កម្មវិធីស្វាព្រៃ ប្រកួតឡើងជញ្ជាំងធ្វើក្នុងគោលបំណងបង្កើនបទពិសោធដល់កីឡាករ
- 2020-03-05 04:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីស្វាព្រៃ ប្រកួតឡើងជញ្ជាំងធ្វើក្នុងគោលបំណងបង្កើនបទពិសោធដល់កីឡាករ
ចន្លោះមិនឃើញ
កម្មវិធីប្រកួតឡើងជញ្ជាំងដែលមានឈ្មោះថា ស្វាព្រៃ ទើបបញ្ចប់ការប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ បង្កើតឡើងក្នុងគោលបំណងបង្កើនបទពិសោធ និងជំរុញឲ្យមានការប្រកួតនានានៅក្នុងស្រុក។
អ្នករៀបចំការកម្មវិធីប្រកួតលោក សរ សីហា បានឲ្យដឹងថា ការប្រកួតដែលទើបបញ្ចប់ទៅនេះកីឡាការិនីដែលបានចូលរួមប្រកួតនៅមិនទាន់គ្រប់ចំនួនដែលចង់បាននៅឡើយទេ។ យ៉ាងណាមិញ ចំពោះសមត្ថភាពកីឡាករ កីឡាការិនី ដែលបានចូលរួមនេះក៏មិនទាន់បង្ហាញភាពលេចធ្លោណាស់ណាដែរ ម្យ៉ាងទៀតនេះជាការប្រកួតលើកទី១។ មើលតាមការប្រកួតសមត្ថភាពរបស់អ្នកទាំងនោះនៅស្ទើរមិនទាន់មានបទពិសោធច្រើន ឬអាចប្រកួតប្រជែងក្រៅស្រុកទេ។
អ្នកជំនាញខាងលើនេះបន្តប្រាប់ទៀតថា ការប្រកួតនេះផ្ដល់បទពិសោធច្រើនដល់អ្នកចូលរួម ដើម្បីពង្រឹងសមត្ថភាពជាបណ្ដើរៗត្រៀមការហ្វឹកហាត់នៅក្រៅប្រទេសបន្តទៀត ក៏ដូចជាការប្រកួតកម្រិតអន្តរជាតិនៅឯប្រទេសចិនអំឡុងខែ៧ ឆ្នាំ២០២០ ខាងមុខ ។ កីឡាករ កីឡាការិនីដែលឆ្លងកាត់ការប្រកួតលើកទី២ និងលើកទី៣នៅពេលខាងមុខអាចនឹងមានភាពលេចធ្លោ ឬបង្ហាញសមត្ថភាពរីកចម្រើនរបស់ពួកគេបន្ថែមទៀត នេះជាការជឿជាក់របស់លោក សរ សីហា។
រំលឹកដែរថា Phnom Climb Community Gym បានបង្កើតកម្មវិធីប្រកួតឡើងជញ្ជាំង ស្វាព្រៃ លើកទី១ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមប្រកួតប្រហែល៥០នាក់។ ក្លឹបឡើងភ្នំមួយនេះគ្រោងនឹងបង្កើតការប្រកួតឲ្យបាន៣ដងក្នុងឆ្នាំនេះ លើកទី១ ដើមខែមីនា នេះរួចរាល់ហើយ លើកទី២ អំឡុងខែ៧ និងលើកទី៣ អំឡុងខែ១២ ឆ្នាំ២០២០៕