Apple កំពុងខ្វះខាត iPhone សម្រាប់ប្ដូរឲ្យអតិថិជន

  • 2020-03-06 02:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ធ្វើ​ការ​ឲ្យ​ដំណឹង​ដល់​បុគ្គលិក​របស់​ខ្លួន​ថា​ iPhone ទុក​សម្រាប់​ប្ដូរ​​ជូន​​អតិថិជន នឹង​មាន​ការ​ខ្វះខាត​នៅ​ខែ​បន្ទាប់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg ដែល​ប្រាប់​ដែរ​ថា​មាន​ហាង​មួយ​ចំនួន​កំពុង​តែ​ខ្វះ​ខាត​គ្រឿង​បន្លាស់ៗ​ខ្លះ​សម្រាប់​ការ​ជួសជុល​ឧបករណ៍​ដែល​ខូច។

​ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ពន្យល់​ថា​ Apple បាន​ប្រាប់​ដល់​បុគ្គលិក​​ផ្នែក​បច្ចេកទេស​នៅ​ហាង​លក់​រាយ​ថា​ iPhone សម្រាប់​ប្ដូរ​ឲ្យ​អតិថិជន នឹង​មាន​កង្វះ​ខាត​​យូរ​បំផុត​ពី​ ២ ទៅ ៤ សប្ដាហ៍។ iPhone ទាំង​នេះ​គឺ Apple ទុក​សម្រាប់​ប្ដូរ​ឲ្យ​អតិថិជន នៅ​ពេល​អតិថិជន​​ជួប​បញ្ហា​លើ​​ iPhone ​ហើយ iPhone នោះ​មិន​អាច​ជួសជុល​បាន។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ Apple បាន​ប្រាប់​ដល់​បុគ្គលិក​ផ្នែក​បច្ចេកទេស​ថា​ពួក​គេ​អាច​ផ្ញើ​ iPhone សម្រាប់​ប្ដូរ​ ទៅ​ដល់​អតិថិជន​ និង​អាច​ផ្ដល់​​ឧបករណ៍​សម្រាប់​អតិថិជន​​ខ្ចី​ប្រើ​ប្រាស់​​ជា​បណ្ដោះ​អាសន្ន​បាន៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង