iPhone 12 អាចនឹងមានជោគវាសនាដូច iPhone X

  • 2020-03-26 01:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ Nikkei បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​ពិចារណា​ក្នុង​ការ​ចេញ​លក់​ iPhone ជំនាន់​ថ្មី ដែល​​​បច្ចុប្បន្ន​នេះ​គេ​​នាំ​គ្នា​ហៅ​វា​ថា​ iPhone 12 ជា​អ្នក​ស្នង​តំណែង iPhone 11។

ស្ថានភាព​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ បាន​នាំ​ឲ្យ Apple បើក​កិច្ច​ពិភាក្សា​ថា​គួរ​តែ​ពន្យារពេល​ចេញ​លក់ iPhone ថ្មី​រយៈពេល​ប៉ុន្មាន​ខែ​ឬ​យ៉ាង​ណា។ បន្ថែម​ពី​លើ​​បញ្ហា​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ Apple ក៏​បាន​មាន​ការ​ព្រួយ​បារម្ភ​ថា​តម្រូវ​ការ​សម្រាប់ iPhone ថ្មី​នឹង​មិន​មាន​ខ្លាំង​ក្លា​ ដោយ​សារ​កូវីដ​១៩​បាន​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​អតិថិជន។

ចចាមអារ៉ាម​កន្លង​មក​និយាយ​ថា នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន iPhone ថ្មី​ចំនួន ៤ ម៉ូដែល​ត្រូវ​ប្រកាស​ចេញ។ គេ​ជឿជាក់​ថា Apple កំពុង​ត្រៀម iPhone ថ្មី​ដែល​មាន​មួយ​ប្រើ​អេក្រង់​ទំហំ ៥,៤ អ៊ីញ មាន​ពីរ​ប្រភេទ​ប្រើ​អេក្រង់ ៦,១ អ៊ីញ និង​មួយ​ទៀត​អេក្រង់ ៦,៧ អ៊ីញ។ iPhone ថ្មី​ទាំង​បួន​អាច​មាន​បំពាក់​អេក្រង់​ OLED និង​អាច​ទ្រាំទ្រ​សេវា​ 5G។

​ការ​គួប​ផ្សំ​គ្នា​នូវ​បញ្ហា​នៃ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ រួម​ទាំង​តម្រូវ​ការ​ខ្សោយ​ អាច​ឲ្យ​ Apple ​លើក​ពេល​ចេញ​លក់​រហូត​ដល់​រាប់​ខែ។ ការ​ធ្វើ​ការ​លើ​ផលិតផល​គំរូ​របស់ Apple ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​​ទាក់ទង​នឹង​កូវីដ​១៩​ ដោយ​សារ Apple មិន​អាច​បញ្ជូន​បុគ្គលិក​ទៅ​ប្រទេស​ចិន​ដើម្បី​សហការ​ជា​មួយ​រោងចក្រ​បាន។

គួរ​ដឹង​ថា​កន្លង​មក​ធ្លាប់​មាន​ការ​ពន្យារ​ពេល​ការ​​ចេញ​លក់​បែប​នេះ​ដែរ ទោះ​បី​ជា​ iPhone ថ្មី​បាន​ប្រកាស​ចេញ​នា​ខែ​កញ្ញា​រួច​ហើយ​ក្ដី​។ ជាក់​ស្ដែង​ដូច​ជា​​ iPhone X ចេញ​លក់​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ចំណែក iPhone XR ចេញ​លក់​នៅ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​តុលា ឆ្នាំ ២០១៨។

ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​និយាយ​ដែរ​ថា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​មុន​ខែ​ឧសភា។ ក្នុង​សេនារីយោ​ដែល​អាក្រក់​បំផុត​នោះ​ ការ​បញ្ចេញ​លក់ iPhone 5G អាច​នឹង​លើក​ដល់​ឆ្នាំ ២០២១៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង