ខ្សែក្រវាត់​ប្រាក់​ទី២​ បាន​លើ​ អេ​ ណារ័ត្ន​ ខណៈ​ការ​ប្រកួត​ចាញ់​ឈ្នះ​មិន​ដាច់​ស្រឡះ​

  • 2020-03-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទី២​ លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​របស់​សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២​ មីនា​ ២០២០​ បាន​ទៅ​លើ​កីឡាករ​ អេ​ ណារ័ត្ន​ ស្រប​ពេល​អ្នក​ទាំង​ពីរ​ប្រកួត​ចាញ់​ឈ្នះ​ដោយ​មិន​ស្រឡះ​ព្រោះ​គិត​ថា​វ៉ៃ​ខុស​លក្ខន្តិកៈ។​

រូបភាពផ្ដល់ជូន

អ្នក​និយម​តាមដាន​គុន​ខ្មែរ​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​អំពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទី២​ របស់​ PNN​ គឺ​បាន​លើ​កូន​សិស្ស​លោក​ អេ ភូថង​ អេ​ ណារ័ត្ន។​ ការ​ប្រកួត​រវាង​ ពេជ្រ ​ម្ទេសខ្មាំង​ និង​ អេ​ ណារ័ត្ន​ នេះ​គឺ​ជក់ចិត្ត​គួរសម​ ដោយ​សារ​តែ​មាន​សង​ទៅ​សង​មក​មិន​ឲ្យ​ចាញ់​គ្នា​ឡើយ។​

រូបភាពផ្ដល់ជូន

យ៉ាង​ណា​មិញ​គេ​មើល​ឃើញ​ថា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៧​ ពេជ្រ ​ម្ទេសខ្មាំង​ ហាក់​អស់​ស៊ុហ្វ​ខ្លាំង​ និង​ដួល​ជា​ច្រើន​ដង​សម្រាប់​ការ​ប្រកួត​តាំង​ពី​ទឹក​ទី១​មក​ដល់​ទឹក៣។​ ប៉ុន្តែ​អាច​ថា​រឿង​មិន​អស់​ចិត្ត​សម្រាប់ ​ម្ទេសខ្មាំង​ នោះ​គឺ​ខណៈ​ពេល​សល់​១នាទី​ចុង​ទឹក​៣​ រូប​គេ​បែប​ខ្នង​ទៅ​ហើយ​ អេ​ ណារ័ត្ន​ ទប់​កែង​មិន​ជាប់​ ឬ​មាន​ចេតនា​វ៉ៃ​ពី​ក្រោយ​ទៀត​ ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ក៏​ត្រូវ​បញ្ចប់​ត្រឹម​នេះ។​ តាម​ការ​វីដេអូយឺតៗឡើងវិញការ​វ៉ៃកែងរបស់ អេ ណារ័ត្ន នោះ​ដូច​ជា​មិន​ត្រូវ​នោះ​ទេ ខណៈ​អ្នក​ទស្សនា​មួយចំនួន​ថា​ ម្ទេសខ្មាំង​ ចង់​ស៊ីឡាក។​ ចំណែក​ប្រធាន​គណៈវិនិច្ឆ័យ​ និង​ចៅក្រម​សម្រេច​ឲ្យ​កីឡាករ​ អេ​ ណារ័ត្ន​ ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នោះ​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា ​ខ្សែក្រវាត់​ប្រាក់​លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ទី១​ របស់សង្វៀន PNN បាន​លើ​កីឡាករ​ អេលីត​ ចំរើន​ និង​លើក​ទី២​ នេះ​បាន​លើ​កីឡាករ​ អេ​ ណារ័ត្ន។​ ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់ទី៣​ នោះ​នៅ​មិន​ទាន់​ថា​ត្រូវ​បន្ត​ការ​ប្រកួត​នៅ​ពេល​ណា​នោះ​ទេ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​ COVID-19៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​