ប្រព័ន្ធ AI កំពុងស្វែងរកគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជា

  • 2020-03-26 09:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវ​ជ្រាវ​កំពុង​តែ​ប្រើ​ប្រាស់​​ប្រព័ន្ធ​បច្ចេកវិទ្យា AI ដើម្បី​​ស្កេន​​រូបភាព​ថត​ដោយ​​ផ្កាយ​រណប សម្រាប់​ស្វែង​រក​​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ ដែល​ទម្លាក់​នៅ​កម្ពុជា​អំឡុង​សង្គ្រាម​វៀតណាម។

ប្រព័ន្ធ​នេះ​គឺ​ប្រើ​ប្រាស់​រូប​រូបមន្ត​សម្គាល់​វត្ថុ ដែល​អាច​ដឹង​អំពី​ទ្រង់ទ្រាយ​ពិសេស​នៃ​រណ្ដៅ​គ្រាប់​បែក រួម​​មាន​ទម្រង់ ពណ៌ និង​ទំហំ​របស់​វា។ ​បន្ទាប់​មក​រូបមន្ត​នេះ​​ធ្វើ​ការ​ស្កេន​លើ​រូបភាព​ដែល​ថត​ដោយ​ផ្កាយ​រណប​ ដើម្បី​រក​សញ្ញា​នៃ​រណ្ដៅ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Ohio State University បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ ជា​លើក​ដំបូង​ក្នុង​ការ​ស្វែង​រក​នូវ​​រណ្ដៅ​​គ្រាប់​បែក​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ព្រៃវែង ជា​តំបន់​ដែល​មាន​ការ​ទម្លាក់​គ្រាប់​បែក​ច្រើន​ជាង​គេ​ ហើយ​វា​មាន​ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម។ តាម​រយៈ​ប្រព័ន្ធ​នេះ​គេ​អាច​ប៉ាន់​ស្មាន​ថា ៤៤% ទៅ ៥០% ​គ្រាប់​បែក​នៅ​ភូមិ​នេះ ជា​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ។

​​​​​​​Erin Lin ដែល​ជា​ជំនួយ​ការ​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Ohio State University ដែល​ដឹក​នាំ​គម្រោង​ការ​សិក្សា​នេះ​បាន​ប្រាប់​ថា ៖ "ការ​​ដោះ​គ្រាប់​គឺ​ចំណាយ​លុយ និង​ពេល​វេលា​ច្រើន ប៉ុន្តែ​ប្រព័ន្ធ​របស់​យើង​អាច​ជួយ​វិភាគ​ដឹង​​តំបន់​ដែល​រងគ្រោះ​ខ្លាំង​គេ​ដែល​គួរ​តែ​ដោះ​គ្រាប់​បែក​មុន៕​”​

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង