Huawei ចូលរួមប្រយុទ្ធប្រឆាំង COVID-19 ទាំងនៅប្រទេសចិន និងកម្ពុជា

  • 2020-03-26 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី ​៣ ខែកុម្ភៈ មន្ទីរពេទ្យ Huo Shen Shan បាន​បើក​ទទួលអ្នក​ជំងឺ​ជាផ្លូវការ។ នេះ​ជា​មន្ទីរពេទ្យ​នៅទី​ក្រុងអ៊ូហាន ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​ចំនួន ៣៣ ៩០០ម៉ែត្រការ៉េ ហើយ​ត្រូវ​បាន​កសាង​ឡើង​ដំបូង​ក្នុង​គោល​បំណង​ព្យាបាល​ដល់​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ។

ក្នុង​នេះ​ដែរ ក្រុមហ៊ុន Huawei ក៏​បាន​សហការ​ជាមួយ​ប្រតិបតិ្តករ​ដោយ​ប្រើ​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ផ្ដល់​សេវា​បណ្ដាញ​អ៊ីនធឺណិត​ឥត​ខ្សែ 5G និង​បង្កើត​បណ្ដាញ​សម្រាប់​ទំនាក់ទំនង​ជាមួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​សម្រាប់​មន្ទីរពេទ្យ Huo Shen Shan។ ដើម្បី​បំពេញ​តម្រូវការ​នៅ​ក្នុង​មន្ទីរពេទ្យ និង​តម្រូវ​ការ​ផ្នែក​វេជ្ជសាស្ត្រ​នានា រួមមាន​ការ​ធានា​នូវ​ប្រតិបត្តិការ​របស់​វេជ្ជបណ្ឌិត ដំណើរ​ការ​របស់​ឧបករណ៍ ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ឱ្យ​ដំណើរ​ការ​បាន​ដោយ​រលូន គេ​បាន​ដាក់​ពង្រាយ​បណ្តាញ​គ្រប​ដណ្តប់​ឥតខ្សែ Wi-Fi 6 នៅ​ក្នុង​មន្ទីរពេទ្យ​ផងដែរ។

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ដល់​អ្នក​ជំងឺ​ពី​ចម្ងាយ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​គ្រូពេទ្យ​ជំនាញ​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន ក្រុមហ៊ុន Huawei បាន​ប្រើ​សន្និសីទ​វីដេអូ Cloudlink ក្នុង​ការ​បង្កើត “កម្មវិធី​ពិគ្រោះ​យោបល់​ពី​ចម្ងាយ ឬ Remote consultation platform ” ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ជំនាញ​នៅ​បណ្ដា​ទីក្រុង​មួយ​ចំនួន​ដូចជា ទីក្រុង​ប៉េកាំង (មន្ទីរពេទ្យ Beijing Ditan Hospital) ទីក្រុង ក្វាងចូវ (មន្ទីរពេទ្យ​ដែល​មាន​សាខា​នៅ​សាកល​វិទ្យាល័យ​ក្វាងចូវ Sun Yat-sen) និង​ទីក្រុង​ផ្សេងៗ​ទៀត។

ក្រុមហ៊ុន Huawei បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ AI ដើម្បី​ជួយ​ពន្លឿន​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​មន្ទីរពេទ្យ និង​ប្រតិបត្តិការ​របស់​វេជ្ជបណ្ឌិត​ឱ្យ​កាន់​តែ​ឆាប់​រហ័ស​ជាង​មុន។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រើ​ទិន្នន័យ​ធំ Big Data និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI មិន​ត្រឹម​តែ​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​រក​ឃើញ​អ្នក​ជំងឺ​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​មុន​នោះ​ទេ។ វា​ក៏​អាច​ជួយ​ធ្វើ​ឱ្យ​ចំណេញ​ពេលវេលា​ក្នុង​ការពិនិត្យ និងតាមដានអ្នកជម្ងឹក្នុងរយៈពេលមួយ​ដ៏​រហ័សបំផុត។

មួយវិញទៀត មុខងារ​ស្កេន​ពី​អ្នក​ជំងឺ​ CT Film អាច​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ពី​ស្កេន​អ្នក​ជំងឺ​ម្នាក់ៗ ពី​ការ​ប្រើប្រាស់​រយៈពេល ២ម៉ោង មក​នៅ​ត្រឹម​តែ​រយៈពេល​មិន​ដល់​កន្លះ​នាទី​តែប៉ុណ្ណោះ។ រហូត​មកដល់ពេលនេះ ដំណោះ​ស្រាយ​ខាង​លើត្រូវ​បាន​ដាក់​ឱ្យ​អនុវត្តន៍​នៅ​ច្រើន​ជាង ២០ទីក្រុង ក្នុង​ប្រមាណ​ជាង ២០០មន្ទីរពេទ្យ រួច​មកហើយ។

លោក Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា ៖ “ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស និង​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដោយ​បាន​ចូលរួម​ចំណែក​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ"។ គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សន្និសីទ​វីដេអូ​របស់​ក្រុមហ៊ុន Huawei ក្រុម​ជំនួយ​វេជ្ជសាស្ត្រ​ចិន​នៅ​កម្ពុជា និង​គណៈ​កម្មការ​សុខាភិបាល​ក្វាងស៊ី​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​រោគ​រាតត្បាត​នេះ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​ស្ថានភាព​ដែល​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នៅ​លើ​សកលលោក​នា​ពេល​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ទំនើប​បាន​ក្លាយ​ជា​ជម្រើស​ដំបូង​បង្អស់ ដែល​ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិនក៏ដូចជាបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក ក្នុងការ​បង្កើន​ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ​ជំងឺ​រលាក​សួតប្រភេទថ្មីនេះ។

លោក​បាន​បន្ថែម​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ស្ថាន​ភាព​ជំងឺ​រលាក​សួតថ្មីកូវីដ១៩ កំពុង​មាន​ការវិវឌ្ឍន៍​ឥត​ឈប់ឈរ ក្នុង​នាម​ក្រុមហ៊ុន Huawei ជា​សហគ្រាស​មួយ​ដែលមានទំនួលខុសត្រូវបម្រើដល់ប្រជាពលរដ្ឋជានិច្ចជាកាល តែងតែប្រកាន់ខ្ជាប់នូវស្មារតី «នៅកម្ពុជា ដើម្បីកម្ពុជា»។ ដូចនេះ ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី បានបរិច្ចាគ​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink ចំនួន ៣ឈុត ដើម្បី​ជា​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ តាម​រយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ទំនើប​ចុង​ក្រោយបង្អស់។"

ឧបករណ៍​សម្ភារៈ​សន្និសីទ​វីដេអូ​ទាំង​អស់​នេះ​នឹង​ត្រូវ​បាន​ដាក់​ដំឡើង​នៅ​ក្រសួង​សុខាភិបាល​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត និង​មណ្ឌល​សុខភាព​ចាក់​អង្រែ។ ម្យ៉ាង​វិញ​ទៀត ឧបករណ៍​ទាំង​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អន្តរ​ទំនាក់ទំនង​រវាង​ក្រសួងសុខាភិបាល និង​មណ្ឌល​សុខភាព​ខេត្ត ក៏​ដូច​ជា​មន្ទីរពេទ្យ​ទូទាំង ២៥ ខេត្ត​ក្រុង រួមមាន​ការ​តាម​ដាន​នូវ​ករណី​នៃ​ជំងឺ ការ​ពិគ្រោះ​យោបល់​ពី​ចម្ងាយ​ដោយ​ពេល​វេលា​ជាក់​ស្តែង ឬ Real-time ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ជួយ​សន្សំសំចៃ​ពេល​វេលា​ក្នុង​ការ​ការពារ និង​គ្រប់គ្រង​ការ​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តទៀតថា ៖ "មិន​ខុស​ពី​អ្នក​ទាំង​អស់​គ្នា​ដែល​មាន​វត្តមាន​នៅ​ទី​នេះ ក្រុមហ៊ុន Huawei ក៏​ដូច​ជា​សហគ្រាស​ដទៃ​ជា​ច្រើន​ទៀត ដែល​កំពុង​ខិតខំ​ពុះពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ពិត​ជា​ស្រឡាញ់​ទឹក​ដី​កម្ពុជា​យ៉ាង​ក្រៃលែង។ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យើង​នឹង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ខិតខំ​កសាង​សមិទ្ធផល​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​សេចក្ដី​សុខ​សុភមង្គល​របស់​ប្រជាពលរដ្ឋ។ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ពួក​យើង​ទាំងអស់​គ្នា​កំពុង​ខិតខំ​តស៊ូ​នៅ​ក្នុង​ឧស្សាហកម្ម​រៀងៗខ្លួន ក្នុង​ការ​ចូលរួម​ចំណែក​ដើម្បី​ចំណង​មិត្តភាពចិន-កម្ពុជា។"

ដូចនេះ​ក្រុមហ៊ុន Huawei ដែល​កំពុង​ឈាន​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា 5G និង​ឧស្សាហកម្ម​ឌីជីថល នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យាទំនើប 5G, CloudLink, AI និង Cloud ដើម្បី​ឧបត្ថម្ភ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្នុងការចូលរួមជួយបង្ការ និងទប់ស្កាត់​ការរីករាលដាលនៃ​ជំងឺ​រលាកសួតប្រភេទថ្មីនេះ៕