ចិន នឹងផលិតឡានអត់ប្រើសាំង ឌីស្សាញកាត់តាម Rolls-Royce ឆាប់ៗ

  • 2020-03-31 03:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជំងឺកូវីដ១៩ បានវាយប្រហារប្រទេសចិនអស់រយៈពេលជាង ៣ខែរួចមក ប្រទេសនេះហាក់បានឃើញភាពធូរស្រាលបន្តិចវិញហើយ។ ដោយសារតែមូលហេតុនេះ ទើបក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក Hongqi នឹងចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ដែលមានការឌីហ្សាញកាត់តាម Rolls-Royce នៅក្នុងឆ្នាំនេះតែម្តង។

ថ្វីបើមិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ ប៉ុន្តែក្រុមហ៊ុន Hongqi នឹងផលិតរថយន្ត SUV អត់ប្រើសាំង ម៉ូដែល E115 របស់ខ្លួនចំនួន ៥១ ៥០០គ្រឿងក្នុងរយៈពេល ៦ខែដំបូង។

គួរឲ្យដឹងថា រថយន្ត Hongqi E115 បានបង្ហាញខ្លួនដំបូង នៅក្នុងកម្មវិធី Guangzhou Auto Show កាលពីឆ្នាំមុន បន្ទាប់មកក៏បង្ហាញខ្លួននៅកម្មវិធី Frankfurt Auto Show ទៀត។

រថយន្តតួខ្ពស់នេះមានប្រវែង ៥,១ម៉ែត្រ ទទឹង ១,៧ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣,២ម៉ែត្រ។ វាបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៥១៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី។ មិនតែប៉ុណ្ណោះ វាបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩២,៤គីឡូវ៉ាត់ម៉ោង ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី