 2020 ជាមួយកីឡាករកម្ពុជាទេ ព្រោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលពិភពលោកកំពុងព្រួយបារម្ភខ្លាំង។

អតីតកីឡាករ Man Utd ប្រាប់ថា ៖«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុងសប្តាហ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។ ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជាជាលើកដំបូង សម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ»។

លោកសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំនិងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករទាំងអស់ មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ»។

លោក Rio ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ

លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះ ពីចម្ងាយតាមអនឡាញដើម្បីបង្ហាញសេចក្តីសាទរ គាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់លោក ចំពោះព្រឹត្តិការណ៍ Tiger Street Football។

សម្ដីលោក Rio ៖«ខ្ញុំទន្ទឹងរង់ចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀត មកទស្សនាប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ»។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football បានធ្វើឡើងរយៈពេល ៨ ឆ្នាំជាប់គ្នា។ ព្រឹត្តិការណ៍នេះ បានលេចមុខជាថ្មីម្តងទៀត និងបង្ហាញសកម្មភាពប្រកួតដ៏ស្វិតស្វាញ លើទីលានក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមាន៦៧៧ ក្រុម និងកីឡាករជាង ៤៧៣៩នាក់ ចូលរួមប្រកួតគាំទ្រយ៉ាងច្រើនក្នុងឆ្នាំ២០២០នេះ។

គួរបញ្ជាក់​ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹង​បញ្ចប់​ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដូច្នេះសូមរង់ចាំថាតើ ក្រុមណាជាជើងខ្លាំងដណ្ដើមប្រាក់រង្វាន់សរុប ៥០ ០០០ ដុល្លារ​ពី Tiger Street Football 2020៕

អត្ថបទ៖ អ៊ុំ សុភក្តិ