សម្លឹងមើលទូរសព្ទទីងងឹតអាចឈឺភ្នែក គួរធ្វើយ៉ាងណា?
- 2020-03-10 09:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លឹងមើលទូរសព្ទទីងងឹតអាចឈឺភ្នែក គួរធ្វើយ៉ាងណា?
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ Smartphone និង Tablet ភាគច្រើនពិតជាមិនចង់ឃ្លាតឆ្ងាយពីឧបករណ៍សំណព្វចិត្តទាំងនេះនោះទេ។ មិនថាទៅកន្លែងណា នៅទីងងឹត ឬភ្លឺ ពួកគេតែងតែយកឧបករណ៍ទាំងនោះដាក់ជាប់ខ្លួនជានិច្ច។ ប៉ុន្តែការសម្លឹងមើលឧបករណ៍ទាំងនេះនៅទីកន្លែងងងឹត គឺអាចធ្វើឲ្យយើងឈឺភ្នែក ដូច្នេះខាងក្រោមនេះគឺជាគន្លឹះមួយចំនួនអាចជួយការពារការឈឺភ្នែកបានមួយភាគធំ៖
កាត់បន្ថយពន្លឺនៅលើអេក្រង់ (Brightness)
វិធីដ៏ល្អមួយគឺបន្ថយពន្លឺនៅលើអេក្រង់ (Brightness) Smartphone និង Tablet។ នៅលើ Smartphone គឺមានកម្មវិធីស្រាប់សម្រាប់កំណត់នូវកម្រិតពន្លឺ ដូច្នេះអ្នកប្រើប្រាស់គួរបន្ថយពន្លឺកុំឲ្យភ្លឺខ្លាំងពេកដែលជាហេតុធ្វើឲ្យមានអាការៈឈឺភ្នែកបាន។ នៅលើទូរសព្ទ Smartphone ឬ Tablet ភាគច្រើនគឺគ្រាន់តែអូសផ្នែកខាងលើនៃអេក្រង់នឹងឃើញកន្លែងកំណត់ Brightness។ ឬចូលទៅកំណត់នៅកន្លែង Setting > Display > Brightness។
ឆ្លៀតពេលសម្រាកការមើល
ក្រៅពីបន្ថយពន្លឺអេក្រង់អ្នកគួរឆ្លៀតពេលសម្រាក កុំព្យាយាមសម្លឹងផ្ដោតទៅលើអេក្រង់ហ្នឹងយូរពេក ឬអាចប្រើវិធីសាស្រ្ត២០ - ២០ - ២០ (សម្រាកភ្នែក ២០ វិនាទី បន្ទាប់ពីសម្លឹង ២០ នាទី និងមើលអ្វីៗនៅជុំវិញខ្លួនក្នុងរយៈចម្ងាយ ២០ វិនាទី)។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីជួយការពារការឈឺភ្នែកបាន។ ជាមួយគ្នានោះដែរ ចំណុចគួរអនុវត្តមួយទៀតនោះគឺត្រូវឧស្សាហ៍ព្រិចភ្នែកព្រោះវាធ្វើឲ្យភ្នែករបស់យើងមានសំណើម មិនធ្វើឲ្យភ្នែកស្ងួត ក្ដៅ និងឈឺ។
អេក្រង់ការពារពន្លឺ
ក្រៅពីចំណុចគួរអនុវត្តខាងលើនេះ យើងគួរតែប្រើអេក្រង់ការពារពន្លឺ ( Anti-glare screen protector) ព្រោះឧបករណ៍នេះអាចជួយកាត់បន្ថយពន្លឺជះខ្លាំង និងការពារការក្រហាយភ្នែកដែលបង្កដោយពន្លឺ ដែលចេញពីអេក្រង់បានមួយផ្នែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយការពារអេក្រង់ពីបែកបាក់បានថែមទៀតផង។
រក្សាចម្ងាយពីភ្នែក និង Smartphone ខណៈប្រើប្រាស់
ការកាន់ទូរសព្ទនៅជិតនឹងភ្នែកពេកខណៈកំពុងប្រើប្រាស់មានន័យថា អ្នកកំពុងដាក់សម្ពាធបន្ថែមកាន់តែធ្ងន់។ ជាធម្មតាមនុស្សភាគច្រើនគឺកាន់ទូរសព្ទរបស់ពួកគេចម្ងាយប្រហែលជា២០ ស.ម ពីភ្នែកខណៈពេលប្រើប្រាស់ តែអ្នកជំនាញបានបង្ហាញថា ចម្ងាយដែលស័ក្ដិសមនោះគឺចន្លោះពី ៤០,៦០ ស.ម ទៅ ៤៥,៧០ ស.ម។
ប្រើកម្មវិធីជំនួយ
ប្រសិនអ្នកបានបន្ថយពន្លឺអេក្រង់ដល់កម្រិតសូន្យហើយ តែវានៅតែមានពន្លឺខ្លាំងសម្រាប់អ្នក ហើយអ្នកចង់បានពន្លឺទាបជាងនេះ គឺអ្នកត្រូវតែដំឡើងកម្មវិធីជំនួយ ព្រោះវាអាចជួយបន្ថយពន្លឺអេក្រង់បន្ថែមទៀតបាន។ ទាញយកកម្មវិធីជំនួយខាងក្រោមនេះ (សម្រាប់ Android ៖ EyePro-Blue Light Filter ឬ Twilight សម្រាប់ iOS ( Jailbreak) ទាញយកកម្មវិធី f.lux រួចដំឡើងវាលើ iPhone ឬ iPad)៕
ប្រភព៖ howtogeek ប្រែសម្រួល៖ សំនៀង