បន្ទះឈីបលើ iPad Pro 2020 តាមពិតជាឈីបចាស់ គ្រាន់តែកែកុនបន្តិចនិងប្ដូរឈ្មោះ

  • 2020-03-27 02:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ធ្វើ​តេស្ត​ម៉ាស៊ីន​នៃ iPad Pro ស៊េរី​ថ្មី​​បាន​បង្ហាញ​ថា​កម្លាំង​របស់​វា​គឺ​ល្អ​ប្រសើរ​ជាង iPad Pro ស៊េរី​ឆ្នាំ ២០១៨ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ iPad Pro ឆ្នាំ ២០២០ មាន​បំពាក់​បន្ទះ​ឈីប​ថ្មី​ឈ្មោះ A12Z Bionic ប៉ុន្តែ​ការ​សន្និដ្ឋាន​ដំបូង​ពី Notebook Check បាន​ឲ្យ​ដឹង​ថា​ឈីប​​​ស៊េរី​ថ្មី​នេះ មាន​រូបរាង​ខុស​ពី​ឈីប A12X លើ iPad Pro ឆ្នាំ ២០១៨ តិច​តួច​បំផុត។

ការ​ចុះ​ផ្សាយ​របស់ Apple សម្រាប់ iPad Pro ស៊េរី​ថ្មី ​និយាយ​ថា​ការ​ផ្លាស់​ប្ដូរ​ថ្មី​មួយ​​ក្នុង​ចំណោម​ការ​ផ្លាស់​ប្ដូរ​ជា​មួយ A12Z Bionic គឺ​​ការ​បន្ថែម​នូវ​គ្រាប់ GPU ទី​​៨ ដែល​មាន​ន័យ​ថា​វា​មាន GPU ៨គ្រាប់។ យ៉ាងណាក្ដី Notebook Check អះអាង​ថា​ A12X Bionic ចេញ​ឆ្នាំ ២០១៨ តាម​ពិត​គឺ​មាន GPU ៨គ្រាប់ ប៉ុន្តែ​មាន GPU មួយ​គ្រាប់​បាន​បិទ​​​មិន​ឲ្យ​មាន​ដំណើរ​ការ។ នេះ​មាន​ន័យ​ថា Apple គ្រាន់​តែ​បើក​ GPU មួយ​គ្រាប់​នោះ​ឲ្យ​ដំណើរ​ការ ហើយ​ធ្វើ​ការ​កែ​ឈ្មោះ​បន្តិច​ ដើម្បី​ផ្សព្វផ្សាយ​ថា​ជា​របស់​ថ្មី។

ការ​ចុះ​ផ្សាយ​របស់ Notebook Check មាន​ការ​បញ្ជាក់​ពី​ក្រុម​ការងារ​ជំនាញ​គ្រឿង​បន្ទះ​ឈីប​ឈ្មោះ TechInsights ដែល​គេ​បញ្ជាក់​ថា​​ឈីប A12X Bionic ពិត​ជា​មាន​ GPU ៨ គ្រាប់​មែន។ សម្រាប់​ឈីប A12Z Bionic វិញ​ ក្រុម​ការងារ TechInsights គ្រោង​ធ្វើ​ការ​វិភាគ​លម្អិត​បន្ត​ទៀត ដើម្បី​បញ្ជាក់​ថា​វា​ខុស​ពី A12X Bionic យ៉ាង​ណា​ខ្លះ។

បើ​តាម Notebook Check បាន​លើក​ឡើង​ហេតុផល​មួយ​ដែល​ Apple មិន​បង្កើត​ឈីប​ថ្មី​​សម្រាប់ iPad Pro ស៊េរី​ថ្មី នោះ​គឺ​​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ​អាច​នឹង​មាន iPad Pro ​ថ្មី​បន្ថែម​ទៀត​ដែល​អាច​នឹង​បំពាក់​ឈីប​ A14X តែ​ម្ដង៕​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង